ជំងឺរលាកសួតមានលក្ខណៈខុសគ្នាទៅតាមមូលហេតុរបស់វា

//s5.kh1.co/fb/fb61592f655448e4095111e973d507ecf371d040.jpg
យល់ដឹង

 ២៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជំងឺរលាកសួតអាចកើតឡើងដោយសារតែមានការវាយប្រហារដោយវីរុស ផ្សិត ឬបាក់តេរី ចូលទៅក្នុងសួតរបស់យើង

ជំងឺរលាកសួតអាចកើតឡើងដោយសារតែមានការវាយប្រហារដោយវីរុស ផ្សិត ឬបាក់តេរី ចូលទៅក្នុងសួតរបស់យើង។ ពេលនោះវានឹងធ្វើឲ្យថង់ទងសួតតូចៗជាច្រើនទៅជារលាក និងផ្ទុកទៅដោយទឹក ឬខ្ទុះ។ បើសិនជាអ្នកមានសុខភាពល្អ និងព្យាបាលបានត្រឹមត្រូវ វាច្រើនតែមិនបង្កអ្វីគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ ប៉ុន្តែវាអាចជារឿងមួយគ្រោះថ្នាក់ចំពោះក្មេងតូចៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគច្រើន រាងកាយរបស់យើងបញ្ចេញ ឬយកឈ្នះមេរោគដែលចូលទៅក្នុងសួតចេញមកខាងក្រៅវិញតាមរយៈការក្អក។ បើសិនជាវាចូលទៅក្នុងខ្លួនយើងមែន ប្រព័ន្ធភាពស៊ាំច្រើនតែសម្លាប់វាចោលមុនពេលបង្កជាជំងឺ។ ប៉ុន្តែបើសិនជាមេរោគនោះខ្លាំង ឬរាងកាយមិនអាចសម្លាប់វាបាន សួតអាចនឹងរងការបង្ករោគ។ នៅពេលប្រព័ន្ធភាពស៊ាំបញ្ជូនភ្នាក់ងារសម្លាប់មេរោគ សួតអាចនឹងរងការរលាក ហើយបង្កជាជំងឺរលាកសួតតែម្តងទៅ។ 

ក្រោយពីឆ្លងជំងឺនេះរួច អ្នកអាចនឹងមានអាការៈ ក្តៅខ្លួនខ្លាំង គ្រុនញាក់ ពិបាកដកដង្ហើម និងឈឺទ្រូងពេលដកដង្ហើម។ អ្នកប្រហែលជាក្អកខ្លាំង និងជាប់រហូត ព្រមទាំងមានស្លេសដ៏ខាប់ទៀតផង។ 

ជំងឺរលាកសួតបង្កដោយបាក់តេរី

មេរោគតូចៗមួយចំនួនគឺជាផ្នែកមួយធម្មតារបស់រាងកាយដូចជាបាក់តេរីក្នុងពោះវៀន ព្រោះវាជាអ្នក ជួយរំលាយអាហារ។ ប៉ុន្តែក្រៅពីនេះគឺអាចធ្វើឲ្យអ្នកមានជំងឺបាន ហើយភាគច្រើនជំងឺរលាកសួតលើមនុស្សធំបង្កឡើងដោយបាក់តេរី។ ហើយកាលណាជំងឺបង្កឡើងដោយបាក់តេរី មានតែការប្រើថ្នាំផ្សះទេទើបអាចសម្លាប់វាបាន។ 

ជំងឺរលាកសួតបង្កឡើងដោយវីរុស

វីរុសបង្កជំងឺផ្តាសាយគឺជាមូលហេតុដ៏ចម្បងមួយក្នុងការបង្កជំងឺរលាកសួតលើមនុស្សធំ ប៉ុន្តែវីរុសទាំងអស់ដែលបង្ករោគក្នុងមាត់ ច្រមុះ បំពង់ក ឬសួតសុទ្ធតែអាចបង្កជំងឺរលាកសួតបានទាំងអស់។ រោគសញ្ញារបស់ជំងឺនេះវិញច្រើនតែស្រាលជាបង្កដោយបាក់តេរី ហើយរាងកាយច្រើនតែប្រឆាំងឈ្នះវាក្នុងរយៈពេល១ ទៅ៣សប្តាហ៍។ 

ជំងឺរលាកសួតបង្កដោយមេរោគផ្សិត

មេរោគផ្សិតកម្រងបង្កជាជំងឺរលាកសួតណាស់ លុះត្រាតែអ្នកជំងឺនោះមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ ឬមានជំងឺអេដស៍។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះអាចព្យាបាលបានដោយការប្រើថ្នាំប្រឆាំងនឹងមេរោគផ្សិត៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T