បុរសនៅពីក្រោយរឿង«រសជាតិជីវិត» ឧបត្ថម្ភ ៥០០០ ដុល្លារ​ឲ្យ​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​កូវីដ​១៩

//s5.kh1.co/04/042432e42c1cdfb81b6ed1b545cdfea967b8bd06.jpg
សង្គម

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផលិតករភាពយន្តដ៏ល្បីរបស់អង់គ្លេសដែល​បាន​រកឃើញផ្ទះទី២ នៅ​ប្រទេសកម្ពុជា

លោក Matthew Robinson ដែលជាអ្នកដឹកនាំភាពយន្តដ៏ល្បីឈ្មោះមួយរូបនៃចក្រភពអង់គ្លេស និងត្រូវបានគេ​ស្គាល់ផងដែរថា ជាអ្នកដឹកនាំភាពយន្ត «រសជាតិជីវិត» ដ៏ល្បីនៅកម្ពុជាបានឧបត្ថម្ភទឹកប្រាប់ចំនួន ៥០០០ ដុល្លារ​ទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងលិខិតមួយដែលបានចេញកាលពីថ្ងៃម្សិលមិញ (២៦ មីនា) សម្តេចនាយករដ្ឋមន្រ្តី​ហ៊ុន សែន បានថ្លែង​អំណរគុណ​ដល់លោក Robinson ចំពោះការរួមចំណែករបស់លោកបែបនេះ។

សម្តេចបានបញ្ជាក់នៅក្នុងលិខិតថា៖ «ក្នុងស្មារតីនេះ រដ្ឋាភិបាលសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ​ចំពោះលោកដែលបានបរិច្ចាគនូវជំនួយជាថវិកាចំនួន ៥០០០ ដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលសម្រាប់ប្រយុទ្ធ​ប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជន​កម្ពុជា​»។

ជាមួយគ្នានេះដែរ​ លោក Matthew Robinson បានប្រាប់ Khmerload ថា ការឧបត្ថម្ភនេះគឺជារឿងតិចតួច​បំផុត​ដែលលោកអាចធ្វើបានសម្រាប់ជាការរួមចំណែកទៅដល់កម្ពុជា ដែលលោកចាត់ទុកជា «ផ្ទះទី២» របស់លោក ស្របពេលដែលផលិតកម្មខ្មែរមេគង្គរបស់លោក កំពុងតែបាត់បង់ចំណូល ដោយសារតែការរំខាននៃវីរុសកូវីដ១៩នេះ។

លោកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ស្ថានភាពនឹងអាចវិលទៅរកសភាពដើមវិញយ៉ាងឆាប់រហ័ស។ ខ្ញុំពិតជា​ជឿជាក់​ទៅលើការ​ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការជួយឲ្យកម្ពុជាឲ្យចេញផុតពីស្ថានភាពដ៏លំបាកនេះ»។

លោក Robinson បន្តទៀតថា៖ «នៅពេលនេះ នៅក្នុងកម្ពុជា ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាជាងនៅ​ក្នុង​ប្រទេស​កំណើតរបស់ខ្ញុំទៅទៀត»។

សូមបញ្ជាក់ថា លោក Matthew Robinson បានកសាងកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេសរួចទៅហើយ ​ក្នុងនាម​ជាផលិតករ​ភាពយន្តដែលទទួលបានពានរង្វាន់នៃទូរទស្សន៍ BBC។ នៅឆ្នាំ២០០៣ ផលិតករភាពយន្ត​វ័យ ៧៥​ឆ្នាំ​រូបនេះ បានក្លាយទៅជាអ្នកដឹកនាំផលិតភាពយន្តភាគទូរទស្សន៍ដ៏ល្បីជាងគេមួយក្នុងប្រវត្តិសាស្រ្តភាពយន្នកម្ពុជា គឺរឿង «រសជាតិជីវិត»។

នៅឆ្នាំ២០០៦ នៅពេលដែលភាពយន្តរសជាតិជីវិតត្រូវបានបញ្ចប់ជាស្ថាពរ​ លោក Robinson បានសម្រេចចិត្ត​តាំងទី​លំនៅ នៅកម្ពុជាជាអចិន្រៃយ៍ដោយសារទឹកចិត្តស្រលាញ់ប្រទេសនេះ​ ក៏ដូចជាប្រជាជនកម្ពុជា។

គិតមកដល់ពេលនេះ ផលិតកម្មខ្មែរមេគង្គរបស់លោក បានផលិតស្នាដៃដ៏គួរឲ្យកត់សម្គាល់ជាច្រើន ជាពិសេស​គឺរឿងបាត់ខ្លួន (២០០៩) និងរឿងតម្លៃស្នេហ៍ (២០១៦) ដែលបានឈ្នះពានរង្វាន់ជាច្រើន៕

លោក Robinson និងក្រុមការងារពេលផលិតរឿងរសជាតិជីវិតនៅឆ្នាំ២០០៦<br>
លោក Robinson និងក្រុមការងារពេលផលិតរឿងរសជាតិជីវិតនៅឆ្នាំ២០០៦
លោក Robinson និងក្រុមការងារពេលផលិតរឿងរសជាតិជីវិតនៅឆ្នាំ២០០៦
លោក Robinson និងក្រុមការងារពេលផលិតរឿងរសជាតិជីវិតនៅឆ្នាំ២០០៦
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T