តោះ! មកស្គាល់អគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញទាំង១០ ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា

//s5.kh1.co/03/0330efb8cb8436fd0435e671d3d463b489d24a41.jpg
យល់ដឹង

 ២៤-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញទាំង១០ ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ អគារទំនើបៗ កំពុងរីកដុះដាលពេញទីក្រុង ហើយក្នុងពេលដំណាលគ្នានេះ អគារចំណាស់ៗកំពុងត្រូវបានជួសជុលឡើងវិញដើម្បីបង្ហាញភាពរុងរឿងក្នុងអតីតកាលរបស់ពួកគេ។ ទីក្រុង Yangon មានទ្រព្យសម្បត្តិនៃអគារសម័យអាណានិគម និងមុនសម័យទំនើបដែលឥឡូវនេះត្រូវបានគេកត់សម្គាល់ សម្រាប់ជាតម្លៃប្រវត្តិសាស្ត្រនិងទេសចរណ៍។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកអ្វីដែលត្រូវធ្វើនៅចុងសប្តាហ៍ ហើយអ្នកមិនចង់ដើរលេងនៅមជ្ឈមណ្ឌលផ្សារទំនើបមួយផ្សេងទៀតទេនោះ អ្នកប្រហែលជាចង់ទៅទស្សនា អាគារប្រវត្តិសាស្ត្រមួយចំនួនរបស់ទីក្រុងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជួយអ្នកឱ្យគិតអំពីកន្លែងដែលត្រូវទៅ នេះគឺជាបញ្ជីនៃអគារប្រវត្តិសាស្រ្តកំពូលទាំង ១០ របស់ប្រទេសទេសមីយ៉ាន់ម៉ាក្នុងទីក្រុង Yangon៖

១. វិហារសេនម៉ារី (Saint Mary’s Cathedral)

ដោយមានប៉មដ៏ខ្ពស់មហិមា ព្រះវិហារនេះបានបើកទ្វាររបស់ខ្លួននៅឆ្នាំ ១៨៩៩ ហើយបានស្វាគមន៍អ្នកធ្វើធម្មយាត្រានិងអ្នកទេសចរអស់រយៈពេលជាង ១២០ ឆ្នាំមកហើយ។ វាជាព្រះវិហារចាស់ជាងគេនៅទីក្រុង Yangon។ ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ ១៨៩៥ ក្រោមការគាំទ្ររយៈពេលយ៉ាងយូររបស់សម្តេច Pope ។ ជាអកុសលព្រះវិហារ Saint Mary’s ត្រូវបានខូចខាតក្នុងការរញ្ជួយដីមួយនៅឆ្នាំ ១៩៣០ និងពីការទម្លាក់គ្រាប់បែកអំឡុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែក៏ត្រូវបានកសាងឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ ថ្ងៃអាទិត្យគឺជាពេលវេលាដ៏ល្អដើម្បីស្តាប់ចំរៀងពេលព្រឹក។ ក្នុងមួយសប្តាហ៍វិហារនេះបើកពីម៉ោង ៦ ព្រឹកដល់ ៥ ល្ងាច។

វិហារសេនម៉ារី (Saint
Mary’s Cathedral)
វិហារសេនម៉ារី (Saint Mary’s Cathedral)

២. វិមានលឹមជិនស៊ុង (Lim Chin Tsong Palace)

អ្នកជំនួញជនជាតិចិនដ៏ល្បីល្បាញម្នាក់ហៅថា លីមជិនស៊ុងបានសាងសង់វិមាននេះនៅចុងទសវត្សឆ្នាំ ១៩១០ ហើយថែមទាំងបានធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចាត់ចែងវិចិត្រករអង់គ្លេសពីររូបដែលមានឈ្មោះថា Ernest Proctor និងភរិយារបស់គាត់ឈ្មោះ Dod ដើម្បីតុបតែងអាគារ។ គូ ស្នេហ៍ទាំងពីរបានគូរគំនូរលើវិមានជាមួយនឹងផ្ទាំងគំនូរលម្អ និងបានរស់នៅក្នុងអាគារនេះអស់រយៈពេលមួយឆ្នាំមុនពេលដែលលីមជិនស៊ុង បានបណ្តេញពួកគេចេញដោយគ្មានការជូនដំណឹងណាមួយនោះ។

ផ្ទាំងគំនូររបស់ពួកគេបានជួយជំរុញសិល្បករក្នុងស្រុកជាច្រើនជំនាន់មកហើយព្រោះថា វិមាននោះជាទីតាំងរបស់សាលាសិល្បៈ Yangon អស់រយៈពេលជាច្រើនឆ្នាំ។ សព្វថ្ងៃនេះវានៅតែបើកចំហសម្រាប់សាធារណជនដែលអាចរីករាយនឹងស្ថាបត្យកម្ មនិងគំនូរដ៏អស្ចារ្យក្នុងតំបន់ដែលមិនសូវស្គាល់នេះ។

វិមានលឹមជិនស៊ុង (Lim Chin
Tsong Palace)
វិមានលឹមជិនស៊ុង (Lim Chin Tsong Palace)

៣. សណ្ឋាគារ Strand (The Strand Hotel)

សណ្ឋាគារសម័យវិចតូរីយ៉ា (១៨៣៧-១៩០១) ដ៏រឹងមាំនេះត្រូវបានទិញដោយក្រុមហ៊ុនល្បីល្បាញឈ្មោះ Sarkies Brothers ដែលជាសណ្ឋាគារមានដើមកំណើត នៅអាមេនី ៤ ក្នុងឆ្នាំ ១៩០១។ អគារនេះត្រូវបានប្រើដើម្បីផ្ទុកទាហានជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ហើយសព្វថ្ងៃស្ថាបត្យកម្ម និងគ្រឿងសង្ហារិមនៅតែបន្តទាក់ទាញអតិថិជនស៊ីវិល័យនៅ​ជុំវិញ​ពិភពលោក។

សណ្ឋាគារនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GCP Hospitality ហើយកាលពីខែកុម្ភៈឆ្នាំមុន បានក្លាយជាសណ្ឋាគារដំបូងគេដែលទទួលបាននូវផ្លាកខៀវ (Blue Plaque) ដ៏មានកិត្យានុភាពពីស្ថាប័ន Yangon Heritage Trust។

សណ្ឋាគា The Strand Hotel
សណ្ឋាគា The Strand Hotel
ទិដ្ឋភាពក្នុងសណ្ឋាគា The Strand Hotel
ទិដ្ឋភាពក្នុងសណ្ឋាគា The Strand Hotel

៤. Basic Education High School (2) Pabedan

អគារសម័យវិចតូរីយ៉ានេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៨៥ ដែលជាឆ្នាំតែមួយដែលស្តេចភូមាបាននិរទេសខ្លួន។ ពាណិជ្ជករអ្នកមានម្នាក់បានកាន់កាប់កម្មសិទ្ធិគ្រប់គ្រងអគារបន្ទាប់ពីសង្គ្រាមលោកលើកទី ២ និងបានអនុញ្ញាតឱ្យអគារជាន់ក្រោមមានមុខងារជាសាកលវិទ្យាល័យជំនួស។ បើតាមអ្នកលក់ម្ហូបឥណ្ឌានៅក្បែរនោះ អគារនេះត្រូវបានគេដាក់ឈ្មោះក្រៅថាមហាវិទ្យាល័យប៉ារ៉ាថា (Paratha College) ។ បច្ចុប្បន្នអគារនេះនៅតែបម្រើក្នុងវិស័យអប់រំដូចជាវិទ្យាល័យ Pabedan (២) និងឆ្នាំ ២០២០ គឺជាខួបគម្រប់ ១៣៥ ឆ្នាំនៃអគារនេះ។

 Basic Education High School (2) Pabedan
Basic Education High School (2) Pabedan

. រោងកុនវ៉ាហ្ស៊ីយ៉ា (Waziya Cinema)

រោងកុននេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ២០ និងជាអគារមួយក្នុងចំណោមអាគារចុងក្រោយដែលត្រូវបានគេហៅថា “Cinema Row” ។ បន្ទាប់ពីការធ្វេសប្រហែសអស់រយៈពេលជាច្រើនឆ្នាំក្នុងរបបយោធា អគារនេះបានវិលត្រឡប់ទៅជារោងកុនវិញក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីសមាគមរូបភាពជីវចលមីយ៉ាន់ម៉ា (MMPA) បានជួសជុលវាជាតំបន់បេតិកភណ្ឌវប្បធម៌។ អគារនេះមានបំពាក់ឧបករណ៍ផលិតខ្សែភាពយន្ត និងម៉ាស៊ីនបញ្ចាំងបុរាណ និងបញ្ចាំងខ្សែភាពយន្តភាគក្នុងស្រុក ភាគច្រើនលើកលែងតែនៅពេលមហោស្រពភាពយន្តអន្តរជាតិយ៉ងហ្គូនត្រូវចាក់បញ្ចាំងតែប៉ុណ្ណោះ។

រោងកុនវ៉ាហ្ស៊ីយ៉ា(Waziya Cinema)
រោងកុនវ៉ាហ្ស៊ីយ៉ា(Waziya Cinema)

៦. សាលវិចិត្រសិល្បៈឡុកានាត (Lokanat Art Gallery)

អគារអាណានិគមដែលមានកម្ពស់ ៤ ជាន់ដ៏ស្រស់ស្អាតនេះធ្លាប់ជាកម្មសិទ្ធិរបស់ពាណិជ្ជករ Isaac A Sofaer ហើយបានបើកទ្វារដំបូងក្នុងឆ្នាំ ១៩០៦។ ចាប់ពីឆ្នាំ ១៩៤៥ តទៅអគារនេះបានបម្រើការជាការិយាល័យសម្រាប់នាយកដ្ឋានផ្សេងៗរបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៧១ នៅពេលដែលក្រុមសិល្បៈក្នុងស្រុកមួយក្រុមបានផ្លាស់ប្តូរទៅជាសាលវិចិត្រសិល្បៈឡុកានាត។ រហូតមកដល់ថ្ងៃនេះអគារនេះមានស្នាដៃសិល្បៈល្អៗ ជាច្រើននៅក្នុងទីក្រុង។

សាលវិចិត្រសិល្បៈឡុកានាត (Lokanat Art Gallery)
សាលវិចិត្រសិល្បៈឡុកានាត (Lokanat Art Gallery)
ទិដ្ឋភាពក្នុងសាលវិចិត្រសិល្បៈឡុកានាត (Lokanat Art Gallery)
ទិដ្ឋភាពក្នុងសាលវិចិត្រសិល្បៈឡុកានាត (Lokanat Art Gallery)

៧. ការិយាល័យលេខាធិការដ្ឋាន  (The Secretariat Office)

អគារនេះត្រូវបានសាងសង់នៅឆ្នាំ ១៨៨៩ និងបញ្ចប់នៅឆ្នាំ ១៩០២ ប៉ុន្តែ ៣ ឆ្នាំក្រោយមកនៅក្នុងឆ្នាំ ១៩០៥ ទើបការតុបតែងផ្នែកខាងក្នុងត្រូវបានបញ្ចប់។ មនុស្សភាគច្រើនទទួលស្គាល់អាគារនេះថាជាកន្លែងដែលឧត្តមសេនីយ៍ Aung San និងសមាជិកសភាជាច្រើនទៀតត្រូវបានគេធ្វើឃាត។ វាលាតសន្ធឹងលើផ្ទៃដី ១៦ ហិចតាទាំងមូល ហើយទោះបីជាកំពុងស្ថិតក្នុងការជួសជុលក៏ដោយវាបាន បើកចំហសម្រាប់ដំណើរទេសចរណ៍ និងពិធីបុណ្យផ្សេងៗ។

 The Secretariat Office
The Secretariat Office

៨. តុលាការជាន់ខ្ពស់ (The High Court) អ្នកធ្វើដំណើរឆ្លងកាត់នឹងកត់សម្គាល់ឃើញប៉មនាឡិកា លេចធ្លោនៅលើអគារសម័យវិចតូរៀនេះត្រូវបានរចនាឡើងដោយស្ថាបត្យករ James Ransome។ ការស្ថាបនាត្រូវបានបញ្ចប់នៅឆ្នាំ ១៩១១ និងចំណាយពេល ៦ ឆ្នាំដើម្បីបញ្ចប់។ អាគារនេះបានបើកជាថ្មីម្តងទៀតក្នុងឆ្នាំ ២០០៦ ក្នុងនាមជាតុលាការកំពូលរបស់ប្រទេស។

តុលាការជាន់ខ្ពស់ (The High Court)
តុលាការជាន់ខ្ពស់ (The High Court)

៩. The Pegu Club

The Pegu Club ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧១ ហើយបានបើកដំណើរការប្រហែល ១១ ឆ្នាំ ក្រោយមកក្នុងឆ្នាំ ១៨៨២ អគារនេះមានប្រវត្តិចម្រុះពណ៌។ ជាមួយនឹងការរចនាដែលគ្រប់គ្រងដោយមហាក្សត្រីយានី Victoria ខ្លួនឯង ក្លឹបនេះមានភាពល្បីល្បាញក្នុងចំណោមឥស្សរជនអង់គ្លេសនិងអ្នកមានក្នុងស្រុក។

នៅក្នុងសង្គ្រាមលោកលើកទី ២ វាត្រូវបានគេប្រើជាស្ថានីយ៍លួងលោមដល់ទាហានជប៉ុន ហើយក្នុងអំឡុងពេលនៃការគ្រប់គ្រងយោធាមានមុខងារជាការិយាល័យសោធនមុនពេលត្រូវគេបោះបង់ចោលនៅឆ្នាំ ២០០២ នៅពេលដែលការិយាល័យរដ្ឋាភិបាលត្រូវបានផ្លាស់ប្តូរទៅ Nay Pyi Taw​ ។ ការជួសជុលកែលម្អបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ហើយទីតាំងនោះបានទទួលនូវផ្លាកខៀវ (Blue Plaque) ដ៏មានកិត្យានុភាពពីស្ថាប័ន Yangon Heritage Trust ផងដែរ។

The Pegu Club
The Pegu Club

១០. ផ្សារ Thein Gyi Zay

ផ្សារ Thein Gyi Zay ស្ថិតនៅម្ដុំវត្ត Shwedagon និងផ្លូវលេខ ២៤ ផ្សារនេះគឺជាផ្សារបុរាណចំណាស់ជាងគេបំផុតនៅទីក្រុង Yangon។ វាត្រូវបានកសាងឡើងវិញក្នុងឆ្នាំ ១៨៥៤ ដោយវានៅតែជាទីផ្សារមួយដែលមានភាពរស់រវើកបំផុតនៅក្នុងទីក្រុង។ វាត្រូវបានគេដាក់ឈ្មោះថា“Surati Baryar Bazaar” នៅពេលដែលដីនោះត្រូវបានទិញដោយពាណិជ្ជករឥណ្ឌាពីអង់គ្លេស។ សព្វថ្ងៃនេះអ្នកដើរផ្សារអាចទិញទំនិញដែលមានប្រភពផ្សេងៗគ្នាដូចជាវាយនភ័ណ្ឌសម្លៀកបំពាក់ ស្បែកជើង ផ្លែឈើ និងគ្រឿងផ្ទះបាយ។

 ផ្សារ Thein Gyi Zay
ផ្សារ Thein Gyi Zay

ប្រភព៖ Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T