វីរុស COVID-19 រាតត្បាត ធ្វើឲ្យយើងគេងមិនលក់ ថុញថប់ ឆាប់ខឹង នេះជាវិធីដោះស្រាយ!

//s5.kh1.co/74/7455a9434799e3c204bf9bac79a32936d3f83d6d.jpg
នារី

 ០៧-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការ​រាតត្បាត​នៃ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ និង​ថប់បារម្ភ​ថា​ខ្លួន និង​គ្រួសារ​អាច​ឆ្លង​វីរុស​នេះ។

ការ​រាតត្បាត​នៃ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ និង​ថប់បារម្ភ​ថា​ខ្លួន និង​គ្រួសារ​អាច​ឆ្លង​វីរុស​នេះ។ ទាំង​នេះ​អាច​ធ្វើ​ឲ្យ​គេង​មិន​លក់​ ឆាប់​ភ្លេច និង​ឆាប់​ខឹង។ ដូចនេះ​ហើយ​អត្ថបទ​នេះ​បង្ហាញ​ពី​វិធី​ខ្លះៗ​ដើម្បី​ជួយ​សម្រួល​បញ្ហា​ទាំង​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​គេង​មិន​លក់

ការ​ថប់​បារម្ភ​អាច​ធ្វើឲ្យ​គេង​មិន​លក់។ លោក Jill Stoddard គ្រូពេទ្យ​ចិត្តសាស្ត្រ​ និង​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ត្រេស​ និង​អាការៈ​ថប់បារម្ភ​បាន​និយាយ​ថា​មនុស្ស​ភាគ​ច្រើន​មាន​បញ្ហា​ក្នុង​ការ​គេង​នៅ​ពេល​ដែល​មាន​អារម្មណ៍​រសាប់រសល់។ ភាគច្រើនអ្នកទាំងនោះភ្ញាក់ពេលយប់ហើយ​ពិបាក​ក្នុង​ការ​ត្រលប់​ទៅ​គេង​ម្ដង​ទៀត។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ស្ថានភាព​អាការៈ​ថប់​បារម្ភ​កាន់​តែ​អាក្រក់​ឡើង។

លោក Brandon Peters វេជ្ជបណ្ឌិត​ផ្នែក​សរសៃ​ប្រសាទ និង​ការ​គេង​បាន​លើក​ឡើង​ថា​ការ​គេង​ឲ្យ​គ្រប់គ្រាន់​អាច​ជួយ​សម្រួល​ដល់​អាការៈ​ថប់បារម្ភ។ លោក​បាន​ណែនាំ​ឲ្យ​រក្សា​ពេល​វេលា​ក្នុង​ការ​ចូល​គេង​ឲ្យ​បាន​ទៀងទាត់ កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង និង​ជាតិកាហ្វេអ៊ីន ហាត់ប្រាណ និង​ទទួល​បាន​ពន្លឺ​ថ្ងៃ​នៅ​ពេល​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត​ រៀប​ចំ​បន្ទប់គេង​ឲ្យ​ងងឹត ស្ងប់ស្ងាត់ និង​ត្រជាក់ ហើយមុន​ចូល​គេង​មិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ​រយៈពេល​មួយម៉ោង។ ប្រសិន​ជាយើង​ត្រូវ​ការ​បន្ធូរអារម្មណ៍យើង​អាច​ញ៉ាំ​អាហារ​សម្រន់​ដូចជា​ប្រភេទ​នំ​ស្រួយ ផ្លែ​ចេក គ្រាប់ធញ្ញជាតិ​ជាដើម​មុន​ចូល​គេង​មួយ​ម៉ោង។

ពិបាក​ក្នុង​ការ​ផ្តោតអារម្មណ៍

មនុស្សយើង​​គឺ​តែង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គម្រាម​កំហែង​ណា​មួយ​ដូចជា​វីរុស COVID-19​ដែល​គម្រាម​កំហែង​ទៅ​លើ​សុខភាព​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ដូចនេះ​ធ្វើ​ឲ្យ​យើង​អាន​ និង​មើល​ព័ត៌មាន​ពី​វីរុស​នេះច្រើន រួម​ទាំង​គិត​រក​វិធី​ផ្សេងៗការពារ​ខ្លួន​។ ម៉្យាងទៀតក្នុងអំឡុងពេលវីរុសរាតត្បាត​អាច​ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ ឬ​រៀន​ពី​ផ្ទះ។ លោក Jonathan Abramowitz សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​បាន​លើក​ឡើង​ថា​នៅ​ពេល​ដែលផ្ដោត​ចំណាប់អារម្មណ៍​ច្រើន​ទៅ​លើបញ្ហា​វីរុស​នេះ​នឹងធ្វើឲ្យើងយ​កាន់​តែ​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ក្នុង​ធ្វើ​ការងារ​ផ្សេងៗ។

ដើម្បី​ផ្ដោត​អារម្មណ៍​ក្នុង​ការ​ធ្វើ​ការ​កាន់តែ​ល្អ យើងអាច​ចាប់ផ្ដើម​ដោយ​​ផ្ដោត​ទៅលើ​ការងារ​ដែល​សំខាន់ និង​បន្ទាន់។ យើងអាច​កត់ត្រា​ការងារ​ដែល​​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ដោយ​បែងចែក​តាម​ភាពសំខាន់ និង​ភាព​បន្ទាន់​របស់​ការងារ​ទាំងនោះ ហើយ​រៀប​ចំ​ពេលវេលា​ច្បាស់លាស់​ ជាពិសេស​ត្រូវ​សម្រាក​រៀងរាល់ ៤៥​នាទីម្ដង។

លើសពីនេះ យើងត្រូវ​កំណត់​ការ​តាមដាន​ព័ត៌មាន រួម​ទាំង​ការ​ប្រើប្រាស់​បណ្ដាញសង្គម​ដោយ​មិន​ឲ្យ​លើស​ពីមួយម៉ោង។ ប្រសិន​ជាយើង​មាន​បំណង​ចង់​មើល​ព័ត៌មាន​ខ្លាំង​អំឡុងពេល​កំពុង​ធ្វើ​ការងារ​ផ្សេងៗ យើង​អាច​ពន្យារ​ពេល​ធ្វើ​ការ​របស់យើងចំនួន​​១០នាទី នោះ​យើងនឹង​មិន​មាន​អារម្មណ៍​ចង់​មើល​ព័ត៌មាន​ទៀតទេ។

ឆាប់ភ្លេច

មនុស្យ​យើង​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​ការ​ចងចាំ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការងារ ឬសន្ទនាទាក់ទងនឹងការងារផ្សេងៗ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អាការៈ​ថប់បារម្ភ​មាន​ផល​ប៉ះពាល់​ដល់​ការ​ចងចាំ។ លោកស្រី Aleksandra Parpura អ្នក​ជំនាញ​ផ្នែក​រោគស្ត្រី​បាន​លើក​ឡើង​ថា​អ្វី​ក៏​ដោយ​ឲក្យតែអាចជួយយើង​បន្ធូរ​អារម្មណ៍បាន សុទ្ធតែ​អាច​ជួយ​ដល់​ការ​ចងចាំ​។ សកម្មភាព​ដែល​ជួយ​បន្ធូរ​អារម្មណ៍​មាន​ដូចជា​ហាត់​យ៉ូហ្គា ហាត់ប្រាណ និង​ចំណាយ​ពេល​ជាមួយ​ធម្មជាតិប្រសិនជាអាច។ ក្រៅ​ពី​សកម្មភាព​ទាំង​នេះ​​យើង​​ក៏​អាច​ប្រើប្រាស់​វិធី​ផ្សេងទៀតដែរ​ដូចជា​សកម្មភាព​ដែល​ទាក់ទង​នឹង​ការ​ផ្ដោត​អារម្មណ៍ជាដើម។ សកម្មភាព​ទាំង​នោះ​អាចជា​ការ​លេង​ព្យាណូ លេងហ្គេម ឬល្បែងប្រាជ្ញាផ្សេងៗ។

ឆាប់​ខឹង

ការ​សិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ថប់បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ខឹង ហើយ​ការ​ឆាប់​ខឹង​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​គ្រួសារ​ ក៏​ដូចជា​អ្នក​ធ្វើការ​ជាមួយ​។ ជំហានដំបូង​ក្នុង​ការ​បង្ការ​អាការៈ​ថប់បារម្ភ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់យើង​គឺ​ត្រូវ​ដឹង​ថា​យើង​មាន​អាការៈ​ថប់បារម្ភ​មុន​នឹង​​ក្លាយ​ជា​កំហឹង។ នៅ​ពេលយើង​​ដឹង​ថា​អ្នក​មាន​អាការៈ​នេះ យើង​អាច​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ និង​រំងាប់​អារម្មណ៍​ ឬ​យើង​អាច​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន។ ម៉្យាងទៀត​ យើង​​គួរ​បន្ធូរ​អារម្មណ៍​ដោយ​ព្យាយាម​ដកដង្ហើម​វែងៗ ឬ​ស្រមៃ​មើល​ទីកន្លែង​ដែល​ស្ងប់ស្ងាត់ ឬ​កន្លែង​ស្អាតៗ​ដែល​យើង​ធ្លាប់​បាន​ទៅ​កំសាន្ត។ យើងក៏​អាច​ហាត់ប្រាណ​ដោយ​រត់​ចុះ​ឡើង​ជណ្ដើរ​ដើម្បី​​កាត់បន្ថយ​ថាមពល​លើស​ដែល​ជា​លក្ខណៈ​មួយ​នៃ​អាការៈ​ថប់បារម្ភ និង​កំហឹង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T