អាហារពេលព្រឹក ជាអាហារចាំបាច់ ដែលយើងញ៉ាំមុននឹងចេញទៅបំពេញការងារផ្សេងៗ ប្រចាំថ្ងៃ។ តាមការសិក្សាមុនៗ បង្ហាញថា អាហារពេលព្រឹកមិនត្រឹមតែផ្តល់ថាមពលក្នុងការចាប់ផ្តើមថ្ងៃថ្មីប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអារម្មណ៍បានប្រសើរ។ ប៉ុន្តែ ការសិក្សាថ្មីៗក៏បានបង្ហាញដែរនូវគុណវិបត្តិថា អាហារមួយចំនួន ដែលពេញនិយមនៅពេលព្រឹក អាចបង្កជាបញ្ហាដល់សុខភាព និងធ្វើឱ្យខូចរាង(ធាត់) ទៅវិញ ហើយអាហារ និងភេសជ្ជៈទាំងនោះ ក៏មិនគួរដាក់ក្នុងរបបអាហារពេលព្រឹក (នៅមុនម៉ោង១០ព្រឹក) មានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប័រសម្រាប់ញ៉ាំជាមួយនំប៉័ង
ប័រលាបនំប៉័ងញ៉ាំ មានប្រយោជន៍មួយត្រង់ថា ជួយបម្លែងធាតុវីតាមីនដល់រាងកាយ តែទន្ទឹមនឹងនោះគុណវិបត្តិគឺ ប័រសំបូរដោយជាតិខ្លាញ់ឆ្អែត ដែលនឹងផ្ដល់ទុក្ខទោសដល់បេះដូងបាន ក៏ដូចជា ធ្វើឱ្យយើងឡើងទម្ងន់(ធាត់)ផងដែរ។ ដើម្បីចៀសពីហានិភ័យនេះ យើងអាចជ្រើសយកប្រភេទប័រសណ្តែកដី មកជំនួសវិញ ដែលវានឹងជួយជម្រុញឱ្យអ័រម៉ូន Peptide YY បំបាត់ចំណង់ឃ្លានអាហារខុសពេលផងដែរ។
២. ពពួកម្សៅគ្រាប់ធញ្ញជាតិប្រអប់
ប្រភេទម្សៅគ្រាប់ធញ្ញជាតិទាំងគ្រាប់តូចៗ និងធំ ដាក់លាយទឹកដោះគោ សម្រាប់ញ៉ាំពេលព្រឹកជាទំនោរថ្មីរបស់យុវវ័យ តែធញ្ញជាតិជាតិម្សៅទាំងនោះ ក៏មានផ្ទុកនូវសារធាតុស្ករច្រើន ដែលបង្កជាភាពធាត់នៅក្នុងរាងកាយ ពិសេសត្រង់ក្បាលពោះ។ ជាវិធីដោះស្រាយ គឺការចេះជ្រើសយកប្រភេទធញ្ញជាតិដែលផ្តល់ប្រយោជន៍ដល់រាងកាយផង និងសុខភាពល្អផងគឺ ប្រភេទផលិតផលធញ្ញជាតិមានជាតិសរសៃ (Fiber) និងគ្មានសារធាតុស្ករ។
៣. ទឹកដោះគោជូរ គ្មានជាតិខ្លាញ់
ទឹកដោះគោជូរគ្មានជាតិខ្លាញ់ ក៏ជានិន្នាការថ្មីសម្រាប់យុវវ័យញ៉ាំ ជាអាហារពេលព្រឹក។ ប៉ុន្តែទឹកដោះគោជូរគ្មានជាតិខ្លាញ់ទាំងនោះ ច្រើនមានសារធាតុស្ករច្រើន ដែលគេដាក់ដើម្បីបន្ថែមរសជាតិ និងសារធាតុប្រូតេអ៊ីន។ ហើយការសិក្សាស្រាវជ្រាវក៏បានបង្ហាញថា គឺទឹកដោះគោជូរ ប្រភេទមានជាតិខ្លាញ់ធម្មតាទៅវិញទេ ដែលជួយឱ្យស្រកទម្ងន់ ដោយសារមានជាតិប្រូតេអ៊ីនសមស្រប និងជួយឱ្យយើងមិនឃ្លានអាហារខុសពេល។
៤. ទឹកផ្លែឈើហូបស្រាប់
ទឹកផ្លែឈើហូបស្រាប់ សម្តៅលើប្រភេទទឹកផ្លែឈើពីសារធាតុម្សៅ មិនមែនធម្មជាតិ ដែលមិនមែនជាជម្រើសល្អសម្រាប់ញ៉ាំជាមួយអាហារពេលព្រឹក។ ជំនួសវិញ ឱ្យការញ៉ាំទឹកផ្លែឈើស្រាប់ គឺការបរិភោគផ្លែឈើស្រស់ធម្មជាតិជំនួស ដែលមិនត្រឹមជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឱ្យសកម្មនៅពេលព្រឹក និងផ្តល់ជីវជាតិចិញ្ចឹមផ្សេងៗដល់រាងកាយ។
៥. ផ្លែប៉ោម និងខ្ទឹមស
ផ្លែប៉ោម រួមទាំងខ្ទឹមស មានសារធាតុ Polyols ដែលជាកាបូនអ៊ីដ្រាតប្រភេទរំលាយយូរ ដែលហេតុនេះហើយ ការញ៉ាំរបស់ទាំងនេះនៅពេលព្រឹក ច្រើនធ្វើឱ្យហើមពោះ និងឆ្អល់ ព្រោះថាវាត្រូវការពេល។ ដោយសារនៅពេលព្រឹក ប្រព័ន្ធរំលាយអាហាររបស់យើង ពុំទាន់សកម្មនៅឡើយ ដូចនេះយើងអាចញ៉ាំប៉ោម ឬខ្ទឹមស នៅពេលថ្ងៃរសៀល ដែលបានទាំងប្រយោជន៍ជាច្រើននិងមិនប៉ះពាល់ដល់រាងកាយអ្នកនៅពេលព្រឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet