នាយករដ្ឋមន្ត្រីបន្ធូរ​វិធាន​ការ៖ ពលរដ្ឋ អាចចុះ​ឡើង​ភ្នំពេញ និង​ខេត្ត​​កណ្តាល​​ ហើយ​អាច​ឆ្លង​ស្រុក​ក្នុងខេត្ត​តែមួយ​បាន​

//s5.kh1.co/ad/ad90e4790d692f108d8c459b34f8c0fd0d2124b9.jpg
សង្គម

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការសម្រួល​ការដាក់​កំហិត​លើការធ្វើដំណើរ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពី​ការ​សម្រួល​​ការដាក់កំហិតលើការធ្វើដំណើរ។ ការសម្រេចបន្ធូរវិធានការនេះ ដោយរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើង​ដោយយោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការការងារជាក់ស្តែងរបស់ពលរដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីសម្រេចថ្មី ប្រជាពលរដ្ឋ​ អាចធ្វើដំណើរចេញចូលភ្នំពេញ និងខេត្តកណ្តាល ហើយអាចធ្វើដំណើរឆ្លង​កាត់ពីស្រុកមួយ ទៅស្រុកមួយទៀត (ស្ថិតក្នុងខេត្តតែមួយ)។ តែចំពោះការធ្វើដំណើរចេញពីខេត្តដទៃក្រៅពីខេត្តកណ្តាល ចូល ឬចេញពីភ្នំពេញ នៅតែហាមឃាត់ដដែល។ ម្យ៉ាងទៀត ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក៏នៅតែហាម​ឃាត់ដែរ។

បទបញ្ជាលើកទី១ ដែលប្រមុខរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ ខែមេសាម្សិលមិញ គឺហាមមិនឲ្យធ្វើដំណើរចេញ​ ពីភ្នំពេញ​ចូលទៅគ្រប់ខេត្ត រួមទាំងខេត្តកណ្តាលផងដែរ និងហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្ត​មួយទៀត។ ​

ជាការកត់សម្គាល់ សម្តេចបញ្ជាក់ថា ចំពោះការដឹកជញ្ជូនទំនិញ មិនត្រូវបានហាមឃាត់ឡើយ។ បទបញ្ជាលើកទី១ និងលើកទី២ របស់ប្រមុខរដ្ឋាភិបាល គឺអនុវត្តចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

គួររំឭកថា ​សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងហេ្វសប៊ុកផ្លូវការរបស់សម្តេចថា៖ «ដើម្បីសុវត្ថិ​ភាព​របស់​ជាតិ និងជិវិតរបស់​ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការ​ចេញ​បទបញ្ជាបែបនេះទេ។ ប្រសិនមាន​ច្បាប់គ្រប់គ្រង​ប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ សូមការយោគយល់ពី​សំណាក់​បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ»៕

សេចក្តីសម្រេចរបស់រដ្ឋាភិបាល
សេចក្តីសម្រេចរបស់រដ្ឋាភិបាល
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T