តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ!

//s5.kh1.co/df/df5171dd50f3ab62a48a5b6c61a69d12f6f94534.jpg
នារី

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្ស​យើងម្នាក់ៗ​សុទ្ធ​តែ​ចង់​រស់នៅ​ឲ្យ​បាន​យូរ និង​មាន​សុខភាព​ល្អ​មិនមាន​ជំងឺ​ផ្សេងៗ។

មនុស្ស​យើងម្នាក់ៗ​សុទ្ធ​តែ​ចង់​រស់នៅ​ឲ្យ​បាន​យូរ និង​មាន​សុខភាព​ល្អ​មិនមាន​ជំងឺ​ផ្សេងៗ។ ច្បាស់ណាស់ពិតជាមានតិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យយើង​មានអាយុវែង និងមាន​សុខភាព​ល្អ​មិន​ថា​យើងកំពុងនៅ​អាយុ២០ឆ្នាំ ៣០ឆ្នាំ ឬ៦០ឆ្នាំ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈប់​ជក់បារី

ការ​ឈប់​ជក់​បារី​ជាផ្នែក​មួយ​អាចជួយ​​ឲ្យ​យើងមានអាយុវែង​។ ការ​សិក្សា​របស់​ប្រទេស​អង់គ្លេស​ដែល​មាន​រយៈពេល​៥០ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ការ​ឈប់​ជក់បារី​នៅ​អាយុ​៣០ឆ្នាំ​អាច​ឲ្យ​យើង​រស់​បាន​១០​ឆ្នាំ​ទៀត។ បើ​ឈប់​នៅ​អាយុ​៤០ ឬ៥០ ឬ៦០ឆ្នាំ​អាច​បន្ថែម​៩ ឬ៦ ឬ​៣ឆ្នាំ​ទៀត​តាម​ហ្នឹងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​គ្រួសារ​ក៏​ចៀស​វាង​ពី​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​ផ្សែង​បារី​ដែរ។

២. គេងថ្ងៃ

ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​មានអាយុវែងដែរ។ ជាពិសេស​សម្រាប់​អ្នក​តែង​គេង​ថ្ងៃ​ជា​ប្រចាំ​អាច​នឹង​កាត់​បន្ថយ​ការ​ប្រឈមនឹង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង។ ម៉្យាងទៀត អ្នក​វិទ្យាសាស្ត្រ​បាន​គិត​​ថា​ការ​គេងថ្ងៃ​អាច​ជួយ​សុខភាព​បេះដូង​ដោយ​រក្សា​កម្រិត​ស្ត្រេស​ឲ្យ​នៅ​ទាប។

៣. របបអាហារ

របប​អាហារ​គួរ​សំបូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ត្រី​ជាដើម។ ប៉ុន្តែ​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​រៀប​ចំ​របបអាហារ​ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន Metabolic syndrome ដូចជា ជំងឺ​ធាត់ ជាតិស្ករ​ក្នុង​ឈាម​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​អាការៈ​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម។ បន្ថែមពី​នេះ​ទៀត គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ (Processed foods) ដោយសារ​អាហារ​ទាំងនេះ​សំបូរ​ទៅ​​សូដ្យូម ខ្លាញ់ និង​ស្ករ។

៤. សម្រក​ទម្ងន់

ប្រសិន​ជា​លើស​ទម្ងន់ យើងគួរ​ធ្វើ​ការ​សម្រក​ទម្ងន់​ដើម្បី​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ស្ថានភាព​ផ្សេងៗ​ដែល​កាត់​បន្ថយ​អាយុ​ជីវិត​យើង​បាន។ ខ្លាញ់​នៅ​ក្បាល​ពោះ​គឺ​មាន​ផល​អាក្រក់ ដូចនេះ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ចុះ​ខ្លាញ់​នៅ​ក្បាល​ពោះដោយ​ញ៉ាំ​ជាតិ​សរសៃ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។

៥. ហាត់ប្រាណ

អ្នក​ធ្វើ​លំហាត់​ប្រាណ​អាច​រស់​បាន​យូរ​ជាង​អ្នក​មិន​ហាត់​ប្រាណ។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​មហារីក និង​ជំងឺ​បាក់​ទឹក​ចិត្ត។ ការ​ហាត់​ប្រាណ​ត្រឹម​តែ​ដប់​នាទី​ក៏​ល្អ​ ឲ្យ​តែ​ក្នុង​មួយ​សប្ដាហ៍​ហាត់​ប្រាណ​បាន​ជា​មធ្យម​ពីរម៉ោង​កន្លះ។

៦. ផឹក​គ្រឿងស្រវឹងក្នុងកម្រិត​តិចតួច

អ្នក​ផឹក​គ្រឿងស្រវឹង​ក្នុង​កម្រិត​តិចតួច​មិន​សូវ​ឃើញ​មាន​ជំងឺ​បេះដូងទេ​។ ប៉ុន្តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​ឡើង និង​បញ្ហា​សុខភាព​ផ្សេង​ទៀត។ យក​ល្អ​សម្រាប់​ស្ត្រី​គួរ​ផឹក​មួយថ្ងៃ​មួយ​កែវ និង​បុរស​មួយ​ថ្ងៃ​មួយ​ទៅ​ពីរ​កែវ។ ប៉ុន្តែ​ប្រសិន​ជា​អ្នក​មិន​ចេះ​ផឹក គួរ​កុំ​ផឹកអី។

៧. ការ​អត់​ឱន

ការ​អន់​ឱន​អាច​ជួយ​ដល់​សុខភាព​ច្រើន ព្រោះ​ភាព​ខឹង​ក្រោធ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ សួត​ចុះ​ខ្សោយជាដើម។ ការ​អត់ឱន​ក៏​អាច​កាត់បន្ថយ​ការ​ថប់បារម្ភ សម្ពាធ​ឈាម និង​ជួយ​ដល់​ការ​ដក​ដង្ហើម​ទៀតផង។

៨. ប្រើប្រាស់​ឧបករណ៍​ការពារ

ឧបទ្ទវហេតុ​ក៏​ជា​មូលហេតុ​មួយ​នៃ​ការស្លាប់​ដែរ។ ការ​ពាក់​ឧបករណ៍​ការពារ​អាច​ជួយ​ឲ្យ​យើង​រស់នៅ​បាន​យូរ​ដែរ។ ដូចនេះ​ពេល​ធ្វើ​ដំណើរ​គួរ​ពាក់​មួក​សុវត្ថិភាព ឬ​ពាក់​ខ្សែ​ក្រវាត់។

៩. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ធាត់ ទឹកនោមផ្អែម ជំងឺ​បេះដូង និង​បញ្ហា​ផ្លូវ​អារម្មណ៍។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​អាច​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​លឿន។ ការ​គេង​ត្រឹម​តែ​ប្រាំ​ម៉ោង​ក្នុង​មួយ​យប់ ឬច្រើន​ជាង​ប្រាំបួន​ម៉ោង​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចំពោះសុខភាព។

១០. កាត់បន្ថយ​ស្ត្រេស

មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុត​ពី​បញ្ហា​ស្ត្រេស​ទេ។ ​វិធី​កាត់បន្ថយស្ត្រេស​គឺ​អាច​​ហាត់​យ៉ូហ្គា និង​ធ្វើ​សមាធិ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T