មានជំងឺក្រពះមួយចំនួន ពិសេសការធ្លាយក្រពះ ពាក់ព័ន្ធទៅនឹងការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ពិសេសថ្នាំថ្លោះគ្រេច ឈឺសន្លាក់។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ការធ្លាយក្រពះមានសឹងតែ៩០% ដោយសារការផ្សំថ្នាំលេបនៅតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជា ពិសេសថ្នាំសរសៃ បំបាត់ថ្លោះគ្រេច ឈឺសន្លាក់ផ្សេងៗទៀត។
“នៅតាមឱសថស្ថានខ្លះមានលក់ថ្នាំឲ្យអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា ម្យ៉ាងទៀតអ្នកជំងឺច្រើនតែទៅផ្សំថ្នាំនៅឱសថស្ថាន នៅពេលថ្លោះគ្រេច។ ជួនកាលអ្នកលក់ថ្នាំហ្នឹង គាត់ឲ្យថ្នាំបំបាត់ការឈឺចាប់ ដែលថ្នាំហ្នឹងមានឥទ្ធិពលអាក្រក់ទៅលើក្រពះ ដែលគាត់មិនមែនជាពេទ្យ គាត់មិនអាចដឹង ជួនកាលជំងឺហ្នឹងមិនត្រូវការថ្នាំហ្នឹងផង គាត់ឲ្យលេបទៅអាចប៉ះពាល់ដល់ក្រពះ”។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលរូបនេះថាអ្នកដែលធ្លាយក្រពះភាគច្រើន គឺមានជំងឺដំបៅក្រពះរួចហើយ តែមិនដឹងគ្រាន់តែឆ្អល់ៗ ហើយញ៉ាំថ្នាំក៏ធូរស្រាល ស្របពេលមួយអ្នកជំងឺនោះឈឺចង្កេះ ឈឺជង្គង់ ក៏ទៅផ្សំថ្នាំលេប ដល់មានដំបៅក្រពះស្រាប់ក៏បណ្តាលឲ្យធ្លាយក្រពះ។
ក្នុងន័យនេះលោកសាស្ត្រាចារ្យបញ្ជាក់ថា មិនមែនមានន័យថាថ្នាំសន្លាក់មិនល្អ គ្មានប្រសិទ្ធភាព ឬឈឺសន្លាក់ មិនត្រូវទិញថ្នាំលេបនោះទេ គឺត្រូវតែទិញ តែមិនត្រូវទៅផ្សំថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើវា ចៀសវាងប្រើទៅមានបញ្ហាសុខភាពទៅវិញ។
“ថ្នាំសន្លាក់មានប្រសិទ្ធភាពខ្ពស់ ប្រើបាន តែត្រូវឲ្យគ្រូពេទ្យវិនិច្ឆ័យ ឬចេញវេជ្ជបញ្ជា តើដំណាក់កាលឈឺ ត្រូវប្រើថ្នាំហ្នឹងអត់ ហើយបើសិនជាត្រូវប្រើ គ្រូពេទ្យគេដឹងថា អ្នកហ្នឹងមានជំងឺក្រពះ គេឲ្យថ្នាំមួយទៀតដើម្បីការពារអមទៅជាមួយ ពេទ្យគេមានក្បួនគេ មិនមែនមានន័យថា ថ្នាំហ្នឹងអាក្រក់ទេ”។
ហេតុអីប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះ? ចម្លើយ គឺថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចឲ្យអាស៊ីដក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត អាចធ្វើឲ្យហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet