មន្ត្រី​ជាន់​​ខ្ពស់​ ចេញមុខ​​បដិសេធ​​នូវ​​មតិរិះ​គន់​​ដែល​​ថា «រដ្ឋ​រឹប​យក​​​​លុយ​ ទើប​​​ពិន័យ​ប្រាក់​​អ្នក​ល្មើស​​ច្បាប់​​ចរាចរណ៍​​ច្រើន​​ជាង​មុន​»

//s5.kh1.co/f3/f33520ba2eb2a214c5e614b2869a27472264f5e8.jpg
សង្គម

 ០៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ត្រឹមរយៈពេល៤ថ្ងៃនៃប្រតិបត្តិការបន្តឹងច្បាប់ចរាចរណ៍នេះ មានមតិខ្លះចេញមុខសាទរ ខណៈអ្នកមួយចំនួនទៀត​បានរិះគន់​ឥត​សំចៃពីរឿងតម្លើងថ្លៃផាកពិន័យពី ៣ដងដល់ទៅ ៥ដងនៃតម្លៃផាកពិន័យចាស់នេះ

ចាប់តាំងពីថ្ងៃ ០១​ ឧសភាកន្លងមក​ មន្ត្រីចរាចរណ៍បានផ្តើមអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ដោយអ្នក​បើកបរល្មើសច្បាប់​ចរាចរណ៍​ត្រូវរង​ពិន័យ​ទឹកប្រាក់​ពី ៣ដងដល់ទៅ ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តន៍នោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែលនៅជិតបំផុត និងរក្សាទុក ៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ត្រឹមរយៈពេល៤ថ្ងៃនៃប្រតិបត្តិការនេះ មានមតិខ្លះចេញមុខសាទរ ខណៈអ្នកមួយចំនួនទៀត​បានរិះគន់ឥតសំចៃពីរឿងតម្លើងថ្លៃផាកពិន័យពី ៣ដងដល់ទៅ ៥ដងនៃតម្លៃផាកពិន័យចាស់នេះ។ រិះគន់ឥតសំចៃដោយអ្នកទាំងនោះលើកឡើងថា តាមពិតសមត្ថកិច្ចធ្វើបែបនេះ គឺដោយសារចង់រកលុយ និងថា «ជាឱកាសល្អក្នុងការរឹបរកលុយ ដោយច្របាច់ករាស្រ្ត តូចតាច ក្រីក្រ»។

ក្រោយការរិះគន់ជាបន្តបន្ទាប់បែបនេះ លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ប្រាប់ Khmerload នាថ្ងៃ ០៤ ឧសភានេះថា ក្នុងនាមនគរបាល​ចរាចរណ៍​ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកសូមបដិសេធ នូវការចោទប្រកាន់បែបនេះ។ លោកថា ការលើក​ឡើង​នោះគឺមិនពិតទាល់តែសោះ ដោយអះអាងថា ប៉ូលីសចរាចរណ៍មិនមែនពិន័យច្រើនជាងមុនដោយ​សារចង់រឹបរក​លុយនោះទេ តែតាមពិតអាជ្ញាធរធ្វើបែបនេះ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង​ជារៀងរាល់​ថ្ងៃ​តែប៉ុណ្ណោះ។

រូបភាពពីលោកឧត្តមសេនីយ៍ត្រី ថី វិសាល
រូបភាពពីលោកឧត្តមសេនីយ៍ត្រី ថី វិសាល

លោកឧត្តមសេនីយ៍ត្រី ថី វិសាល ថា៖ «មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកជាង ៣ពាន់នាក់នៅទូទាំងប្រទេស និង​អគ្គស្នងការនគរបាលជាតិ សូមបដិសេធទាំងស្រុងនូវសម្តីដែលថា “ការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែល​តម្លើង​ពិន័យពី ៣ទៅ ៥ដងនោះ ដោយសាររដ្ឋចង់រឹបរកលុយ”។ សម្តីនេះមិនពិតទេ»។

លោកបន្តថា៖ «តាមពិតគោលដៅចម្បងនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​​ចរាចរណ៍ដែលកើតឡើង។ មូលហេតុដែលចម្បងដែលឈានដល់ការសម្រេចធ្វើនេះ ធ្វើឡើង​ដោយយោង​តាមស្ថានភាព កាលពី២០១៩ ចំនួនអ្នកស្លាប់កើនជាង២០០នាក់ បើធៀប ២០១៨។ អ៊ឹចឹង បានឆ្នាំ២០២០នេះ អាជ្ញាធរ​​រឹតបន្តឹងច្បាប់ជាអាទិភាព ខណៈពីមុនយកការអប់រំជាអាទិភាព តែពលរដ្ឋមិនស្តាប់»។

លោកឧត្តមសេនីយ៍ត្រីរូបនេះបានបន្ថែមថា ស្ថានភាពនៃការបន្តឹងចរាចរណ៍រយៈពេល៤ថ្ងៃនៃដើមខែឧសភានេះ លោក និងក្រុមការងារក៏ពិនិត្យឃើញស្ថានភាពខ្លះគួរឲ្យកត់សម្គាល់ដែរ។ លោកថា អ្នកប្រើប្រាស់ផ្លូវខ្លះសម្តែង​នូវក្តី​សាទរ​ដែលអាជ្ញាធររឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ុន្តែមួយចំនួនតូចទៀតមិនព្រមគោរព ហើយថែមទាំង​បន្ទោសរដ្ឋាភិបាល​ទៀតផង។

«ពលរដ្ឋមួយចំនួនធំសាទរនូវការបន្តឹងច្បាប់នេះ មានតែអ្នកប្រើប្រាស់ផ្លូវមួយចំនួនតូចទេ ដែលមិនព្រមផ្លាស់ប្តូរ​ឥរិយាបថ ដើម្បីមកចូលរួមគោរពច្បាប់ ហើយថែមទាំងបន្ទោសរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ទៅវិញ។ មែនទែនទៅ ការគោរពច្បាប់ធ្វើឲ្យពលរដ្ឋមិនខាតពេល មិនខាតលុយ និងបានចូលរួមជាមួយរដ្ឋដើម្បីកុំឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ទៀតផង»។

សូមបញ្ជាក់ថា អាជ្ញាធរ​បានកំណត់​យក​បទល្មើស​ចំនួន​៧​ចំណុច ក្នុងចំណោម​ ៣៣ ដែល​ត្រូវ​ត្រួតពិនិត្យ​មុនគេ​សម្រាប់​ទោច​ក្រយា​នយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​។ ចំណុច​ល្មើស​ទាំងនោះ​រួមមាន មិន​ពាក់មួក​សុវត្ថិភាព​,​មិន​គោរព​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការបត់ ការ​វ៉ា​ជែង​, ការដឹក​លើស​ចំណុះ​,​ស្រវឹង​,​គ្មាន​ផ្លាក​លេខ និង​ប្រើ​ទូរ​ស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។

ចំណែក​បទល្មើស​រថយន្ត​មាន​៩ ក្នុងចំណោម​៤១ ដែល​ត្រូវ​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​មុនគេ គឺ​រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​យានយន្ត និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបក​រណ៍​ភ្ជាប់​សំឡេង​៕

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T