អបអរសាទរ! អ្នកជម្ងឺក្មេងបំផុតដែលឆ្លងកូរ៉ូណាវីរុស ពេលនេះជាសះស្បើយហើយ

//s5.kh1.co/b4/b4b6df66d82aa49ca5d8831b5919df5b086a8f64.jpg
សង្គម

 ២២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទារិកា Peyton Maguire ​ដែលឆ្លងកូរ៉ូណាវីរុស ពេលនេះជាសះស្បើយហើយ

ចក្រភពអង់គ្លេស៖ Peyton Maguire បានកើតមុនពេលកំណត់ប្រាំបីសប្តាហ៍ នៅថ្ងៃទី ២៦ ខែ មីនា ដោយការវះកាត់នៅឯ University Hospital Wishaw។ បន្ទាប់ពីត្រូវបានដាក់ចិញ្ចឹមក្នុងកែវ ទារិកានេះក៏ត្រូវបានធ្វើតេស្តឃើញថាមាន Covid-19 វិជ្ជមាន នៅថ្ងៃទី ១៥ ខែ មេសា ប៉ុន្តែមិនមានអាការណាមួយលេចឡើងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃចន្ទនេះ បន្ទាប់ពីធ្វើតេស្តពីរដងទៀត និងរកឃើញថាអវិជ្ជមានទាំងពីរលើក ទារិកាក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ អ្នកស្រី Maguire បានឲ្យដឹងថា "នៅពេលដែលខ្ញុំឮថាកូនមានវីរុសភ្លាម ខ្ញុំពិតជាខូចចិត្ត និងមានការបារម្ភខ្លាំងណាស់ ថាវីរុសនោះនឹងអាចប៉ះពាល់ដល់សួត និងប្រព័ន្ធផ្លូវដង្ហើមរបស់នាង វាពិតជាគំរាមកំហែងដល់ជីវិតនាងខ្លាំងណាស់។

ពួកយើងធ្វើការពិនិត្យទៅលើនាងគ្រប់យ៉ាង រួមទាំងពិនិត្យរកវីរុស Covid-19 ក៏ព្រោះតែនាងបានកណ្តាស់ ហើយគ្រូពេទ្យបានឲ្យពួកយើងនៅឆ្ងាយពី Peyton ១៤ថ្ងៃ និងសម្ងំនៅតែផ្ទះ ប៉ុន្តែខ្ញុំមិនអាចនៅឆ្ងាយពីកូនបានយូរបែបនេះនោះទេ ទើបគ្រូពេទ្យយល់ព្រមឲ្យខ្ញុំនៅក្នុងមន្ទីរពេទ្យដែរ ខណៈពេលដែលប្តីរបស់ខ្ញុំត្រូវនៅក្នុងផ្ទះ"។

អ្នកស្រីបានបន្តទៀតថា "មើលឃើញក្រុមគ្រូពេទ្យធ្វើការបែបនេះ ខ្ញុំពិតជាយល់ថាអស្ចារ្យខ្លាំងណាស់  ។ ពួកគេបានប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅមើលថែកូនរបស់ខ្ញុំ និងផ្តល់ភាពកក់ក្តៅដល់នាង ទោះ ជាពាក់ឯកសណ្ឋានការពារក៏ដោយ ក៏ពួកនៅតែឱបកូនរបស់ខ្ញុំយ៉ាងទន់ភ្លន់ ហើយ Peyton គឺជាមនុស្សដែលមានតម្លៃបំផុតសម្រាប់ខ្ញុំ ដែលខ្ញុំជឿជាក់លើក្រុមគ្រូពេទ្យបែបនេះ ព្រោះខ្ញុំដឹងថាពួកគេបានទទួលការបណ្តុះបណ្តាលសម្រាប់ការជួយសង្គ្រោះបែបនេះរួចហើយ"។

ទារិកាតូចឥឡូវនេះបានត្រឡប់មកផ្ទះ នៅឯ Bellshill, North Lanarkshire ជាមួយនឹងម្ដាយដែលមានអាយុ ២៧ ឆ្នាំ ជានិស្សិតផ្នែកទីផ្សារបច្ចេកវិទ្យា និងឪពុក អាយុ ២៨ ឆ្នាំ ជាអ្នកបង្វឹករាងកាយ និងជាគ្រូបង្ហាត់ប្រដាល់ផងដែរ។

អ្នកស្រី Maguire សង្ឃឹមថា រឿងរ៉ាវរបស់ពួកគេអាចជួយទៅដល់ឪពុកម្ដាយមួយចំនួន ដែលកំពុង ជួបប្រទះនឹងស្ថានភាពដូចគ្នា ហើយគាត់ក៏បានផ្តាំថា អ្នកម្ដាយទាំងអស់មិនគួរមានការបារម្ភនោះទេ នៅពេលត្រូវទៅសម្រាលកូន ព្រោះគ្រូពេទ្យដឹងច្បាស់ថាគួរធ្វើយ៉ាងណា ដើម្បីការពារអ្នកជម្ងឺពីវីរុសមួយនោះ ហើយប្រសិនបើអ្នកមានរោគសញ្ញាណាមួយ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យភ្លាម ដើម្បីកុំឲ្យវាក្លាយជាធ្ងន់ធ្ងរដល់ជួយលែងបាន។

សូមចូលរួមអបអរដល់ទារិកាតូច និងសង្ឃឹមថាអ្នកដែលបានឆ្លងវីរុសទាំងអស់ទូទាំងពិភពលោកឆាប់ជាសះស្បើយ៕

គ្រួសាររបស់ Peyton
គ្រួសាររបស់ Peyton
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T