ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ សារធាតុប្រូតេអ៊ីន នៅលើអាចម៍ផ្កាយ មកពីទីអវកាស

//s5.kh1.co/32/32257b4887a8ff53e85126c23af391af8f52e1da.jpg
បច្ចេកវិទ្យា

 ០៥-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពួកគាត់បានរកឃើញវា នៅក្នុងសំណាកអាចម៍ផ្កាយចំនួនពីរ គឺអាចម៍ផ្កាយ Allende និង Acfer 086។

បរទេស៖ អ្នកវិទ្យាសាស្ដ្របីនាក់ជឿថា ពួកគេបានរកឃើញសារធាតុប្រូតេអ៊ីនដំបូងគេ ដែលមកពីទីអវកាស។ ពួកគាត់បានរកឃើញវា នៅក្នុងសំណាកអាចម៍ផ្កាយចំនួនពីរ គឺអាចម៍ផ្កាយ Allende និង Acfer 086 ដែលពួកវាទាំងពីរត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ១៩៦៩ និងប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៩០។ ពួកគាត់បានដាក់ឈ្មោះប្រូតេអ៊ីន ដែលមានលក្ខណៈស្រដៀងគ្នានឹងប្រូតេអ៊ីននៅលើផែនដី ថា hemolithin។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា យើងអាចនឹងមានសំណួរថា៖ តើនេះមានន័យថា យើងបានរកឃើញជីវិត នៅក្រៅភព? ចំឡើយគឺទេ។ ប្រូតេអ៊ីនស្ថិតនៅចំណោមសារធាតុ សម្រាប់ទ្រទ្រង់ជីវិត ហើយម៉ូលេគុលសរីរាង្គត្រូវបានបង្កើតឡើងដោយ ខ្សែនៃអាមីណូអាស៊ីត។ ប៉ុន្ដែតាមបច្ចេកទេស ពួកវាមិនមែនជាសញ្ញានៃជីវិត ដូចដែលយើងបានគិតនោះទេ។

បំណែកអាចម៍ផ្កាយ
បំណែកអាចម៍ផ្កាយ

នៅពេលនេះ មិនមានព័ត៌មានអំពីប្រូតេអ៊ីន ឲ្យជាក់លាក់នៅឡើយទេ។ ក្រុមនេះក៏មិនប្រាកដថា ជាប្រូតេអ៊ីនមកពីណា ឬស្ថិតនៅក្នុងលក្ខខណ្ឌដែលវាបានបង្កើតឡើយ។ ក្រុមអ្នកវិទ្យាសាស្ដ្រសង្ស័យថា ពួកវាប្រហែលជាត្រូវបានបង្កើតឡើង នៅក្បែរប្រព័ន្ធព្រះអាទិត្យ។

អស់រយៈពេល ៥០ឆ្នាំ មកហើយ ដែលអ្នកស្រាវជ្រាវបានកំពុងស្វែងរក សមាសធាតុសរីរាង្គ ដូចជាអាមីណូអាស៊ីត នៅក្នុងសំណាកអាចម៍ផ្កាយ។ អ្នកវិទ្យាសាស្ដ្រនិងតារាវិទូបានធ្វើការសន្និដ្ឋាន ជាយូរមកហើយថា ធាតុផ្សំសម្រាប់ជីវិតអាចនឹងធ្លាក់មកលើផែនដី តាំងពីកំណើតផែនដីដំបូងៗ ដោយវាស្ថិតនៅលើអាចម៍ផ្កាយ ហើយអាចម៍ផ្កាយទាំងនោះបានបុកចូលផែនដី។ ការរកឃើញប្រូតេអ៊ីនតូចមួយ ដែលជាប់នៅលើអាចម៍ផ្កាយ ពិតជាផ្ដល់ពន្លឺ ដល់ទ្រឹស្ដីនោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T