គ្រូពេទ្យតែងតែណែនាំឲ្យយើងផឹកទឹកឲ្យបានច្រើន ហើយសូម្បីតែក្រោកពីដេកភ្លាម ក៏ត្រូវផឹកទឹកភ្លែតដែរ។ តើការផឹកច្រើនសូម្បីតែក្រោកពីដេក តើមានប្រយោជន៍យ៉ាងណាខ្លះចំពោះរាងកាយ និងសុខភាពយើង? លោកវេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងអារម្មណ៍ស្រស់ស្រាយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ទឹកអាចជួយធ្វើឲ្យស្បែកស្រស់ថ្លា ភ្លឺរលោង មានជាតិសំណើម គ្មានស្នាមអុជខ្មៅ មិនឆាប់ចាស់ និងលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយ។
២- ទឹកជាសារធាតុរាវល្អដែលជួយចិញ្ចឹមកោសិកា និងជួយទ្រទ្រង់រាងកាយឲ្យបានរឹងមាំល្អ ព្រមទាំងមានសកម្មភាពរស់រវើក។
៣- ទឹកក៏អាចជួយថែរក្សាតុល្យភាពសារធាតុរ៉ែមួយចំនួននៅក្នុងរាងកាយយើងដូចជាអេលីតត្រូលីត(សូដ្យូម ក្លរីត ប៉ូតាស្យូម) ជាដើម។
៤- គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀន ជួយសម្រួលដល់ការបន្ទោបង់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។
៥- ជួយពង្រាវឈាម ដូចនេះហើយបានជាមុនពេលបូមឈាម ពេទ្យតម្រូវឲ្យញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យឈាមខាប់ ហើយឈាមរត់បានស្រួល។
៦- ទឹកជួយឲ្យយើងមានអារម្មណ៍ល្អ ព្រមទាំងជំនួយដល់ខួរក្បាលឲ្យមានដំណើរការបានឆាប់រហ័ស និងចងចាំបានល្អ មិនងាយភ្លេចភ្លាំង។
៧- ទឹកជួយទ្រទ្រង់សន្លាក់ និងឆ្អឹង បើយើងផឹកទឹកបានគ្រប់គ្រាន់អាចការពារមិនឲ្យឈឺឆ្អឹងឆ្អែងពេលអង្គុយយូរ ឬពេលឱនងើបចុះឡើង ព្រមទាំងជួយបង្កើនសាច់ដុំឲ្យមានភាពរឹងមាំ។
៨- មិនបង្កឲ្យមានបញ្ហាឈឺបំពង់ក និងពងបែកក្នុងមាត់។
៩- ក្រោកពីគេងភ្លាម ផឹកទឹកជួយដុតបំផ្លាញជាតិខ្លាញ់ ស្រូបយកជាតិពុលនិងជាតិគីមីនៅក្នុងអាហារ។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ ហើយគួរតែផឹកទឹកសឲ្យបានច្រើនជាងភេសជ្ជៈផ្អែមដទៃ ជាពិសេសពេលរដូវក្ដៅត្រូវផឹកទឹកកាន់តែច្រើន ទើបអាចទប់ទល់នឹងអាកាសធាតុបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet