នាយករដ្ឋមន្ដ្រីឥណ្ឌាបានសុំអភ័យទោស ដល់ប្រជាជនក្រីក្ររបស់ខ្លួន ដែលរងគ្រោះដោយសារការបិទប្រទេស

//s5.kh1.co/98/98f91be712af5a987ed801938e258b7c293df7e0.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការសម្រេចចិត្តមួយនេះបានធ្វើឲ្យប្រជាជនឥណ្ឌាក្រីក្ររាប់លាននាក់ បន្សល់ទុកនូវភាពអត់ឃ្លាន។

ឥណ្ឌា៖ នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនត្រា ម៉ូឌី បានស្នើសុំការអភ័យទោស ដល់ប្រជាជនក្រីក្ររបស់ប្រទេសនេះ ខណៈពេលដែលសេដ្ឋកិច្ចនិងមនុស្សដែលរងគ្រោះ ដោយសារការបិទប្រទេសរយៈពេល ២១ ថ្ងៃរបស់លោក កាន់តែធ្ងន់ធ្ងរឡើង ហើយការរិះគន់បានកើនឡើង ជុំវិញកង្វះផែនការគ្រប់គ្រាន់ មុនការសម្រេចចិត្ដមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ម៉ូឌី បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំខែរបស់លោក តាមវិទ្យុរដ្ឋ កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំសុំអភ័យទោសចំពោះការចាត់វិធានការដ៏លំបាកទាំងនេះ ដែលបានបង្កការលំបាក នៅក្នុងជីវិតរបស់អ្នក ជាពិសេសប្រជាជនក្រីក្រ»។ «ខ្ញុំដឹងថា អ្នកនឹងខឹងខ្ញុំ ប៉ុន្ដែវិធានការតឹងរឹងទាំងនេះគឺត្រូវការជាចាំបាច់ ដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងនេះ»។

នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនត្រា ម៉ូឌី
នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនត្រា ម៉ូឌី

លោក ម៉ូឌី បានប្រកាសពីការបិទប្រទេសរយៈពេលបីសប្ដាហ៍ ដែលមានទំហំធំជាងគេ នៅលើពិភពលោក ហើយវាបានចូលជាធរមានកាលពីថ្ងៃទី២៥ ខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាតសកលកូរ៉ូណា។ ប៉ុន្ដែការសម្រេចចិត្តមួយនេះបានធ្វើឲ្យប្រជាជនឥណ្ឌាក្រីក្ររាប់លាននាក់ បន្សល់ទុកនូវភាពអត់ឃ្លាន និងបង្ខំឲ្យពលករចំណាកស្រុកគ្មានការងារធ្វើ រត់ចេញពីទីក្រុងនិងដើររាប់រយគីឡូម៉ែត្រ ទៅកាន់ភូមិកំណើតរបស់ពួកគេវិញ។

ប្រជាជនឥណ្ឌាបានរក្សាគម្លាត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
ប្រជាជនឥណ្ឌាបានរក្សាគម្លាត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៩៧៩ នាក់កាលពីថ្ងៃអាទិត្យ ដោយមានមនុស្សស្លាប់ចំនួន ២៥ នាក់។ រដ្ឋាភិបាលបានប្រកាសអំពីផែនការជំរុញសេដ្ឋកិច្ច ២២.៦ ប៊ីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្ដល់ការផ្ទេរសាច់ប្រាក់ដោយផ្ទាល់ និងការចែកស្បៀងអាហារដល់ប្រជាជនក្រីក្រឥណ្ឌា។ មួយភាគបួននៃចំនួនប្រជាជនឥណ្ឌា ១.៣ ប៊ីលាននាក់ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T