វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រីពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។

ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។

សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19?

ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។

សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច?

ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។

សំណួរ៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនផ្ទៃ ឬកូនទើបកើតទេ?

ចម្លើយ៖ នៅមិនទាន់ដឹងថាតើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេលសម្រាលកូនឡើយ ហើយ​ក៏​មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។

សំណួរ៤. តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ?

ចម្លើយ៖ ជាពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេលបំបៅកូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ