សាលាចំនួន៨នៅបារាំង ទើបតែបើកបានប៉ុន្មានថ្ងៃសោះ ស្រាប់តែរកឃើញសិស្សឆ្លងកូវីដ-១៩ ហើយក៏បង្ខំចិត្តបិទទៅវិញភ្លាមៗ

//s5.kh1.co/0e/0e54bef0b5e9fb6f72dd703f3587a26a3e362a52.jpg
សង្គម

 ១៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សាលារដ្ឋចំនួន៧ និងសាលាឯកជនចំនួន១ ដែលមានមូលដ្ឋានក្នុងទីក្រុង Roubaix បានបង្ខំចិត្ដបិទទ្វារវិញភ្លាមៗ កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីកូនសិស្សម្នាក់ធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩

បារាំង៖ សាលារដ្ឋចំនួន និងសាលាឯកជនចំនួន ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Roubaix ភាគខាងជើងប្រទេសបារាំង និងមានព្រំប្រទល់ជាប់ប្រទេសប៊ែលហ្សុិក ត្រូវបានបង្ខំចិត្តបិទទ្វារទៅវិញភ្លាមៗ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោយពីមានសិស្សម្នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា សាលារៀនទាំងខាងលើ ត្រូវផ្អាកបណ្ដោះអាសន្នជាលើកទីពីរ ដោយក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ថា តើកុមារដែលមានផ្ទុកជំងឺកូវីដ-១៩នោះ ធ្លាប់បានទាក់ទងជាមួយនរណាខ្លះ។

រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន
រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន

បើតាមសម្ដីរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jean-Michel Blanquer បានឲ្យដឹងដែរថា ចាប់តាំងពីបើកសាលាឲ្យដំណើរការឡើងវិញនៅសប្ដាហ៍មុន មកទល់នឹងពេលនេះ មានសិស្សសាលាទូទាំងប្រទេសបារាំងជាង៧០នាក់ហើយ ដែលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្ដែ លោកមិនបានផ្ដល់ព័ត៌មានលម្អិត និងបង្ហាញឈ្មោះសាលាណាមួយឡើយ។ ទោះជាយ៉ាងណាក្ដី សាលាទាំងនោះត្រូវបានគេសន្និដ្ឋានថា មានទីតាំងស្ថិតក្នុងតំបន់មួយចំនួនដូចជា Mayenne, Finistère, Cantal, Haute-Garonne, Indre-et-Loire, Hérault និង Nice

រដ្ឋមន្រី្ដក្រសួងអប់រំលោក Jean-Michel Blanquer
រដ្ឋមន្រី្ដក្រសួងអប់រំលោក Jean-Michel Blanquer

សូមជម្រាបថា ប្រទេសបារាំងបានជំរុញឲ្យសាលារដ្ឋទាំងអស់បើកដំណើរការឡើងវិញ ទោះបីជាមានការព្រួយបារម្ភពីសំណាក់ឪពុកម្ដាយរបស់សិស្សដ៏ដោយ។ ចំណែកសាលាមេតេយ្យ និងកន្លែងមើលថែក្មេងៗជាង៤០,០០០កន្លែងឯណោះវិញ ក៏ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញកាលពីសប្ដាហ៍មុនផងដែរ។

យ៉ាងណាមិញ បើទោះជាកុមារប្រមាណ ១.៤លាននាក់បានចូលរៀនវិញក៏ដោយ ក៏មានកុមារមួយចំនួនទៀតកំពុងបន្ដការសិក្សានៅផ្ទះនៅឡើយទេ៕

រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន
រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន
រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន
រូបតំណាងនៃសកម្មភាពសិស្សក្នុងថ្នាក់រៀន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T