មកដឹងអាថ៌កំបាំង ៤យ៉ាង​ សម្រាប់​អ្នកចាប់​ផ្តើម​​ធ្វើ​ការ​ឯក​រាជ្យ​​ដំបូង​​​ៗ​

//s5.kh1.co/8d/8dbe5fda3f7674cdf2e2967f9f16e9cce6e65168.png
យល់ដឹង

 ២៤-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅសម័យនេះសម្បូរហាង និងជំនួញតូចៗដែលត្រូវការអ្នកធ្វើការឯករាជ្យ ដែលធ្វើការ​តាមគម្រោង ហើយមិនត្រូវការ​ប្រាក់ខែនោះឯង

អត្ថបទនេះអាចចេញជារូបរាងបានដោយសារការគាំទ្រពីដៃគូដ៏ល្អរបស់យើង ធនាគាប្រេដប៊ែងខេមបូឌា ដែល ពួកគាត់យកចិត្តទុកដាក់ពីសុខទុក្ខលុយកាក់របស់គ្នាយើងណាស់ណា!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយថា ឥលូវអ្នកបានសម្រេចចិត្តលក់ខ្លួនក្នុងផ្សារហើយ សម្រេចចិត្តដាក់ជំនាញលក់ក្នុងទីផ្សារការងារ ដោយផ្តើមធ្វើការឯករាជ្យ (ដែលគេហៅថា freelance freelance ហ្នឹងឯង)។ ហេតុអីបានជាយើងធ្វើមិនបាន បើងាកឆ្វេងងាកស្តាំ ឃើញគេធ្វើការងារឯករាជ្យពេញហ្នឹង!

អ្នកគិតត្រូវហើយ ដោយសារនៅសម័យនេះសម្បូរហាង និងជំនួញតូចៗដែលត្រូវការអ្នកធ្វើការឯករាជ្យ ដែលធ្វើការ​តាមគម្រោង ហើយមិនត្រូវការប្រាក់ខែនោះឯង។ សម្រាប់សិស្សដែលនៅរៀន ឬអ្នកធ្វើការពេញម៉ោង ជំនាញនេះ​ត្រូវម៉ាច់តែម្តង ដោយសារយើងមិនបាច់មានម៉ោងការងារត្រឹមត្រូវ មិនបាច់ពាក់ខោអាវស្អាតបាតទៅការិយាល័យទេ។

ណាមួយអ្នកខ្លះស្រឡាញ់ការងាររបៀបនេះ ដោយសារគេមានសិទ្ធិក្នុងការសម្រេចចិត្តថាខ្លួនចង់ធ្វើការ​មួយថ្ងៃប៉ុន្មាន​ម៉ោង ចង់ទទួលគម្រោងណា ចង់រុញច្រានគម្រោងណាស្រេចចិត្ត អ្នកខ្លះចង់ទៅដើរលេងបាត់ខ្លួនមួយខែក៏មិនអី ឲ្យតែប្រាប់គេប្រាប់ឯងរួចស្រេចជាមុន។ តែអ្នកត្រូវចាំថា បើទោះជាយើងអាចជ្រើសរើសគម្រោង និងម៉ោងធ្វើការ​ខ្លួនឯងក្តី ក៏មិនមែនបានន័យថាយើងអាចមិនប្រកាន់ភ្ជាប់នូវទំនួលខុសត្រូវក្នុងការងារនោះទេ… ការងារឯករាជ្យក៏នៅតែជាការងារ ហើយវាត្រូវការឲ្យយើងមានវិជ្ជាជីវៈដដែលទេ! 

នេះសម្រាប់អ្នកដែលទើបចាប់ការងារឯករាជ្យ ឬបានធ្វើយូរហើយ (អានលេងៗទៅក៏មិនខាតអីដែរ!) យើងមានធីប​ចំនួនបួនសម្រាប់ធ្វើខ្លួនអ្នកឲ្យមានវិជ្ជាជីវៈជាងមុន ដើម្បីអ្នកអាចធ្វើការពោរពេញដោយទំនួលខុសត្រូវ ដែលធ្វើឲ្យ​អតិថិជន​ពេញចិត្ត ហើយបន្តធ្វើការជាមួយអ្នកទៅថ្ងៃមុខទៀត! 

ជំហានទី ១៖ ធ្វើការដូចអ្នកដែលមានវិជ្ជាជីវៈ នោះបានន័យថាត្រូវតែធ្វើ ទោះគ្មានអារម្មណ៍ធ្វើក្តីស្តាប់ទៅនិយាយដូចអត់និយាយ! បើចង់មានវិជ្ជាជីវៈ ត្រូវធ្វើជាអ្នកមានវិជ្ជាជីវៈ? ភាគច្រើនយើងគិតថា អ្នកដែលមានវិជ្ជាជីវៈហ្នឹងគឺអ្នកដែលមានជំនាញខ្ពស់ ឬអ្នកដែលពាក់ខោអាវស្អាត​បាតត្រឹមត្រូវពេលជួបប្រជុំ។ តែខ្ញុំថានោះគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះ… ខ្ញុំជឿថា ការមានវិជ្ជាជីវៈនេះ​គឺគេគិតលើភាពប្តេជ្ញាចិត្ត និង ឆន្ទៈការងាររបស់យើងពេលយើងធ្វើការប៉ុណ្ណោះ។

បើយើងងាកមកមើលពីប្រវត្តិនៃពាក្យនេះក៏មានន័យស្រដៀងអ្វីដែលខ្ញុំគិតដែរ។ ពាក្យវិជ្ជាជីវៈនេះ គេសរសេរថា professional ជាអង់គ្លេស។ វាបានមកពីពាក្យឡាតាំង professionem ដែលមានន័យថា «ប្រកាសជា​សាធារណៈ»។ ដល់ក្រោយមក វាក្លាយទៅជាពាក្យបារាំង profession ដែលកាលនោះមានន័យថា ការប្តេជ្ញាចិត្ត​ស្បត់​ថានឹងធ្វើអ្វីមួយ។

ឃើញទេ? សូម្បីតែដើមកំណើតពាក្យក៏និយាយពីការប្តេជ្ញាចិត្ត និងសម្បថដែរ។ ដូច្នេះហើយមិនខ្វល់ថាអ្នកមាន​សាក់ពេញខ្លួន ឬពាក្យបាវជាអាវនោះទេ ឲ្យតែអ្នកប្តេជ្ញាចិត្តធ្វើការ ហើយបញ្ចប់ការងារទាន់ពេល និងមានគុណភាព​ល្អនោះ បានន័យថាអ្នកមានវិជ្ជាជីវៈហើយ!

រូបបានមកពី៖ the wild juniper
រូបបានមកពី៖ the wild juniper


តែពិបាកមួយរឿងធ្វើការឯករាជ្យ នោះគឺជម្ងឺខ្ជិលនោះឯង។ ពេលយើងគ្មាននរណានៅត្រួតត្រាពីលើ ពេលយើងគ្មាន​ថ្ងៃនិងម៉ោងធ្វើការត្រឹមត្រូវនោះ ចេះតែមានទំនោរខ្ជិលធ្វើការ បង្ហួសការងារដោយសាររវល់នេះរវល់នោះ។ តែបើអ្នកធ្វើការតាមអារម្មណ៍ ហើយធ្វើការយឺត មិនមានគុណភាពនោះ បានន័យថាអ្នកគ្មានវិជ្ជាជីវៈ មិនគោរពតាម​ពាក្យសន្យា​ដែលបានព្រមព្រៀងជាមួយអតិថិជនជាមុននោះទេ។ ដូច្នេះហើយ ធីបទីមួយ ហើយដែលជាធីបសំខាន់​បំផុតនោះគឺ បើចង់មានវិជ្ជាជីវៈខ្ពស់ អ្នកត្រូវបង្ខំចិត្តធ្វើការជារៀងរាល់ថ្ងៃ ទោះគ្មានអារម្មណ៍ធ្វើការក្តី។ 

«ស្អី? ឯងខំរត់ពីការងារពេញម៉ោងដោយមិនចង់បង្ខំចិត្តធ្វើការ ហើយឥលូវត្រូវបង្ខំចិត្តដដែលមែន? ឯណាសេរីភាព​ខ្ញុំ???»

នេះក៏ជាគំនិតរបស់ខ្ញុំកាលដែលខ្ញុំចាប់ផ្តើមដំបូងផងដែរ តែបើយើងងាកមកមើលគេផ្សេងក្នុងសៀវភៅ  តើសិល្បករធ្វើការរបៀបណា (Daily Rituals: How Artists Work)  ជាពិសេសគឺសិល្បករដែលមិនចាំបាច់​ធ្វើការពេញម៉ោង ដែលអាចនិពន្ធ ឬតែងស្នាដៃពេលណាក៏បាននោះ យើងនឹងឃើញថាទោះគ្មានគេបង្ខំគាត់ ក៏គាត់បង្ខំឲ្យ​ខ្លួនឯងធ្វើការជារៀងរាល់ថ្ងៃមិនដែលខានផងដែរ។ អ្នកខ្លះធ្វើការពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ ល្ងាចដូចគេអ្នកធ្វើការក្នុងការិយាល័យ ឯអ្នកខ្លះធ្វើពីម៉ៅង ២ យប់ ដល់ម៉ោង ៩ ព្រឹកខុសគេខុសឯង។ ឧទាហរណ៍ លោកអឺណឹស ហេមីងវ៉េ (Ernest Hemmingway) ដែឡជាអ្នកនិពន្ធដ៏ល្បីម្នាក់តែងក្រោកឡើងមកនិពន្ធរាល់ព្រឹក​ព្រហាមមិនដែលខានមួយព្រឹកទេ ទោះពេលយប់មុនគាត់ទៅក្រៅជប់លៀង ផឹកស្រវឹងអួលប្រនួលយ៉ាងណាក៏ដោយ​ក៏មិន​ដែលខានដែរ។

ការដែលប្រកាន់ខ្លួនធ្វើការជារៀងរាល់ថ្ងៃមិនដែលខាន ទោះគ្មានគេបញ្ជាឲ្យធ្វើនេះ ដូចជាអ្វីដែលលោកស្ទេហ្វិន ឃីង (Stephen King) ដែលជាអ្នកនិពន្ធល្បីមួយរូបទៀតបាននិយាយអញ្ចឹងថា៖ 

«ពួកអ្នកក្មេងខ្ចីអង្គុយចាំដល់មានអារម្មណ៍ទើបចាប់ផ្តើមធ្វើការ។ ផ្ទុយទៅវិញ ពួកយើងវិញ រាល់ថ្ងៃក្រោកពីដំណេក ហើយចូលធ្វើការជានិច្ច។»

ណាមួយទៀត គួរដឹងថាអតិថិជនយើងមិនខ្វល់ថាយើងឈឺក្បាល ថាយើងអត់អារម្មណ៍ ឬថាយើងរវល់លេងហ្គេម​នោះទេ។ សំខាន់គឺគាត់រំពឹងថាគាត់ផ្តល់លុយ ហើយយើងផ្តល់សេវាកម្មឬផលិតផលទាន់ពេល ហើយមាន​គុណភាពល្អតែប៉ុណ្ណឹងឯង។

ម៉្យាងវិញទៀត យើងត្រូវដឹងដែរថា ជំនាន់នេះ​គឺជំនាន់ដែលពោរពេញដោយការភ្ជាប់បណ្តាញ ទីក្រុងតូច មនុស្សម្នាក់ៗ​ស្គាល់គេសឹងគ្រប់គ្នា។ សម្រាប់អ្នកធ្វើការឯករាជ្យ ភាគច្រើនគឺគេស្គាល់យើងតាមគ្នានោះទេ។ អញ្ចឹងប្រសិនបើយើង​ធ្វើការមិន​មានគុណភាពឬមិនទាន់ពេលជាមួយអតិថិជនម្នាក់នៅថ្ងៃនេះ គេនឹងអាចនិយាយអាក្រក់ពីយើង ឬមិន​ណែនាំ​យើងឲ្យអតិថិជនថ្មីៗទៀតនៅថ្ងៃមុខ។ ផ្ទុយទៅវិញ បើការងារយើងធ្វើទាន់ពេលហើយមានគុណភាពល្អ គេនឹងបន្តធ្វើការជាមួយយើងហើយអាចនឹងណែនាំអតិថិជនផ្សេងមកយើងទៀតផង!

អញ្ចឹងតើធ្វើយ៉ាងណាទើបយើងអាចធ្វើការទាន់ពេលនោះ?ដំបូងត្រូវរៀនឈប់ផ្អែកលើអារម្មណ៍ដើម្បីធ្វើការ។ ទោះមិនចង់ធ្វើ ក៏ត្រូវធ្វើតាមពាក្យយើងសន្យា ដោយបង្កើតទម្លាប់ការងារមួយ ហើយព្យាយាមធ្វើវាជា​រៀងរាល់​ថ្ងៃកុំឲ្យខានឲ្យសោះ។ ស្តាប់ទៅដូចស្រួលទេ តែដល់ពេលធ្វើទើបដឹងថាលំបាក តែកុំភ័យ! យើងបានសរសេរអត្ថបទ​មួយបកស្រាយពីរបៀបបង្កើតទម្លាប់ការងារនេះលម្អិតខ្ទេចគ្មានសល់ទេ! អាចចុចទីនេះដើម្បីអានបាន!

ជំហានទី ២៖ រៀនគ្រប់គ្រងពេលវេលា និងស្មានពេលវេលាខ្លួនឯង

ដូចដែលបាននិយាយពីខាងលើអញ្ចឹង បើយើងចង់បញ្ចប់ការងារទាន់ពេលនោះ​ យើងត្រូវយកពេលធ្វើការរាល់​ថ្ងៃ​នោះឯង! ទាំងយើងទាំងគេពេលខ្លះចេះតែខ្ជិលហើយទើបរូសរាន់បញ្ចប់ថ្ងៃចុងក្រោយ។ ធ្វើយ៉ាងនេះស្ត្រេសតែខ្លួនឯង ហើយអាចនឹងបន្ថយគុណភាពនៃការងារយើងទៀតផង! ដូច្នេះហើយអ្វីដែលល្អបំផុតនោះគឺ យើងគួរមាន​ទម្លាប់​ការងារមួយដែលយើងធ្វើការបន្តិចៗ សន្សឹមៗមួយថ្ងៃម្តងរហូតដល់ថ្ងៃចុងក្រោយ។ នោះយើងមានពេលធ្វើការងារផ្សេងៗ មានពេលសម្រាក ហើយមានពេលគិត និងធ្វើការឲ្យមានគុណភាពល្អ​ទៀតផង។ 

តែការគ្រប់គ្រងពេលវេលានេះមិនទាន់គ្រប់គ្រាន់ទេ បើចង់ធ្វើការឯករាជ្យមានវិជ្ជាជីវៈល្អនោះ អ្នកក៏ត្រូវចេះ​ប៉ាន់ស្មានពេលវេលាផងដែរ។ ដោយសារ ជាធម្មតាតែងមានគម្រោងពីរ បីគេមកសួរឲ្យចង់ឲ្យយើងធ្វើការ។ នោះគេនឹងសួរពីតម្លៃ ក៏ដូចជាពេលវេលាដែលយើងអាចបញ្ចប់វាបាន។  បើយើងគិតមិនត្រូវ នោះចុងក្រោយ​យើងអាចនឹងមានគម្រោងច្រើនពេក ជាន់គរលើគ្នា ធ្វើមិនទាន់ទាំងមួយ ទាំងពីរ។ ហើយការប៉ាន់ស្មាននេះគ្មានរូបមន្តណាដែលអាចជួយអ្នកបាននោះទេ ដោយសារវាផ្អែកលើល្បឿនការងារ​របស់អ្នករៀងខ្លួន។

អញ្ចឹងមានតែសួរខ្លួនឯង សង្កេតខ្លួនឯងថាសម្រាប់រូបមួយផ្ទាំង ឬការបកប្រែមួយសន្លឹក តើអ្នកធម្មតា​ចំណាយ​ពេលប៉ុន្មានម៉ោងទើបធ្វើចប់? ពេលគិតរួចហើយ គួរបូកថែមមួយថ្ងៃ ឬពីរថ្ងៃពីលើហ្នឹងទៀតដើម្បីជាសាគួរ។ ធ្វើអញ្ចឹងយើងមិនសូវជាស្ត្រេស ហើយបើយើងធ្វើហើយមុន យើងអាចផ្ញើឲ្យគេមុន នោះគេរមែងតែងសប្បាយចិត្ត។ តែបើយើងកំណត់ពេលតិចពេក យើងអាចនឹងមានបញ្ហាហើយធ្វើការយឺតនោះនឹងមានរឿងហើយ…

មួយទៀត ខ្ញុំផ្ទាល់ចូលចិត្តមានសៀវភៅប្រតិទិនមួយសម្រាប់កត់ត្រាការងាររាល់ថ្ងៃ និងការងារអនាគត ដើម្បីឲ្យ​ដឹងច្បាស់ថា​ ថ្ងៃណាខ្ញុំទំនេរប៉ុន្មានម៉ោង អាចធ្វើការបានប៉ុន្មានម៉ោងនៅអាទិត្យក្រោយ ឬខែក្រោយនេះ ស្រួលប៉ាន់​ស្មានពេលវេលាឆ្លើយតបទៅអតិថិជនបានត្រូវ។ 

ចុះឧបមាថាមានមាន់ថ្មី ដែលមិនដឹងថាខ្លួនគួរកំណត់ប៉ុន្មានម៉ោង ហើយច្រឡំនិយាយខុស ប្រាប់គេលឿនពេក។ នៅសល់ពេលតែពីរបីថ្ងៃទៀតទេ តែមិនមានពេលធ្វើទាន់នោះឡើយ… តើគួរធ្វើយ៉ាងណា? កុំបន្ទោសព្រហ្មលិខិត ហើយសុខចិត្តបង្ហើយការងារឲ្យគេយឹតថ្ងៃឲ្យសោះ! ព្រោះធ្វើយ៉ាងនេះនឹងអាចខូចកេរ្តិ៍ឈ្មោះ អាចនឹងបាត់បង់​អតិថិជនម្នាក់នេះ​ និងអតិថិជនទៅថ្ងៃអនាគតទៀតផង! បើជ្រុលប្រាប់គេថាធ្វើពីរបីថ្ងៃទៀតហើយៗ អញ្ចឹងត្រូវខាំ​មាត់សង្កត់ចិត្ត អត់ដេកប៉ុន្មានយប់ដើម្បីបញ្ចប់តាមពាក្យសន្យាទៅ។ 

រូបភាពបានមកពី៖ ខ្ជិល
រូបភាពបានមកពី៖ ខ្ជិល

ស្តាប់មើលទៅហាក់ដូចពេលធ្វើការគឺលែងមានពេលសម្រាក លែងមានពេលសប្បាយជាមួយមិត្តភក្តិ និងគ្រួសារ​អញ្ចឹង។ តែកុំភ័យ វាអញ្ចឹងតែពីដំបូងៗនោះទេ… ពេលដែលយើងធ្វើការយូរបន្តិច យើងនឹងចាប់ផ្តើមពូកែប៉ាន់​ស្មាន​ពេលវេលា ហើយចាប់ផ្តើមសប្បាយចិត្តនឹងសិទ្ធិសេរីភាពដែលការងារឯករាជ្យឲ្យមកយើង នោះគឺសិទ្ធិទទួល ឬបដិសេធការងារ ក៏ដូចជាសិទ្ធិជ្រើសរើសម៉ោងធ្វើការស្រេចចិត្តរបស់យើងនោះឯង!

ជំហានទី ៣៖ ពូកែខាងផ្នែកលក់ខ្លួនឯង

មិនមែនលក់ខ្លួនតែម្តងទេ តែត្រូវពូកែក្នុងការណែនាំខ្លួនធ្វើយ៉ាងណាឲ្យគេស្គាល់ និងចាំយើងពេល​គេត្រូវការ​អ្នកធ្វើការនោះឯង! សម្រាប់អ្នកដែលមិនសូវចេះនិយាយ មិនសូវចូលចិត្តប្រ៉ូនោះ​ កុំបារម្ភអី! ព្រោះយើងមិនចាំ​បាច់កុហកគេ ឬនិយាយកន្លះម៉ោងដើម្បី«លក់ខ្លួន»យើងឡើយៗ! គ្រាន់តែ៖

ក. មានឃ្លាណែនាំខ្លួនមួយ

រៀបពាក្យតែងឃ្លាណែនាំខ្លួនមួយដែលខ្លី ហើយខ្លឹមមួយឃ្លាជាស្រេចមក… ទោះវាខ្លីក៏ពិតមែន ក៏អ្នកត្រូវធ្វើយ៉ាងណាឲ្យអ្នកស្តាប់ចប់ ដឹងច្បាស់តែម្តងថាអ្នកធ្វើការអីខ្លះ។ អាចជាឃ្លាសាមញ្ញៗមែនទែនដូចជា៖ «សួស្តី! ខ្ញុំឈ្មោះចេង ហើយខ្ញុំជាអ្នកច្នៃម៉ូដឡូហ្គូឯករាជ្យ។»

ខ. មាននាមប័ណ្ណតាមខ្លួន

ស្តាប់ទៅដូចផ្លូវការខ្លាំងណាស់ តែពេលដែលគេមាននាមប័ណ្ណរបស់យើង គេអាចទាក់ទងមកយើងទៅថ្ងៃអនាគត ទោះគេបានភ្លេចឈ្មោះ និងភ្លេចមុខយើងបាត់ក៏ដោយ!

គ. លក់ខ្លួនតាមអនឡាញ

សម័យនេះម្នាក់ៗមានគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមគ្រប់ៗគ្នាទៅហើយ អញ្ចឹងហើយមិត្តអនឡាញរបស់អ្នកអាចជាអ្នកនាំសារប្រាប់អតិថិជនផ្សេងៗពីអ្នកនៅថ្ងៃអនាគតផងដែរ។ យូរៗម្តង អ្នកអាចបង្ហោះអ្វីទាក់ទងនឹងការងារអ្នកម្តងទៅ ធ្វើយ៉ាងណាឲ្យគេដឹងទាំងអស់គ្នា ដឹងហើយចាំថាអ្នកធ្វើការអ្វីនោះឯង!

ជំហានទី ៤៖​ មានបណ្តុំការងារអនឡាញដែលគេអាចពិនិត្យមើលបាន

ភាគច្រើន មុនអតិថិជនទុកចិត្តយើង គេតែងចង់មើលឃើញស្នាដៃការងារដែលយើងធ្លាប់ធ្វើពីអតីតកាលជាមិនខាន។ ដូច្នេះហើយ គួរមានកន្លែងណាមួយដែលអ្នកដាក់បង្ហាញការងារឲ្យគេឃើញ ក៏ដូចជាលេខទូរស័ព្ទ ឬអ៊ីម៉ែលទំនាក់​ទំនងបាន។ ដូច្នេះហើយអ្នកអាចបង្កើតវ៉ិបសាយខ្លួនឯងមួយ ឬក៏អាចប្រើប្រាស់វ៉ិបសាយហ្វ្រ៊ីៗដែលគេធ្វើហើយ​ស្រាប់ក៏បាន៖

  1. Squarespace (អាចសាកប្រើដំបូងហ្វ្រុីបាន)
  2. WordPress (ហ្វ្រុីរហូត)
  3. Behance (សម្រាប់អ្នកច្នៃម៉ូដ និងសិល្បករខាងគំនូរមើលឃើញ)
  4. ឬមានទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមមួយក៏បានដែរ!
https://s5.kh1.co/__image/w=247,h=223,q=100/f9/f932a79e0d6b500da8fd01adcfdbbbef4bca9198.png

បើចង់ដឹងបន្ថែម៖ អាចស្តាប់ការសន្ទនានិយាយលេងរបស់យើងជាមួយនឹង កែវម៉ីលី ជាអ្នកច្នៃម៉ូដ​ឯករាជ្យមួយរូប​ក៏បាន! 

រូបភាពពីខាងដើមអត្ថបទមកពី៖ ផ្លេនទែរ (Plantare)                                       

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T