តើអាជ្ញាធរមានវិធានការបែបណា ចំពោះពលរដ្ឋខ្មែរទើបមក​ពីថៃ​?​

//s5.kh1.co/89/896b3ae97b8671104c0178be82a2120ec390c499.jpg
សង្គម

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តើអាជ្ញាធរមានវិធានការបែបណាចំពោះ អ្នកទើបមកពីថៃ?

ថ្មីៗនេះ ពលរដ្ឋកម្ពុជាដែលទៅធ្វើពលករនៅថៃ បានសម្រុកចូលក្នុងស្រុកយ៉ាងច្រើនសន្ធឹកគួរឲ្យកត់សម្គាល់។ ការសម្រុកយ៉ាងគំហុកនេះធ្វើឡើង ក្រោយកម្ពុជា និងថៃសម្រេច​បិទព្រំដែនគ្រប់ច្រក​ទាំងអស់ជា​បណ្តោះអាសន្ន​ដោយសារ​បារម្ភ​ពីការរាតត្បាតវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សង្កេតឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេ បានបង្ហាញនូវយោបល់ផ្សេងៗគ្នាទាក់ទិននឹង​បញ្ហាប្រឈម​នានា។

«គាត់សំរុកចូលមិនព្រមកាត់ការត្រួតពិនិត្យ​ ហេតុនេះមានបញ្ជាទៅគ្រប់ខេត្តអោយចុះតាមមូលដ្ឋាន ដើម្បី​ដាក់បងប្អូនទាំងនេះដាច់ដោយឡែកពីគេ និងក្រោមការត្រួតពិនិត្យរបស់ពេទ្យចំនួន ១៤ ថ្ងៃ»។

នេះជាសារឆ្លើយតបពីដំណោះស្រាយ (comment) របស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានបង្ហើប​នៅក្នុង​គណនី​ហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃ២២មីនា ២០២០នេះ។ ការឆ្លើយតបបែបនេះ ធ្វើឡើងក្រោយពេល​មាន​អ្នក​ប្រើប្រាស់​បណ្តាញសង្គមបានចោទជាសំណួរទៅរដ្ឋមន្ត្រីរូបនេះ ថាតើអាជ្ញាធរមានវិធានការបែបណាចំពោះ អ្នកទើបមកពីថៃ?

លោកខៀវ កាញារីទ្ធបន្តថា​ ក្តីបារម្ភរបស់អាជ្ញាធរនោះគឺ ខ្លាចថាពលករមួយចំនួនសំងំនៅក្នុងក្រុង។ លោកថា៖ «តាមមូលដ្ឋានភូមិឃុំ  គាត់ក្តាប់បានថាផ្ទះណាខ្លះមានអ្នកទៅធ្វើការនៅថៃ។ ការបារម្ភរបស់យើង គឺមួយចំនួនសំងំ​នៅក្នុងទីក្រុង។»

លោកខៀវ កាញារីទ្ធ
លោកខៀវ កាញារីទ្ធ

យ៉ាងណារដ្ឋមន្ត្រីរូបនេះ​ មានសុទិដ្ឋិនិយមថាព្រឹកថ្ងៃ២៣មីនានេះ អាជ្ញាធរនឹងអាចចាត់វិធានការបានហើយ។

«យ៉ាងយូរបំផុត​ ព្រឹកព្រលឹមនេះ តែខេត្តជាប់ព្រំដែនអាចធ្វើសកម្មភាពបានភ្លាម។»

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នា​យប់​ថ្ងៃអាទិត្យ ទី​២២ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៣១ករណីបន្ថែមទៀត​នៅខេត្តព្រះសីហនុ។ ករណី​ទាំងនេះ​នាំ​ឲ្យ​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន​៨៤នាក់​ហើយ​។​

ហើយក្នុងចំណោម​៨៤​ករណី បរទេស​មាន៥១​នាក់ និង​ខ្មែរ​៣៣​នាក់។ ២​ករណី​ហើយ​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ ក្នុងនោះ​មាន​ករណី​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​បុរស​ជនជាតិ​ចិន​ពី​ក្រុង​វូ​ហាន និង​ករណី​ស្ត្រី​អង់គ្លេស​ពី​នាវា Viking Cruise Journey ប្រភពពី​ហូជីមិញ និង​សំចត​នៅ​កំពង់ចាម​៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T