តើអ្វីជាក្តីបារម្ភរបស់អាជ្ញាធរ ក្រោយពលរដ្ឋខ្មែរត្រលប់មកពីថៃ​?​

//s5.kh1.co/e1/e123384a6d9893f718c619b23acc5e6c699e86e2.jpg
សង្គម

 ២៣-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នាថ្ងៃអាទិត្យ ពលរដ្ឋ​កម្ពុជាដែលទៅធ្វើជាពលករនៅថៃ បានសម្រុកត្រលប់ចូលក្នុងស្រុកយ៉ាងច្រើនសន្ធឹក

ក្រសួងសុខាភិបាល នា​យប់​ថ្ងៃអាទិត្យ ទី​២២ ខែមីនានេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៣១ករណីបន្ថែមទៀត​នៅខេត្តព្រះសីហនុ។ ករណី​ទាំងនេះ​នាំ​ឲ្យ​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន​៨៤នាក់​ហើយ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ មុនមានការជូនដំណឹងពីចំនួនករណីថ្មីនៃអ្នកឆ្លងកូវីដ១៩នាថ្ងៃអាទិត្យ ពលរដ្ឋ​កម្ពុជាដែល​ទៅធ្វើជាពលករនៅថៃ បានសម្រុកត្រលប់ចូលក្នុងស្រុកយ៉ាងច្រើនសន្ធឹក។ ការសម្រុកយ៉ាងគំហុកនេះធ្វើឡើង ក្រោយកម្ពុជា និងថៃសម្រេច​បិទព្រំដែនគ្រប់ច្រកទាំងអស់ ជាបណ្តោះអាសន្នដោយសារបារម្ភពីការរាត​ត្បាត​វីរុស​កូវីដ១៩។

ស្របពេលជាមួយគ្នា គេសង្កេតឃើញ អ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេ បានចេញមុខបង្ហាញ​នូវយោបល់​ផ្សេងៗគ្នាដោយភ័យព្រួយ​ពីការកើនឡើងនៃករណីឆ្លងវីរុសខាងលើ ព្រោះឃើញចំនួនពលរដ្ឋច្រើន​កុះករ​ត្រលប់​ពី​ថៃចូល​ស្រុកខ្មែរវិញ។

តបទៅកាន់សំណួរ (comment) របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលបានចោទឡើង​ទៅកាន់ការ​បង្ហោះរបស់លោក លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ​បា​នបញ្ជាក់​នៅក្នុង​គណនី​ហ្វេសប៊ុកផ្លូវការរបស់ខ្លួន​នាយប់ថ្ងៃ២២មីនា ២០២០នេះថា ក្តីបារម្ភរបស់មន្ត្រីរដ្ឋភិបាលគឺខ្លាចថា ពលរដ្ឋមួយចំនួនសំងំនៅក្នុងទីក្រុង។

លោកថា៖ «តាមមូលដ្ឋានភូមិឃុំ  គាត់ក្តាប់បានថាផ្ទះណាខ្លះមានអ្នកទៅធ្វើការនៅថៃ។ ការបារម្ភរបស់យើង គឺមួយចំនួនសំងំនៅក្នុងទីក្រុង។»

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា៖ «គាត់សំរុកចូលមិនព្រមកាត់ការត្រួតពិនិត្យ​ ហេតុនេះមានបញ្ជាទៅគ្រប់ខេត្ត​អោយចុះតាមមូលដ្ឋាន ដើម្បីដាក់បងប្អូនទាំងនេះដាច់ដោយឡែកពីគេ និងក្រោមការត្រួតពិនិត្យរបស់ពេទ្យចំនួន ១៤ ថ្ងៃ»។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាន​នាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់​មកស្រុកកំណើតវិញ។

ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភ​ខ្លាចពួកគេនាំ​មកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់​ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួរំឭកថា គិតមកដល់ព្រឹកថ្ងៃ ២៣មីនានេះ កម្ពុជាមាន​ករណីឆ្លង COVID-19 សរុប​៨៤ករណី ដែលក្នុង​នោះមាន​ប្រុស​៦៣នាក់ ស្រី២១នាក់។ ក្នុងចំណោម​ជនបរទេស បារាំងក្លាយជាចំនួន​ដែលច្រើន​ជាងគេ ហើយ​បន្ទាប់មក​មានម៉ាឡេស៊ី និងអង់គ្លេស។

ហើយក្នុងចំណោម​៨៤​ករណី បរទេស​មាន៥១​នាក់ និង​ខ្មែរ​៣៣​នាក់។ ២​ករណី​ហើយ​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ ក្នុងនោះ​មាន​ករណី​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​បុរស​ជនជាតិ​ចិន​ពី​ក្រុង​វូ​ហាន និង​ករណី​ស្ត្រី​អង់គ្លេស​ពី​នាវា Viking Cruise Journey ប្រភពពី​ហូជីមិញ និង​សំចត​នៅ​កំពង់ចាម​៕

https://s5.kh1.co/__image/w=650,h=488,q=100/f5/f50f8bf547df2096d0c92f760d012675f6f2573b.jpg
https://s5.kh1.co/__image/w=650,h=879,q=100/a6/a6728860250b9bba80839dd8fd1fd0851023ed6b.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T