ឆែ ដានី៖ គេងលើគ្រែពេទ្យស្ទើរស្លាប់ស្ទើររស់ ទើបខ្ញុំដឹង​ថា​វេលា​​​​ជួបជុំ​​មាន​តម្លៃ​ខ្លាំងប៉ុណ្ណា

//s5.kh1.co/17/1724f22d75f03e2d79c9efec59a218d9c2b23b40.jpg
សង្គម

 ១២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្តាយបំផុតគឺការប្រើប្រាស់ពាក្យសម្តីលើសលួសដាក់ឪពុកម្តាយ ដែលធ្វើឲ្យខ្ញុំមានវិប្បដិសារី...

កញ្ញាឆែ ដានីជានិស្សិតអនុបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលត្រូវ​បាន​មជ្ឈដ្ឋាន​ខាងក្រៅបានស្គាល់កញ្ញាតាមរយៈសមត្ថភាពសិក្សា និងសិល្បៈ។ ប៉ុន្តែក្នុងអំឡុងខែសីហាឆ្នាំ២០១៩ និស្សិតវ័យ២៧ឆ្នាំរូបនេះ បានជួបប្រទះនូវបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ​ ដែលកាលនោះដានីថា​ខ្លួនចាប់ផ្តើម​ទ្រុឌទ្រោមស្ទើរតែបាត់បង់ជីវិត។ ស្ទើរបង់ជីវិត គឺដោយសារកញ្ញាមានជំងឺម្យ៉ាងដែលផ្លាកែតក្នុងរាងកាយ​មិន​ផលិតឈាមស និងឈាមក្រហម​ ហើយខ្លួនខ្វះលទ្ធភាពព្យាបាលព្រោះបញ្ហាខាងលើត្រូវការថវិកាច្រើន តែ​ក្រោយ​មកដោយសារមានការឧបត្ថម្ភបន្តបន្ទាប់ពីសប្បុរសជនទើបធ្វើឲ្យអ្នកពោធិ៍សាត់រូបនេះ អាចបន្តជីវិតមកដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដានីថាខ្លួនតូចចិត្តដែលក្លាយជាបន្ទុកសម្រាប់គ្រួសារ និងអ្នកជុំវិញខ្លួន៖ «គេងលើគ្រែពេទ្យស្ទើរស្លាប់ស្ទើររស់ ទើបខ្ញុំដឹងថាពេលវេលាជួបជុំមានតម្លៃខ្លាំងប៉ុណ្ណា...។ ខ្ញុំតូចចិត្តព្រោះអ្វីដែលខំប្រឹងប្រែងធ្វើកន្លងមក​មិនទាន់​ជោគជ័យផង ទើបតែមកដល់ពាក់កណ្តាលផ្លូវ មិនទាន់បានជួយជ្រោមជ្រែងគ្រួសារផង ស្រាប់តែ​យើងធ្វើឲ្យ​ឪពុកម្តាយ​ពិបាក ត្រូវយកប្លង់ដីទៅដាក់ធនាគារ និងខ្ចីបុលអ្នកជុំវិញខ្លួនថែមទៀត។»

ដានីសម្រាកនៅមន្ទីរពេទ្យ
ដានីសម្រាកនៅមន្ទីរពេទ្យ

Khmerload បានជួបសម្ភាសន៍ជាមួយដានីផ្ទាល់ ដល់គេហដ្ឋានដែលកញ្ញាកំពុងស្នាក់នៅក្នុងក្រុងភ្នំពេញ​ជាមួយជីដូន។ ដានីបានបង្ហាញនូវក្តីសោកស្តាយពេលរំឭកដល់វេលាដែលខ្លួននៅមាន​សុខភាពល្អមាំមួន​នៅឡើយថា៖ «ស្តាយបំផុតគឺការប្រើប្រាស់ពាក្យសម្តីលើសលួសដាក់ឪពុកម្តាយ ដែលធ្វើឲ្យខ្ញុំមានវិប្បដិសារី។ ពេលខ្លះពុកម៉ែទូរស័ព្ទមក ខ្ញុំគ្រាន់តែឆ្លើយថា៖ “Hello, ខ្ញុំរវល់ណាស់។ ប៉ុណ្ណឹងបានហើយ។” ខ្ញុំតបទូរស័ព្ទ​ពួកគាត់បែបហ្នឹង ហើយ​ដាក់ទូរស័ព្ទចុះ។ ខ្ញុំស្តាយពេលវេលាទាំងនោះខ្លាំងណាស់។ កាលនោះ ​ឪពុកម្តាយ​ខ្ញុំតែង​សួរថា៖ “រវល់អីក៏រវល់ម្ល៉េះ? ដល់ថ្នាក់គ្មានពេលសូម្បី១ ឬ២នាទីដើម្បីនិយាយទូរស័ព្ទជាមួយគាត់”។ តែក្រោយពីពេលវេលានៅលើគ្រែពេទ្យ ដែលពេលនោះខ្ញុំមានអារម្មណ៍ថាខ្លួន​ឯងជិតស្លាប់ទៅហើយ ទើបខ្ញុំដឹងថា​ពេលវេលាទាំងនោះជាមួយគ្រួសារមានតម្លៃបំផុត។»

ដានីសម្រាកនៅមន្ទីរពេទ្យ
ដានីសម្រាកនៅមន្ទីរពេទ្យ

ទឹកភ្នែកស្រក់ចុះឥតស្រាកនៅឡើយ កញ្ញាដានីបន្តថា៖​ «មកដល់ឥឡូវ បើពេលណាមួយដែលខ្ញុំប្រើពាក្យ​សំដី​លើសលួសលើគាត់ ខ្ញុំក៏ចាប់ផ្តើមដឹងខ្លួនមួយរំពេចន៍ រហ័សដឹង ខ្ញុំចាប់ផ្តើមកែប្រែ ហើយដឹងថាពួកគាត់តូចចិត្ត។ ខ្ញុំចង់ឲ្យខួរក្បាលម្នាក់ៗចងចាំតែរឿងល្អៗ​​ ហើយមិនចង់ឲ្យមានតែរឿងរ៉ាវអាក្រក់ៗ និងភាពសោកស្តាយនៅដិតដាម​បន្តទៀតនោះទេ។»

កូនស្រីអ្នកពោធិ៍សាត់រូបនេះបន្ថែមថា៖ «ពេលខ្លះយើងគិតថា យើងអាចជួបឪពុកម្តាយពេលណាក៏បាន តែការពិត​យើងកំពុងយល់ខុស។ មួយទៀត ដោយសារការងារខ្ញុំធ្លាប់មិនទៅសួរសុខទុក្ខគ្រួសារពេលបុណ្យ​ចូលឆ្នាំដល់ទៅ៤ឆ្នាំ មកដល់ពេលនេះខ្ញុំសោកស្តាយណាស់។ យើងមិនដែលយល់ថាពេលវេលាមានតម្លៃប៉ុណ្ណា រហូតដល់ពេលមួយដែល​យើងស្ទើរតែបាត់បង់ជីវិត។»

គ្រូបង្រៀនឲ្យអង្គការTeach For Cambodia បានបញ្ជាក់ពីមូលហេតុនៃជំងឺរបស់ខ្លួនដោយឥតលាក់លៀមថា៖

«ពេទ្យជំនាញប្រាប់ខ្ញុំថា ខ្ញុំមានជំងឺម្យ៉ាងដែលប្លាកែតមិនផលិតឈាមស និងក្រហម។ ហើយជំងឹដែល​កើតលើខ្ញុំពុំមែនដោយសារសែនតំណពូជឡើយ។ តែវាកើតឡើងដោយសារទម្លាប់ប្រចាំថ្ងៃនៃការញាំអាហារ ញាំអាហារតាមផ្លូវ និងភេសជ្ជៈផ្អែម ហើយមួយទៀតគឺការបង្ខំខ្លួនឯងឲ្យធ្វើការងារលើសកម្រិត ខណៈ​សុខភាព​ទន់ខ្សោយ។»

ដានីសម្រាកនៅមន្ទីរពេទ្យ
ដានីសម្រាកនៅមន្ទីរពេទ្យ

យ៉ាងណាដានីថា មកដល់បច្ចុប្បន្នខ្លួនអាចនឹងមានភាគរយច្រើនថាអាចជាសះស្បើយ។ ដានីថា៖ «ពេទ្យថាអាចនឹងសះស្បោយ។ ភាគរយនៃការប្រសើរឡើងគឺ៨០ទៅ៩០ភាគរយ។»

«ខ្ញុំធ្លាប់ឆ្លងកាត់ ខ្ញុំធ្លាប់ដើរជាន់បន្លា ខ្ញុំដឹងថា​វាឈឺណាស់។ ចំពោះអ្នកដែលមានសំណាងជាងខ្ញុំ មិនមាន​ជំងឺបៀតបៀន យើងត្រូវធ្វើឲ្យល្អបំផុតដាក់គ្រួសាររបស់យើង។ ធ្វើអីដែលយើងស្រលាញ់ និងសប្បាយចិត្ត​ព្រោះទោះបីយើងត្រូវចាកចេញក៏យើងសប្បាយចិត្តដែរ ព្រោះយើងបានធ្វើវារួចហើយ​(die peacefully)។»

«បើចង់ធ្វើអ្វីមួយ ចូរកុំចាំពេលននេះ ឬពេលនោះ! បញ្ហាសុខភាពភ្លាមៗ អាចផ្តាច់គោលដៅអ្នក។ កាលនៅជា ខ្ញុំតែងគិតថាខ្លួនឯង​ខ្វះខាតនេះ ខ្វះនោះ​ជានិច្ច តែពេលដល់ដំណាក់កាលមួយដែលខ្លួនឯងស្ទើរស្លាប់ ទើបខ្ញុំដឹង​ថាឲ្យតែមានសុខភាពល្អគឺគ្រប់គ្រាន់ហើយ។​ ការសិក្សា និងការងារសំខាន់ តែសុខភាពសំខាន់ជាង។ ព្រោះពេលសុខភាពកំពុងទ្រុឌទ្រោម ហើយយើងមិនបានថែទាំសុខភាព នោះយើងនឹងកាន់តែទន់​ខ្សោយដល់​បាត់បង់ជីវិត»។

ដានី​ និងអ្នកសួរសុខទុក្ខ
ដានី​ និងអ្នកសួរសុខទុក្ខ

ទោះបីកំពុងមានជំងឺជាប់ខ្លួនបែបនេះក្តី តែដានីថាអ្នកជុំវិញខ្លួនមិនបានទុកកញ្ញាចោលឡើយ។ មិនបានទុកចោល ដោយសារកាលនោះទាំងអ្នកស្គាល់ និងអ្នកដែលមិនស្គាល់កញ្ញាទាល់តែសោះ បានបង្ហោះ និងចែកចាយព័ត៌មាន​ជាហូរហែរនៅលើ​បណ្តាញសង្គមហ្វេសប៊ុកក្នុងន័យជម្រុញឲ្យសប្បុរសជនចូលរួម​បរិច្ចាគទៅតាមលទ្ធភាព​ដើម្បីជួយ​សង្គ្រោះជីវិតកញ្ញា។ ថវិកាសប្បុរសនេះ​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រួមចំណែក​ទៅ​លើ​ការ​ចំណាយ​លើការព្យាបាល​ដែល​អាច​ធ្វើ​ឲ្យ​ដានី​ទទួល​បានសង្ឃឹមរស់បានវិញពី ៧០ ទៅ​ ៨០ ភាគរយ។

លោកហួរ តុលាដែលជាតំណាងឲ្យក្រុមការងារជួយប្រមូលថវិកាបានរៀបរាប់ថា ការពិតការផ្សព្វផ្សាយដើម្បីរក​ជំនួយកន្លងទៅបានធ្វើឡើងក្នុងន័យ​ជួយស្រោចស្រង់ និងស្រោចស្រង់ជីវិតយុវត្តីដានី។ លោកថា ជាមោទនភាព​ដែលការបរិច្ចាគទាំងនោះបានសង្គ្រោះជីវិតដែលមានតម្លៃធំធេង។

លោកតុលាថា៖ «ខ្ញុំគា្រន់តែជារៀមច្បងម្នាក់ដែលស្គាល់ដានី ហើយមានការសហការពីគ្រួសារដានី ព្រមទាំង​មន្ទីរពេទ្យ​ពីវៀតណាមដែលធ្វើឲ្យយើងដឹងពីស្ថានភាពដានីច្បាស់។​ មែនទែនទៅអ្នកជួយមួយចំនួនមិនទាន់ទុក​ចិត្ត​លើយើងទាំងស្រុងទេ ប្រហែលជាបារម្ភខ្លាចករណីបោកប្រាស់។»

លោកហួរ តុលា, ដានី និងជីដូន<br>
លោកហួរ តុលា, ដានី និងជីដូន

លោកបន្តថា៖ «ដានីអាចគិតច្រើនមុននឹងសម្រេចចិត្តប្រាប់ពីបញ្ហាជំងឺនោះដល់យើង។ ទីមួយ បើដានីប្រាប់​គាត់អាចបារម្ភពីរឿងកិត្តិយសពេលដែលគេដឹងថាគាត់ឈឺជំងឺនេះ។ មួយទៀតគាត់បារម្ភថា ជាយុវជនយើងអាចនឹង​មិនមានលទ្ធភាពក្នុងការជួយគាត់ជាដើម។ បែបនេះក្តី យើងចេះជួយគ្នា មិនអាត្មានិយមតែខ្លួនឯង និងគ្រួសារ​ប៉ុណ្ណឹង​ទេ តែយើងចេះចែករំលែកដើម្បីជួយសង្គម។​»

«ក្តីសង្ឃឹមរបស់យើង គឺជួយឲ្យដានីមានសង្ឃឹម គ្រូពេទ្យ និងក្រុមការងារអ្នករៃអង្គាសក៏មានសង្ឃឹម ហើយសង្ឃឹមថា​ការលះបង់នេះនឹងមិនអត់ប្រយោជន៍ នោះហើយជាតម្លៃជីវិតដ៏ធំធេង។»

យ៉ាងណា លោកថា​មិនចង់ឲ្យបុគ្គលមួយចំនួនប្រើប្រាស់ជំនួយជាឈ្នាន់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៖ «កុំយកវាជា​អាជីវកម្ម បើយករូបភាពប្រមូលជំនួយ ជាសារៈប្រយោជន៍ខ្លួនឯងគឺមិនមែនជាការជួយទេ តែជាការសម្លាប់ទឹកចិត្ត​អ្នកជួយពិតប្រាកដ។​ ការបំពុលនានានឹងធ្វើឲ្យមហាជនលែងជឿជាក់ លែងចង់ផ្សព្វផ្សាយ អ៊ឹចឹងអ្នកដែលកំពុង​ត្រូវការ​ជំនួយ​ពិតប្រាកដមានតែរង់ចាំសេចក្តីស្លាប់»៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T