លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ!

//s5.kh1.co/56/56a68f1edcaccd59f54d10bb578c11bb3c3e40af.jpg
នារី

 ១៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូន​កើត​មក​រាង​កាយ​រឹងមាំ ឬ​ទន់​ជ្រាយ មាន​បញ្ញា​ឆ្លាត ឬ​អត់ គឺ​អាស្រ័យ​លើ​របប​អាហារ​របស់​ម្តាយ​អំឡុង​ពពោះ​ដែរ។

កូន​កើត​មក​រាង​កាយ​រឹងមាំ ឬ​ទន់​ជ្រាយ មាន​បញ្ញា​ឆ្លាត ឬ​អត់ គឺ​អាស្រ័យ​លើ​របប​អាហារ​របស់​ម្តាយ​អំឡុង​ពពោះ​ដែរ។ អ៊ីចឹង​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ឬ​ពេល​ត្រៀម​លក្ខណៈ​យក​កូន ស្រី​ៗត្រូវបំប៉ន​អាហារ​អីខ្លះ​ទើប​រាងកាយ​កូន​រឹងមាំ ឯ​ខួរ​ក្បាល​ក៏​លូត​លាស់​បាន​ល្អ​នោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម

កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ ដែល​សម្បូរ​ជាង​គេ​នៅ​ក្នុង​ទឹកដោះ​គោ ផលិត​ផល​ធ្វើ​សណ្តែក​សៀង និង​បន្លែ​បៃតង។ ចំពោះ​អត្ថប្រយោជន៍​របស់​កាល់ស្យូម​វិញ គឺ​ជួយ​ឆ្អឹង​ម្តាយ-​កូន​រឹង​មាំ ធ្មេញ​កូន​ក៏​រឹងមាំ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​កាល់​ស្យូម​ក៏​មាន​នាទី​ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល សាច់ដុំ​បត់​បែន​បាន​ល្អ និង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ក្នុង​ការ​បញ្ជូន​សារ​ពី​ខួរក្បាល​ទៅ​រាង​កាយ។

២. អាហារ​សម្បូរ DHA

អត្ថ​ប្រយោជន៍​របស់ DHA ជួយ​ដល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​របស់​ម្តាយ​ក្រោយ​ពេល​សម្រាល​កូន។ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ជា​ប្រភព​ផ្តល់​នូវDHA ដែល​វា​សម្បូរ​នៅ​ក្នុង​ត្រី​សមុទ្រ ពិសេស​ត្រីសាលម៉ុន បង្គាធំៗ និង​ទឹកដោះ​ម្សៅ​សម្រាប់​ម្តាយ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា កូនក្នុងផ្ទៃ​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ គឺ​ចាប់​ពី​ត្រីមាស​ទី៣ ពេល​កើត និង​រហូត​ដល់​អាយុ ២ឆ្នាំ ដែល​​ចាំបាច់​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​គ្រប់​គ្រាន់ ទើប​ខួរ​ក្បាល​កូន​លូតលាស់​បាន​ល្អ កើត​មក​ឆ្លាត។

៣. អាស៊ីដហ្វូលិក

អាស៊ីដ​ហ្វូលិក​ជួយបង្កើត​កោសិកា​ឈាម​ក្រហម ការពារ​ភាព​ស្លេកស្លាំង អភិវឌ្ឍ​ខួរក្បាល-ខួរឆ្អឹង​ខ្នង​ទារក ជួយ​បង្ការ​ជំងឺ​បេះដូង​ពី​កំណើត​ជា​ដើម។ បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ​មាតា កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ឆ្អឹង​កង​ខ្នង​របើក អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល។ ម៉ាក់​អាច​បំពេញ​អាស៊ីដ​ហ្វូលិក​តាម​រយៈ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ម្សៅ ​វីតាមីន​ណា​ដែល​មាន​សារធាតុ​អាស៊ីដ​ហ្វូលិក ឬ​តាម​រយៈ​របប​អាហារ​ដែល​សម្បូរ​អាស៊ីដ​ហ្វូលិក រួមមាន​បន្លែ​បៃតង​ចាស់ គ្រាប់​សណ្តែក​គ្រប់​មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ស៊ុត ជាដើម។

បន្ថែម​ពី​លើ​របប​អាហារ​សំខាន់​ប៉ុន្មាន​មុខ​ខាងលើ​នេះ ម្តាយ​ក៏​ត្រូវ​បំប៉ន​នូវ​អាហារ​ផ្សេងៗ​ទៀត​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​ច្រើន ធ្វើ​លំហាត់​ប្រាណ​ខ្លះៗ កុំ​ធ្វើការ​ធ្ងន់​លើស​កម្លាំង និងត្រូវទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T