ការបន្តឹងច្បាប់ចរាចរណ៍នាដើមខែឧសភានេះ បានក្លាយជាប្រធានបទដែលពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់។ ហាក់ជាប្រធានបទក្តៅដែលគ្រប់គ្នាតាមដាន ដោយសារអ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍នឹងត្រូវរងពិន័យទឹកប្រាក់ពី ៣ដងដល់ទៅ ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តន៍នោះឡើយ តែត្រូវបញ្ជូនយានយន្តល្មើសទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែលនៅជិតបំផុត និងរក្សាទុក ៣ថ្ងៃសិន ទើបឱ្យម្ចាស់ចូលខ្លួនទៅបង់ប្រាក់ពិន័យតាមច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាបែបនេះក្តី មានការជជែកមិនតិចទេអំពីការបន្តឹងច្បាប់ចរាចរណ៍នាអំឡុងពេលនេះ ខណៈស្ថានភាពក្នុង និងក្រៅស្រុក នរណាក៏ដឹងដែរថា កូវីដ១៩ កំពុងវាយលុកនៅឡើយ។ ករណីនេះ អាចជាហេតុផលមួយដែលជម្រុញឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្សារភ្ជាប់ការរឹតត្បិតសេរីភាពដើរហើរទៅនឹងស្ថានភាពកូវីដ១៩ ខណៈមានការរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងអំឡុងជាមួយគ្នានេះដែរ។
តបនឹងការសង្ស័យនេះ Khmerload បានធ្វើបទសម្ភាសជាមួយលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ លោក ថី វិសាលបានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់នេះ មិនពាក់ព័ន្ធជាមួយកូវីដ១៩ទេ ហើយថាអាជ្ញាធរមិនអាចពន្យារពេលទៀតទេ ព្រោះត្រូវតែទប់ស្កាត់នូវគ្រោះថ្នាក់់ចរាចរណ៍ដែលកំពុងកើតមានរាល់ថ្ងៃនេះ។
«ការអនុវត្តច្បាប់នេះមិនមានពាក់ព័ន្ធជាមួយកូវីដ១៩ទេ ព្រោះក្រសួងសុខាភិបាល បានបំពេញតួនាទីអស់ហើយ។តែមន្ត្រីចរាចរណ៍កំពុងធ្វើនេះ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ហើយក៏មិនមានទាក់ទិនជាមួយរឿងរិតត្បិត សេរីភាពធ្វើដំណើររបស់ពលរដ្ឋឡើយ។ ពោលអ្នកដំណើរ អាចឆ្លងស្រុក ឬខេត្តតាមធម្មតា ហើយថែទាំសុខភាពដោយគោរពទៅតាមការណែនាំមន្ត្រីសុខាភិបាល»។
ឧត្តមសេនីយ៍ត្រីរូបនេះបន្តថា នៅកម្ពុជា មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ១៩ទេ ផ្ទុយទៅវិញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខណៈមានអ្នករបួស និងស្លាប់រាល់ថ្ងៃ។ លោកបន្ថែមថា សមត្ថកិច្ចមិនចង់ឃើញឈាមរបស់ពលរដ្ឋហូរលើដងផ្លូវទៀតទេ។
«ការពិតកូវីដ១៩ វាបានរាលដាលជាសកលទៅហើយ ខណៈនៅកម្ពុជាក៏មានជាង១២០ករណីដែរ ប៉ុន្តែមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ១៩ទេនៅស្រុកខ្មែរទេ ផ្ទុយទៅវិញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរាល់ថ្ងៃ មួយថ្ងៃជាង១០ករណី មានអ្នកស្លាប់ពី ៤ទៅ ៦នាក់ របួសជាង១០នាក់រាល់ថ្ងៃ។ នេះជាកង្វល់របស់រដ្ឋ។ យើងមិនចង់ឃើញឈាមរបស់ពលរដ្ឋហូរលើដងផ្លូវទៀតទេ។ ដូច្នេះយើងមិនអាចពន្យារពេលទេ យើងត្រូវធ្វើដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់់ដែលកំពុងកើតមានរាល់ថ្ងៃនេះ»។
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈខាងលើបានពន្យល់ថា តាមអនុក្រឹតលេខ ៣៩មានជាង ៥០អំពើល្មើស (មិនពាក់មួក មិនដាក់កញ្ចក់ ផ្ទុកលើសចំណុះ...) តែរដ្ឋមិនទាន់យកមកអនុវត្តគ្រប់ចំណុចទាំងអស់ទេ ដោយចាំពេលសមស្របទើបប្រើ តែអនុវត្តចំនុចណាដែលចាំបាច់សិន។
ក្នុងនោះលោកថា ម៉ូតូអនុវត្តតែ៧ចំណុច រថយន្តតែ៩ចំណុចទេ។ ហើយសរុបទាំងម៉ូតូ និងរថយន្តមានជាង ៥០ករណី។ លោកថា រហូតមកដល់ពេលនេះ មិនទាន់មានវិធានការណាមួយពីរដ្ឋដើម្បីបន្ធូរបន្ថយវិធានការដែលកំពុងអនុវត្តឡើយ មានតែកំពុងបន្តអនុវត្តន៍ និងបន្ថែមចំណុចអនុវត្តន៍នាពេលអនាគតទៀតដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា ករណីបទល្មើសម៉ូតូ៧ចំណុច ដែលត្រូវផាកពិន័យមានៈ មិនពាក់មួកសុវត្ថិភាពត្រូវផាក៦ម៉ឺនរៀល និងពិន័យ៨ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រើទូរស័ព្ទគ្មានឧបករណ៍ភ្ជាប់សំឡេង។ ចំណែកអ្នកបើកបរមិនគោរពភ្លើងនិងស្លាកសញ្ញា បើកល្មើសការបត់ និងវ៉ាជែង ឬដឹកលើចំណុះ ត្រូវពិន័យ១០ម៉ឺនរៀល។ រីឯការបើកបរក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យពី២៥ម៉ឺន ទៅ១លានរៀល តាមកម្រិតជាតិអាល់កុល។ បើយានយន្តគ្មានស្លាកលេខ នឹងត្រូវពិន័យ១២ម៉ឺនរៀល។
ចំណែក បទល្មើសរថយន្តទាំង៩ ដែលត្រូវផាកពិន័យមាន ល្បឿនត្រូវផាក១២ម៉ឺនទៅ៦២ម៉ឺន៥ពាន់រៀល, ស្រវឹងត្រូវផាក៤០ម៉ឺន ទៅ៤លានរៀល, គ្មានបណ្ណបើកបរ ត្រូវផាក១២ម៉ឺន ទៅ២៤សែនរៀល, មិនគោរពភ្លើងសញ្ញា និងស្លាកសញ្ញា ត្រូវផាក១៥ម៉ឺន ទៅ៣០ម៉ឺនរៀល, ល្មើសក្នុងការបទ និងវ៉ាជែង ត្រូវផាក១៥ម៉ឺន ទៅ៣០ម៉ឺនរៀល, មិនពាក់ខ្សែក្រវាត់៧ម៉ឺន៥ពាន់ ទៅ១៥ម៉ឺនរៀល, ដឹកលើសចំណុះត្រូវផាក១៥ម៉ឺន ទៅ៣០ម៉ឺនរៀល, គ្មានស្លាកលេខត្រូវផាក១២សែន ទៅ២៤សែនរៀល និងនិយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង ត្រូវផាក១២ម៉ឺន ទៅ២២ម៉ឺន៥ពាន់រៀល៕