ការងារងាយៗទាំង៥ ដែលអ្នកគួរធ្វើពេលឃុំខ្លួនក្នុងផ្ទះអំឡុងពេល Covid-19

//s5.kh1.co/bd/bdda5adcaf4c8147646622ec3cd368de6156c8ad.png
យល់ដឹង

 ១៨-មេសា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អ្នកគួរអានសកម្មភាពងាយៗទាំង ៥ ខាងក្រោម ហើយអាចសាកអនុវត្តធ្វើវាបាន ពេលឃុំខ្លួនក្នុងផ្ទះគ្រា Covid-19

ការរីករាលដាលនៃជម្ងឺឆ្លង Covid-19 បានបង្អាក់សកម្មភាពសេដ្ឋកិច្ច ដោយនរណាៗក៏ត្រូវនៅទ្រឹងមួយកន្លែង មិនហ៊ានចេញពីផ្ទះ និង បំពេញការងារសំខាន់ៗដូចធ្លាប់ធ្វើរាល់ដង។ ការសំងំនៅផ្ទះបែបនេះប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ស្ត្រេស និង ធុញទ្រាន់ តែអ្នកប្រហែលជាមើលរំលងហើយថា មានការងារជាច្រើនដែលមានប្រយោជន៍ និង ងាយៗដែលអ្នកអាចធ្វើវាបាន ជាជាងការគិតថា អ្នកនឹងមិនអាចធ្វើអ្វីៗបានដូចមុនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគួរអានសកម្មភាពងាយៗទាំង ៥  ខាងក្រោម ហើយអាចសាកអនុវត្តធ្វើវាបាន៖

១. តាំងសមាធិជាមួយនឹង yoga៖

រូបតំណាង
រូបតំណាង

អ្នកប្រហែលធ្លាប់បានដឹងរួចមកហើយថាការធ្វើលំហាត់ប្រាណបែបយ៉ូហ្គាតាំងសមាធិ (meditation yoga) អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើនដូចជា សម្រកក្បាលពោះ ថែរក្សាសម្រស់ផ្ទៃមុខ កាត់បន្ថយស្រ្តេស ឱ្យអារម្មណ៍ស្រស់ថ្លា និងគិតតែវិជ្ជមាន ដែលធ្វើឱ្យជីវិតអ្នកកាន់តែមានសុភមង្គល។

ថ្វីត្បិតអ្នកមិនអាចចេញទៅក្រៅធ្វើលំហាត់ប្រាណជាមួយមិត្តភក្តិបានដូចមុន តែអ្នកនៅតែអាចធ្វើវាបាននៅក្នុងផ្ទះដោយខ្លួនឯងជាមួយនឹងវគ្គ yoga ក្នុង Youtube ដោយគ្រាន់តែអ្នកត្រូវរៀបកាលវិភាគអនុវត្តឱ្យបានទៀងទាត់។ អ្នកគ្រាន់តែចំណាយថវិកាបន្តិចបន្តួចដើម្បីទិញកម្រាលយ៉ូហ្គា (yoga mat) ស្អាតៗតាមចំណង់ចំណូលចិត្ត និងជ្រើសរើសបទចំរៀង ឬភ្លេងដែលជំរុញឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើលំហាត់ប្រាណមួយនេះ។

២. រៀនភាសាថ្មី៖

រូបតំណាង
រូបតំណាង

ប្រសិនបើ អ្នកទន្ទឹមរង់ចាំស្ថានភាពឱ្យបានធូរស្បើយវិញនោះ យើងនឹងមិនអាចដឹងមុនទេ ប៉ុន្តែយើងអាចធ្វើនូវអ្វីដែលអាចធ្វើបានក្នុងពេលបច្ចុប្បន្ន។ គួរចំណាយពេលវេលាអ្នកឱ្យមានតម្លៃ មិនគួរទោរទន់ទៅតាមស្ថានភាព និងបណ្តោយឱ្យពេលវេលាកន្លងហួសដោយមិនបានធ្វើអ្វីថ្មីៗ។ វាជាពេលដែលអ្នកសម្រាកពីការងារបានមួយចំនួន ចូរងាកមកគិតពីជំនាញដែលអ្នកពុំទាន់មាន ហើយរៀនធ្វើវា ដូចជាការរៀនភាសាថ្មី ដូចជារៀនភាសាចិន អង់គ្លេស ថៃ អាល្លឺម៉ង់ជាដើម។

ការចេះភាសាច្រើន វាជួយឱ្យជីវិតអ្នកកាន់តែប្រសើរ ដូចជាភាសាចិន និង អង់គ្លេស គឺអ្នកអាចប្រើក្នុងការងារ និងអាជីវកម្មដែលទទួលបានប្រាក់កម្រៃល្អ។ ដូច្នេះ គួរសាកល្បងរៀនវា ហើយពិសេសអ្នកអាចរៀនតាមកម្មវិធីទូរស័ព្ទដៃ និងតាម Youtube ដោយមិនអស់ថ្លៃ ។ នោះបន្ទាប់ពីស្ថានភាព Covid​19 បានធូរស្រាលទៅ អ្នកនឹងមានអារម្មណ៍ថាជីវិតត្រូវបានផ្លាស់ប្តូរ។

៣. រៀនពីរបៀបផាត់មុខ​ថ្មីៗទាន់សម័យ (make up) សម្រាប់សុភាពនារីៗ៖

រូបតំណាង
រូបតំណាង

ការផាត់មុខគឺជាជំនាញសំខាន់មួយដែលស្រីៗគួរតែមាន ព្រោះប្រសិនបើយើងចេះផាត់មុខដោយខ្លួនឯងបាន យើងពុំចាំបាច់ចំណាយថវិកាទាំងដុលៗទៅឱ្យគេធ្វើឱ្យ ហើយយើងអាចធ្វើវាតាមចំណង់ចំណូលចិត្តបានទៀតផង។

មិត្តនារីៗ អាចចំណាយពេលវេលានេះ រៀននូវអ្វីដែលសំខាន់សម្រាប់សម្រស់របស់យើងដូចជា រៀនរបៀបផាត់មុខ​ថ្មីៗទាន់សម័យ (make up) តាមរយៈការមើលវីដេអូក្នុង Youtube​។ សម័យទំនើបបែបនេះគ្មានអ្វីដែលថាយើងមិនអាចធ្វើបាននោះទេ ឱ្យតែយើងចង់ធ្វើវា។

៤. រៀនពីរបៀបធ្វើភេស្ជជៈជំនួយសម្រស់៖

រូបតំណាង
រូបតំណាង

ការបរិភោគភេស្ជជៈជំនួយសម្រស់ ជួយឱ្យអ្នកមានសុខភាពល្អ ជាពិសេសថែរក្សាសម្រស់ រក្សារាង និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំការពារជម្ងឺឆ្លងជាពិសេស Covid​ 19។ អ្នកអាចធ្វើវាសម្រាប់ទទួលទានក្នុងក្រុមគ្រួសារក៏បាន កាន់តែពិសេសប្រសិនបើវាជាជំនាញ និង ទេពកោសល្យរបស់អ្នកហើយ អ្នកអាចសាកចាប់ផ្តើមជាមួយអាជីវកម្មខ្នាតតូច គឺលក់ទឹកផ្លែឈើធម្មជាតិតាមអនឡាញ online បានថែមទៀត ហើយវារឹតតែអាចបង្កើនចំណូលជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងរយៈពេលបែបនេះបានថែមទៀត។ 

៥. គួរចំណាយពេលជាមួយក្រុមគ្រួសារ និង មិត្តភក្តិឱ្យបានច្រើនជាងមុន៖

រូបតំណាង
រូបតំណាង

តើអ្នកដែលធ្លាប់គិតទេថា ក្នុងមួយឆាកជីវិតនេះ យើងមានពេលវេលាចំនាយទៅលើក្រុមគ្រួសារប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? កន្លងមកយើងម្នាក់ៗរវល់តែបំពេញការងារ មិនសូវមានពេលផ្តល់ពេលវេលាឱ្យសមាជិកគ្រួសារ ឬ មិត្តភក្តិ បងប្អូនទេ។ ការផ្តល់ពេលវេលា និងបង្កើតស្នាមញញឹមឱ្យគ្នាទៅវិញទៅ មក ធ្វើឱ្យម្នាក់ៗទទួលបានភាពកក់ក្តៅ និងសុភមង្គល។

ចូរអ្នកចាប់ផ្តើមយកពេលវេលាទំនេររយៈពេលវែងនេះ ជជែកលេងជាមួយពួកគាត់ និង ធ្វើសកម្មភាពសប្បាយៗរួមគ្នាឱ្យបានច្រើន។ មិនយូរមិនឆាប់ យើងនឹងវិលទៅរកជីវិតដ៏មមាញឹកដូចមុនវិញទៀតហើយ៕

Lauch Kanha
ឡូច​ កញ្ញា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T