អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា មានគម្រោងបញ្ចេញខ្សែការពារស្លាបឆ្វេង Emerson Palmieri នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ ខណៈក្លិបសេះបង្កង់ Juventus និង Inter Milan ជាក្លិបដែលមានចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការចុះផ្សាយរបស់កាសែត The Sun អ្នកចាត់ការទូទៅក្រុម Chelsea លោក Frank Lampard បានកំណត់គោលដៅទៅលើបេក្ខភាព ដែលអាចមកជំនួស Emerson រួចរាល់ហើយ ពោលគឺម្ចាស់អាវលេខ៣របស់ក្រុម Leicester City កីឡាករ Ben Chilwell។
ប្រភពខាងលើបានបន្ថែមទៀតថា Chelsea នឹងប្រើប្រាស់ថវិការដែលបានមកពីការលក់ Emerson ទៅផ្ទេរយក Chilwell ដែលមានតម្លៃខ្លួនខ្ទង់៥០លានផោន (ឬប្រហែល ៦០លានដុល្លារ)។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី Calciomercato ក្លិបនៅភាគលិចខាងទីក្រុងឡុងដ៍ គ្រោងបើកដៃឲ្យ Juventus និង Inter ចូលចែចូវយកខ្សែការពារស្លាបឆ្វេង ក្នុងតម្លៃ៤០លានអឺរ៉ូ។
គួរឲ្យដឹងដែរថា Emerson បានផ្លាស់ពីក្រុម Roma មកចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ២០លានអឺរ៉ូ។ ដោយឡែក គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិប ដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិរុស្ស៊ី បាន៥២ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕

ប្រភព៖ caughtoffside