មកស្គាល់ម្ចាស់បទ «សង្គ្រាម​កូវីដ-១៩»​ (មានវីដេអូ)

//s5.kh1.co/ea/eada2b298d2225bc9f54cae510392470633b3c9e.jpg
សង្គម

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

«សង្គ្រាម​កូវីដ-១៩» ជាបទចម្រៀងនិពន្ធដោយស្ត្រី​ខ្មែរមួយរូប ដែលកំពុងរស់​នៅក្នុងប្រទេស​ជប៉ុន

«សង្គ្រាម​កូវីដ-១៩» ជាបទចម្រៀងនិពន្ធដោយស្ត្រី​ខ្មែរមួយរូប ដែលកំពុងរស់​នៅក្នុងប្រទេស​ជប៉ុន។ ចម្រៀង​មួយបទមាន​រយៈ​ពេល​ ៥​​នាទីនេះ កំពុង​ទទួល​ការ​គាំទ្រ​គួរឲ្យកត់សម្គាល់តាមរយៈ​ការចែករំលែក​ជាហូរហែនៅលើបណ្តាញ​សង្គម ខណៈអត្ថន័យស៊ីសង្វាក់នឹងស្ថានភាពកូវីដ១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន អ្នកស្រី ណាវី មីស៊ុស៊ីម៉ា បានប្រាប់ Khmerload ពីទឹកដីនៃក្រុងតូក្យូ ប្រទេស​ជប៉ុន​ ដោយចាប់ផ្តើមរៀបរាប់ពីប្រវត្តិខ្លះៗថា៖ «ខ្ញុំមានឈ្មោះពិត ញ៉ឹប ដាវី តែអ្នកម្តាយហៅតាំងពីតូចថា “ណាវី” ជំនួស “ដាវី”។ បន្ទាប់ពីឆ្លងដែនមកដល់ជប៉ុន និងបានរៀបការជាមួយស្វាមីជាជនជាតិជប៉ុន ខ្ញុំក៏បានដាក់ឈ្មោះ​ដោយប្រើ​នាមត្រកូលតាមស្វាមីថា “ណាវី មីស៊ុស៊ីម៉ា”»។  

អ្នកស្រី ណាវី មីស៊ុស៊ីម៉ា
អ្នកស្រី ណាវី មីស៊ុស៊ីម៉ា

អាណិកជន​ខ្មែរវ័យ ៦០ឆ្នាំខាងលើ ថា ខ្លួនបានចំណាយពេលប្រហែល​​​ ១៥ម៉ោង ដើម្បីនិពន្ធសាច់ចម្រៀងបទ «សង្គ្រាម​កូវីដ-១៩» នេះ ។

«បទ​ "សង្រ្គាម​កូវីដ-១៩" នេះ​ ជាពាក្យ​និពន្ធ​របស់​ខ្ញុំ​ 100% ដែលចំណាយពេលប្រហែល១៥ម៉ោង តែក៏បានតាម​ដាន​ព័ត៌មានជាច្រើនថ្ងៃហើយដែរ។ ចំណែក​បទភ្លេង​ ជា​បទ​របស់​លោក​ Enrico​ Macias តាម​លំនាំ​បទ​"Solenzara" ដែល​លោក​និពន្ធ​នា​ឆ្នាំ​1966 នៅ​ពេល​ខ្ញុំ​មាន​អាយុ​ 6ឆ្នាំ។ ខ្ញុំមិន​ពេញ​ចិត្ត​នឹង​ការ​យក​លំនាំ​បទ​​ភ្លេង​ស្នាដៃ​និពន្ធ​របស់​គេ​មក​ច្រៀង​ ហើយ​លាក់​ឈ្មោះ​របស់​គេ​ ដែល​ជា​អ្នក​និពន្ធ​ពិតនោះទេ​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​គ្រប់​បទ​ដែល​ខ្ញុំ​បានច្រៀង​ ខ្ញុំ​តែង​តែ​ដាក់​ឈ្មោះ​អ្នក​និពន្ធ​បទភ្លេង​នោះ​ទាំងអស់​ ព្រោះ​ខ្ញុំ​គោរព​សិទ្ធិ​អ្នក​និពន្ធ»។

បទ «សង្គ្រាម​កូវីដ-១៩»នេះ ត្រូវបានអ្នកនិពន្ធជាកូនខ្មែរកាត់ក្លឹង (ឥណ្ឌា)ខាងលើ សរុបត្រួសៗពីចំនួនអ្នកគាំទ្រថា មកដល់ពេលនេះ មានអ្នកចូលទស្សនាជាងមួយលាន (View) និងជាង៥០ម៉ឺន ចែកចាយបន្ត (Share) ក្រោយពីផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK) ព្រមទាំងការផ្សាយពី YouTube និង Facebook របស់អ្នកស្រីផ្ទាល់។ ហាក់បង្ហាញនូវក្តីរំភើប ចំពោះការគាំទ្រពីអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកស្រីណាវី មីស៊ុស៊ីម៉ា បានបន្ថែមអំពីហេតុផលសំខាន់ៗ នៅពីក្រោយការនិពន្ធបទចម្រៀងនេះ។

អ្នកស្រី បានបង្ហើបថា៖ «ដំបូង​ខ្ញុំ​បាន​មើល​ព័ត៌មាន​​ជា​ច្រើន​តាំង​ពី​ចាប់​ផ្តើម​កើតរោគ​នេះ​នៅ​ប្រទេស​ចិនមកម្ល៉េះ​ ហើយ​តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ចាប់​ផ្តើម​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ឆ្លង​ជំងឺ​យ៉ាង​កាច​សាហាវ​ស្រដៀងៗគ្នានេះកាល​ពីអតីត​កាល។​  ខ្ញុំបានសម្រេចចិត្តនិពន្ធ និង​ច្រៀង​ចម្រៀង​មួយ​បទក្រោម​ចំណងជើង​ថា "សង្គ្រាម​កូវីដ-១៩" ដើម្បី​បង្ហាញ​ពី​សោកនាដកម្ម​កើត​ចេញ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​ដែល​ពិភព​លោក​កំពុង​មានការព្រួយបារម្ភខ្លាំង»។

អ្នកស្រី ណាវី មីស៊ុស៊ីម៉ា និងកូន<br>
អ្នកស្រី ណាវី មីស៊ុស៊ីម៉ា និងកូន

អតីតអ្នកចម្រៀងនៅឆ្នាំ១៩៧៩ ក្នុងក្រុមតន្ត្រីក្រសួងសុខាភិបាលរបស់ក្រុងភ្នំពេញ បានបញ្ជាក់ហេតុផលមួយទៀត ដែលដឹកនាំចិត្តអ្នកស្រីឲ្យកាន់តែចង់និពន្ធបទនេះសម្រាប់ពលរដ្ឋខ្មែរ បើទោះបីសុខភាពខ្លួនមិនសូវជារឹងមាំក៏ដោយ។

អ្នកស្រីថា៖ «​នៅ​ប្រទេស​នានា​​ដែល​កំពុង​តែ​ឆ្លង​ជំងឺ​កូវីដ19​ នេះ​ខ្លាំង​  រដ្ឋាភិបាល​របស់​គេ​បានបញ្ជា​ឲ្យ​បិទ​គ្រប់​ស្ថាប័ន​តូចធំ​ ហើយ​ពួក​គេ​សម្ងំនៅ​ក្នុង​ផ្ទះ​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ ហើយ​រដ្ឋាភិបាល​របស់​គេ​ជួយជាជំនួយដល់​ប្រជា​ពលរដ្ឋ​របស់​គេ​ដែល​មិន​អាច​ប្រកបមុខរបររកស៊ីបាន ប៉ុន្តែ​បើ​ប្រសិន​ជា​ប្រទេស​ខ្មែរយើង​ធ្វើ​ដូច​គេ​ តើយើង​នឹង​អាច​រស់​បាន​ដែរ​ទេ​ បើប្រទេសរបស់​យើង​មិន​មាន​លុយ​ច្រើន​ដូច​គេ​ផង​នោះ?  ចឹង​ខ្មែរ​នឹង​ត្រូវ​មានផលប៉ះពាល់ច្រើនហើយ ព្រោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានកម្រិតជីវភាពខ្វះខាតនៅឡើយសម្រាប់ចិញ្ចឹម​គ្រួសារ»។

​«ខ្ញុំ​មានការ​ព្រួយ​បារម្ភ​ ហើយ​សង្វេគ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​រីករាលដាល​នៃ​ជំងឺ​ Covid​-19 ​មក​លើពិភពលោក​ ហើយខ្លាចថាមានអ្នកឆ្លងកើននៅ​ប្រទេស​ខ្មែរ​នាថ្ងៃ​ខាង​មុខ​ បើ​សិន​ជា​យើង​ទាំង​អស់​គ្នា​ធ្វេស​ប្រហែស។​ ម្យ៉ាងវិញទៀត​ ខ្មែរយើង​រស់​នៅ​តាម​ជនបទ​ លោក​មិន​សូវ​មាន​ការយល់​ដឹង​ពី​ភាព​កាច​សាហាវ​របស់​ជំងឺ​នេះ​ទេ​  ទើប​ខ្ញុំ​ចង់​ចូលរួម​ចំណែក​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួក​គាត់បាន​យល់​ដឹង​ ហើយ​ប្រុង​ប្រយ័ត្ន​ការ​ពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។​ ហេតុ​ដូច្នេះ​ ចម្រៀង​នេះជាចំណែក ដែលរំឭកបងប្អូនខ្មែរឲ្យថែសុខភាព។ ហេតុផលនេះ លើកទឹកចិត្តខ្ញុំឲ្យតែងចម្រៀងនេះ»។

អ្នកស្រី ណាវី មីស៊ុស៊ីម៉ា និងក្រុមការងារ<br>
អ្នកស្រី ណាវី មីស៊ុស៊ីម៉ា និងក្រុមការងារ

Khmerload បានជជីកដេញដោលពីខ្លឹមសាររួមនៃបទចម្រៀងនេះ ខណៈមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានជជែកដូចគ្នាពីទស្សនៈរបស់អ្នកនិពន្ធលើបទចម្រៀងនេះ ដូចជាខ្លះថា បទនេះបង្ហាញពីផលប៉ះពាល់នៃ​ជីវភាព​គ្រួសារ រីឯអ្នកខ្លះថា​ បទនេះបង្ហាញពីវិបត្តិសេដ្ឋកិច្ចជាតិ និងផលវិបាកដែលគ្មានថ្នាំណាអាចស្រោចស្រង់ជីវិតអ្នកឆ្លង​ជាដើម។

ហាក់ចង់បកស្រាយឲ្យអស់សេចក្តី អតីតអ្នកចម្រៀងទសវត្សរ៍ ៧០ រូបនេះ បានរៀបរាប់ទាំងសំឡេងស្អកៗថា៖ «ខ្លឹមសារ​រួម នៃ​បទ​ចម្រៀង​នេះ​​ គឺចង់​បង្ហាញ​ពី​ផលប៉ះពាល់​ធំធេង​កើត​ចេញ​ពី​កូវីដ-១៩ ពោល​គឺ​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​មាន​ជីវិត​ពី​ជំងឺ​នេះ ត្រូវ​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​ដោយ​មិន​បាន​ទៅ​ធ្វើ​ការ​រក​ចំណូល​អ្វី​ទាំង​អស់ ហើយ​មនុស្ស​​អា​ច​នឹង​ដាច់​ពោះ ឬ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត បើ​ស្ថានភាព​ឆ្លង​ជំងឺ​នេះ​មិន​ថយ​ចុះ ឬ​រក​ថ្នាំ​បង្ការ​ឃើញ​ទេ៖ "រក​ថ្នាំ​ចាក់​ឃើញ​ទើប​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន"។»

ក្រោយស្តាប់ពីពាក្យពេចន៍ និងឃ្លាឃ្លោង រួមទាំងអត្ថន័យនៃបទកូវីដ១៩ មានចម្ងល់ពីប្រិយមិត្តមិនតិចទេ ដែល​ចង់ដឹងថា តើអ្នកស្រីចេះតែងនិពន្ធចម្រៀងដោយរបៀបណា?

អ្នកស្រី ណាវី មីស៊ុស៊ីម៉ា បានរំឭកពីដំណើរដើមទងដែលធ្វើឲ្យខ្លួនចេះតែងនិពន្ធ៖ «កាលនៅពីក្មេងខ្ញុំធ្លាប់ច្រៀង​ក្នុងវង់តន្ត្រីមួយជាមួយលោក អ៊ុំ ដរ៉ា បានរយៈពេល ៣ឆ្នាំ (​លោក​អ៊ុំ ដ​រ៉ា ជាកវីនិពន្ធ​ជើងចាស់ និងជា​តន្ត្រីករ​កូត​វីយូឡុង​ដ៏​ល្បី​មួយរូប​នៅក្នុង​ទសវត្សរ៍៧០ បច្ចុប្បន្នលោកមាន​វ័យ៨៣ឆ្នាំ​)។ ​ហើយចាប់ផ្តើមចេះនិពន្ធ​បទ​ចម្រៀង​តាមលោក ដរ៉ា តាំងពីនោះមក។ ក្នុងឆ្នាំ១៩៧៩ ខ្ញុំបានច្រៀងក្នុងក្រុមតន្ត្រីក្រសួងសុខាភិបាលរបស់ភ្នំពេញ ក្រោយ​មករហូតដល់ធ្វើដំណើរទៅជាយដែនទើបឈប់។»

លោក​អ៊ុំ ដ​រ៉ា និងគ្រួសារ<br>
លោក​អ៊ុំ ដ​រ៉ា និងគ្រួសារ

បន្តមកទៀត អ្នកស្រីថា ខ្លួនបានចូលរួមជាងមួយវង់តន្ត្រីមួយពេលទៅដល់ប្រទេសជប៉ុន នោះគឺក្រុមតន្រ្តី «ស្វាយសរ»​។ ក្រុមនោះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់រៀបចំកម្មវិធីនានាឲ្យកាន់តែអធិកអធមសម្រាប់​អនិកជនខ្មែរនៅជប៉ុន និងស្ថានទូតខ្មែរនៅប្រទេសជប៉ុន ឧទាហរណ៍៖ ដូចជាពិធី ថ្វាយព្រះពរ សម្តេចព្រះនរោត្តម សីហនុ នៅស្ថានទូតជប៉ុនកាលពីជំនាន់ឆ្នាំ ១៩៩៦ ជាដើម។ ហើយក្រោយមកទៀត បើទោះជាក្រុមតន្រ្តីខាងលើ​បាន​រំសាយ​ជាយូរក៏ដោយក្តី ក៏ចិត្តស្រលាញ់របស់អ្នកស្រី ចំពោះសិល្បៈនៅតែបន្តមានរហូតមកដល់បច្ចុប្បន្ន៕

ក្រុមតន្រ្តី «ស្វាយសរ»
ក្រុមតន្រ្តី «ស្វាយសរ»

សូមទស្សនាវីដែអូចម្រៀង «សង្គ្រាម​កូវីដ-១៩»៖

វីដេអូ ពី YouTube Channel របស់អ្នកស្រី Navie Mizushima
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T