ប្លែកណាស់! ក្រុមអ្នកវិទ្យាសាស្ដ្របានប្រទះឃើញ ភពចម្លែកមួយ មានភ្លៀងធ្លាក់ជាដែក

//s5.kh1.co/af/afb797c099046ead47eb1576f61c77b7f0c37bfa.jpg
បច្ចេកវិទ្យា

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខុសពីផែនដី ភពមួយនោះមិនមានរង្វិលខ្ញាល់ទេ មានន័យថាផ្នែកម្ខាងនៃភពនោះ តែងតែបែរចំផ្កាយរបស់វាជានិច្ច។

ស៊ីលី៖ ឥឡូវនេះ ក្រុមតារាវិទូបានប្រទះឃើញភពឧស្ម័នយក្សក្ដៅខ្លាំងមួយ ដែលជាកន្លែងមានភ្លៀងដែកធ្លាក់ ពីលើមេឃ នៅពេលយប់។ ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យនេះត្រូវបានគេហៅថា WASP-76b ហើយវាបានវិលជុំវិញគន្លងផ្កាយមួយ ដែលស្ថិតនៅក្នុងតារានិករ Pisces និងមានចម្ងាយ ៦៤០ឆ្នាំពន្លឺ ពីភពផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង បរិយាកាសភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ
រូបតំណាង បរិយាកាសភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ

ភពនោះកំពុងទទួលការបំផ្លាញ ដោយកាំរស្មីរាប់ពាន់ដង ជាងផែនដីបានទទួលពីព្រះអាទិត្យ។ ខុសពីផែនដី ភពមួយនោះមិនមានរង្វិលខ្ញាល់ទេ មានន័យថាផ្នែកម្ខាងនៃភពនោះ តែងតែបែរចំផ្កាយរបស់វាជានិច្ច។ ដំណើរមួយនេះគឺស្រដៀងគ្នានឹង ព្រះចន្ទវិលជុំវិញភពផែនដីដែរ។ ចំពោះភពចម្លែកថ្មី ផ្នែកដែលតែងតែបែរចំផ្កាយរបស់វាជានិច្ច ហើយត្រូវបានគេហៅថា ជាពេលថ្ងៃនោះ មានសីតុណ្ហភាពលើសពី ១,៧២៦អង្សាសេ។

ក្រុមតារាវិទូបានប្រើតេឡេទស្សន៍ធំបំផុត របស់មន្ទីរអង្កេតតារាសាស្ដ្រអឺរ៉ុបខាងកើត ដែលមានមូលដ្ឋាននៅលើវាលខ្សាច់ Atacama ក្នុងប្រទេសស៊ីលី ដើម្បីសង្កេតមើលភពក្រៅប្រព័ន្ធព្រះអាទិត្យ និងពិនិត្យមើលបរិយាកាសរបស់វា។ នៅលើភពនោះ ពួកគេបានប្រទះឃើញ ធាតុដែក។

គំនូរគូរដោយវិចិត្រករស្វីស លោក Frederik Peeters បង្ហាញពី ព្រំប្រទល់ថ្ងៃនិងយប់ នៅលើភព WASP-76b
គំនូរគូរដោយវិចិត្រករស្វីស លោក Frederik Peeters បង្ហាញពី ព្រំប្រទល់ថ្ងៃនិងយប់ នៅលើភព WASP-76b

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សីតុណ្ហភាពផ្នែកថ្ងៃរបស់វា គឺមានកម្ដៅខ្លាំង ដែលអាចបម្លែងម៉ូលេគុលទៅជាអាតូម និងលោហៈទៅជាចំហាយ ដែលបង្កើតបានជាចំហាយដែក។ ខ្យល់បក់យ៉ាងលឿន បាននាំយកចំហាយដែកទាំងនេះ ទៅផ្នែកពេលយប់ ដែលមានសីតុណ្ហភាពត្រជាក់ជាងផ្នែកពេលថ្ងៃ ដោយមានសីតុណ្ហភាព ១,២២៦អង្សាសេ។

ចំហាយជាតិដែកបានប្រមូលផ្ដុំក្នុងពពក បណ្ដាលឲ្យមានភ្លៀងធ្លាក់នៃជាតិដែករាវ ហើយនេះបង្កើតបានជាធាតុដែក ដែលគេអាចសង្កេតឃើញ​ នៅក្នុងបរិយាកាសរបស់វា។ ការស្វែងយល់អំពីធាតុគីមី នៃភពក្រៅប្រព័ន្ធព្រះអាទិត្យ នឹងជួយក្រុមតារាវិទូ ដឹងពីអាកាសធាតុ បរិយាកាស និងបរិស្ថានរបស់វា ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T