លើកមុនសោកស្ដាយ ដោយសារផ្កាយដុះកន្ទុយដែលអាចមើលឃើញ ដោយភ្នែកទទេ បានផ្ទុះជាបំណែក ប៉ុន្តែឥឡូវ វាចាប់ផ្ដើមភ្លឺឡើងវិញ

//s5.kh1.co/78/78990fca85b8a418f1dcc1434919c0450595c6f7.jpeg
បច្ចេកវិទ្យា

 ១១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះ ព័ត៌មានទាក់ទងនឹងផ្កាយដុះកន្ទុយមួយនេះ ចាប់ផ្ដើមកក្រើកសាជាថ្មី។

បរទេស៖ កាលពីប៉ុន្មានខែមុន ផ្កាយដុះកន្ទុយ C/2019 Y4 (ATLAS) បានបញ្ចេញពន្លឺកាន់តែភ្លឺទៅៗ។ បន្ទាប់មក គួរឲ្យសោកស្ដាយណាស់​ ដែលតេឡេទស្សន៍អវកាស Hubble អាចចាប់រូបភាពវាបាន ដែលមើលទៅវាកំពុងតែផ្ទុះបែកជាបំណែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមឆ្នាំនេះ ផ្កាយដុះកន្ទុយ ATLAS ត្រូវបានគេរំពឹងទុកថា វាអាចនឹងត្រូវបានគេមើលឃើញ ដោយភ្នែកទទេ ប៉ុន្តែវាមិនដូច្នោះទេ។ ឥឡូវនេះ ព័ត៌មានទាក់ទងនឹងផ្កាយដុះកន្ទុយមួយនេះ ចាប់ផ្ដើមកក្រើកសាជាថ្មី។

បំណែកផ្កាយដុះកន្ទុយ C/2019 Y4 ឬ ATLAS ដែលថតបានដោយតេឡេទស្សន៍អវកាស Hubble
បំណែកផ្កាយដុះកន្ទុយ C/2019 Y4 ឬ ATLAS ដែលថតបានដោយតេឡេទស្សន៍អវកាស Hubble

បើយោងតាមអ្នកជំនាញជើងចាស់ខាងផ្នែកសង្កេតមើលផ្កាយដុះកន្ទុយ គឺលោក Terry Lovejoy បានរាយការណ៍តាមបណ្ដាញសង្គម Twitter ថា កាលពីថ្ងៃទី៩ ខែឧសភា គាត់បានសង្កេតឃើញបំណែកផ្កាយដុះកន្ទុយនេះ ហើយវាបានចាប់ផ្ដើមបញ្ចេញពន្លឺឡើងវិញ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។

ទោះជាយ៉ាងណា ពន្លឺរបស់វាប្រហែលជាភ្លឺឡើង ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រុមតារាវិទូដឹងថា ផ្កាយដុះកន្ទុយគឺជាអង្គដែលពិបាកប៉ាន់ស្មាន ពីព្រោះហេតុការណ៍ផ្សេងៗអាចនឹងកើតមានចំពោះវា ដោយមិនអាចព្រាងទុក។ យ៉ាងណាក៏ដោយ បំណែកផ្កាយដុះកន្ទុយទាំងនេះ គឺមិនអាចសង្កេតតាមភ្នែកទទេបានទៀតទេ លុះត្រាណាតែមានតេឡេទស្សន៍ ពីព្រោះបំណែករបស់វាមិនអាចបញ្ចេញពន្លឺបានខ្លាំងដូចដើមនោះទេ។

ផ្កាយដុះកន្ទុយ ATLAS មុនផ្ទុះជាបំណែក
ផ្កាយដុះកន្ទុយ ATLAS មុនផ្ទុះជាបំណែក

ផ្កាយដុះកន្ទុយ C/2019 Y4 (ATLAS) ត្រូវបានគេប្រទះឃើញ បានផ្ទុះជាបំណែកនៅពាក់កណ្ដាលខែមេសា ហើយមុននេះ គេបានរំពឹងទុកថា វាអាចនឹងមើលឃើញដោយភ្នែកទទេ ចាប់ពីចុងខែមេសានេះតទៅ។ ប៉ុន្តែការផ្ទុះជាបំណែករបស់វា បានធ្វើឲ្យឱកាសល្អត្រូវខកខាន។ ពួកយើងនៅតែរង់ចាំមើលបន្ត អំពីព័ត៌មានរបស់ផ្កាយដុះកន្ទុយមួយនេះ បើទោះបីជាឱកាសមើលឃើញដោយភ្នែកទទេ គឺតិចតួចជាទីបំផុត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T