អ៊ីតាលី៖ ក្លិបអ្នកមានបុណ្យ Barcelona បានត្រឹមប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះ Napoli ក្នុងលទ្ធផល ១ទល់នឹង១ វគ្គ១៦ក្រុម ជើងទីមួយ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dries Mertens ជាអ្នកស៊ុតបើកការនាំមុខឲ្យ Napoli ខណៈខ្សែប្រយុទ្ធជួរមុខសញ្ជាតិបារាំង Antoine Griezmann ជាអ្នករកបានគ្រាប់បាល់តាមស្មើឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់។ ជាមួយនឹងគ្រាប់បាល់តាមស្មើនោះ អ្នកចាត់ការទូទៅរបស់ Barcelona លោក Quique Setien បាននិយាយថាការព្យាយាមយ៉ាងខ្លាំងរបស់កូនក្រុមលោក ទើបធ្វើឲ្យទម្លុះសំណាញ់ទីបាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត បុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា៖
ពួកគេ (Napoli) ការពារដោយដាក់កីឡាករ១០នាក់នៅជិតតំបន់គ្រោះថ្នាក់របស់ពួកគេ។ វាជាការពិតដែលយើងមិនបានបង្កើតឱកាស ប៉ុន្តែយើងដឹងថាវាត្រូវការភាពអត់ធ្មត់។ យ៉ាងណា ការព្យាយាមរបស់យើងជួយយើងរកគ្រាប់បាល់បាន។

សូមបញ្ជាក់ដែរថា នៅចុងសប្ដាហ៍ថ្ងៃអាទិត្យនេះ Barcelona នឹងត្រូវជួបតទល់ជាមួយ Real Madrid ក្នុងក្របខណ្ឌ La Liga ជំនួប El Clasico ខណៈការប្រកួតជើងទីពីរជាមួយ Napoli នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា៕
ប្រភព៖ Marca