អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​!

//s5.kh1.co/36/36f488fb19506ee2573af0f0477c0ef7a03e5d26.jpg
នារី

 ២៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

​បន្លែ​មាន​ផ្ទុក​ដោយ​ជាតិ​សរសៃ (Fiber)ជា​ច្រើន ហើយ​មាន​សារៈ​សំខាន់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង និង​កូនក្មេង​។

ប៉ាម៉ាក់​មួយចំនួនប្រាកដជាមាន​​កូនតូចដែល​​មិន​ចូល​ចិត្ដ​ញ៉ាំ​បន្លែ អាចថា​​ដោយ​សារ​អូនៗ​​មាន​ចំណង់​អាហារ​ប្លែក​ពី​មនុស្ស​ចាស់ ឬ​ដោយ​សារ​ពេល​ខ្លះ​អូនៗក៏​​មិន​ចូល​ចិត្ដ​អាហារ​ដែល​មិន​សូវ​មាន​រស់​ជាតិ។ ប៉ុន្តែ​បន្លែ​មាន​ផ្ទុក​ដោយ​ជាតិ​សរសៃ (Fiber)ជា​ច្រើន ហើយ​មាន​សារៈ​សំខាន់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង និង​កូនក្មេង​។ ដូច​នេះ​តើ​អ្វី​ទៅ​ជា​ជាតិ​សរសៃ (Fiber) ហើយ​​មាន​អត្ថ​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់កូន​ក្មេង​បាន​យ៉ាង​ដូច​ម្ដេច?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អ្វី​ទៅជាជាតិ​សរសៃ (Fiber)?

អាហារ​ជាតិ​សរសៃ (Fiber) ​ភាគ​ច្រើន​គ្នា​យើង​​ស្គាល់​ថា​ជា​អាហារ​ធ្វើ​ឲ្យ​តឹង​ពោះ ឬ​ធ្វើ​ឲ្យមាន​ក្លិន​​ធុំ។ អាហារសរសៃ​​ក៏​រាប់​បញ្ចូល​ទាំង​ផ្នែក​របស់​រុក្ខជាតិ ​ដែល​ខ្លួន​យើង​មិន​អាច​រំលាយ​ ឬ​មិន​អាច​ស្រូប​បាន​ដែរ។ ជាតិ​សរសៃ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ក្រុម៖

– ជាតិ​សរសៃ (Fiber) រលាយ
ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន ហើយ​​នឹង​ប្រែ​ទៅ​ជា​មាន​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិ​សរសៃ​រលាយ​ភាគ​ច្រើន​ឃើញ​មាន​នៅ​ក្នុង​​គ្រាប់​អូត (oats) សណ្ដែក​ផៀ (Pea) សណ្ដែក ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ (Citrus fruit) និង​ផ្លែ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​បាន​។

– ជាតិ​សរសៃ (Fiber) មិនរលាយ
ជាតិ​សរសៃមិន​រលាយ​​គឺ​មាន​តួនាទី​ជួយ​សម្រួល​ចលនា​របស់​ប្រព័ន្ធ​រំលាយ​អាហារ និង​សម្រួល​ដល់​ការ​បន្ទោរ​បង់។ ជាតិ​សរសៃ​មិន​រលាយ​ច្រើន​មាន​ក្នុង​ម្សៅ​អង្ករ​សម្រូប គ្រាប់​រុក្ខ​ជាតិ សណ្ដែក និង​បន្លែ​ជា​ច្រើនទៀត។

២- តើយើងអាចរកជាតិ​សរសៃ (Fiber)នៅកន្លែងណាបាន?

ស្ទើ​តែ​គ្រប់​អាហារ​ប្រភេទ​រុក្ខ​ជាតិ​ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​សរសៃ​រលាយ និង​ជាតិ​សរសៃ​មិន​រលាយ។ គ្រាន់​តែ​បរិមាណ​របស់​ជាតិ​សរសៃ​ក្នុង​អាហារ​និមួយ​ៗ​គឺ​ខុស​ៗ​គ្នា។ ជា​ធម្មតា​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន​ជាង​គេ​គឺ​អង្ករ ​បន្លែ ផ្លែ​ឈើ សណ្ដែក គ្រាប់​បន្លែ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​រុក្ខ​ជាតិ។

ក្រៅ​ពី​អាហារ​ទាំង​អស់​នេះ​ យើង​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​សរសៃបន្ថែម​ខាង​ក្រៅ​ថែម​ទៀត​បាន។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​ជាតិ​សរសៃ​ដែល​​ផលិត​ឡើង​នោះ មិន​អាច​ផ្ដល់​បាន​ច្រើន​គ្រប់​គ្រាន់​ដូច​ជាតិ​សរសៃ (Fiber)​មាន​ក្នុង​អាហារ​ឡើយ។ ​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​ជាតិ​ជាតិ​សរសៃ (Fiber)​ដែរ​ មាន​ដូច​ជា​សេរៀល (Cereal) នំ​បន្ទះ granola ការ៉េម និង​យ៉ាអួ។

ថ្នាំ​បំប៉ន​ជាតិ​សរសៃ (Fiber) មាន​ម៉ាក​ផ្សេងៗ ដូច​ជា “អាំង​នុយ​លីន (inulin)” ឬ​ “មើម​ដើម​ឈីកូរី (Chicory root)”។ អាហារ​ដែល​កែ​ឆ្នៃ ឬ​អាហារ​ដែល​ផលិត និង​​រក្សា​ទុក​ដូច​ជា​ផ្លែ​ឈើ​កំប៉ុង និង​បន្លែ​កំប៉ុង​គឺ​មាន​ជាតិ​សរសៃ (Fiber)​តិច​តួច​ណាស់។ ក្នុង​ដំណាក់​កាល​កិន​សម្អាត​គ្រាប់​អង្ករ (grain-refining process) នោះ​ផ្នែក​សំបក​ខាង​ក្រៅ ត្រូវ​បាន​របក​ចេញ ដែល​ធ្វើ​ឲ្យ​អាហារនោះ​​មិន​សូវ​មាន​ជាតិ​សរសៃ (Fiber)​ច្រើន​ទេ។

៣-​ អត្ថប្រយោជន៍នៃការទទួលទានអាហារជាតិ​សរសៃ (Fiber)

- ជួយដល់សុខភាពពោះវៀន

អាហារ​ជាតិ​សរសៃ (Fiber)​ធ្វើ​ឲ្យ​លាមក​របស់យើង​​មាន​ទំហំ​ធំ និង​មាន​ទម្ងន់​ធ្ងន់ ជាតិ​ហេតុ​នាំ​ឲ្យ​លាមក​ទន់។ ដូច​នេះ​យើងនឹង​មិន​សូវ​មាន​បញ្ហា​ទល់​លាមក​ឡើយ។ ក្នុង​ករណី​ដែលយើងរាករូស ជាតិ​សរសៃ (Fiber) នឹង​ជួយ​ធ្វើ​ឲ្យ​លាមក​ទៅ​ជា​រឹង​ ដោយ​វា​នឹង​ទៅ​បឺត​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ដុំ​ៗ​វិញ។ ក្រៅ​ពី​នេះ​ថែម​ទៀត​អាហារ​ជាតិ​សរសៃ (Fiber)​ជួយ​ការ​ពារយលង​​ពី​ជំងឺ​ឫសដូងបាត និង​ការពារ​មិន​ឲ្យ​មាន​គ្រលុក​តាម​ពោះ​វៀន​ធំទៀតផង។

- គ្រប់គ្រងកូលេស្តេរ៉ូលនិងជាតិស្ករ

ជាតិ​សរសៃ (Fiber) រលាយ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម ដោយ​ជាតិសរសៃ​នឹង​ទៅ​បញ្ចុះ​ខ្លាញ់ ​LDL ពី​ក្នុង​ឈាម​របស់យើង។ បើ​យោង​តាម​ការ​សិក្សា​បាន​លើក​ឡើង​ថា អាហារ​ដែល​មាន​ជាតិ​ជាតិ​សរសៃ (Fiber)​ខ្ពស់​ក៏​មាន​អត្ថ​ប្រយោជន៍​ដល់​បេះ​ដូង​ដូច​គ្នា​ ដោយ​វា​នឹង​ទៅ​បញ្ចុះ​សម្ពាធ​ឈាម ក៏​ដូច​ជា​កាត់​បន្ថយ​ការ​រលាក​ផ្សេង​ៗ។ លើស​ពី​នេះ​ថែម​ទៀត​ជាតិ​សរសៃ (Fiber)​រលាយ​អាច​ជួយ​កាត់​បន្ថយ​ការ​បឺត​ស្រូប​របស់​ជាតិ​ស្ករ​សម្រាប់​អ្នក​កើត​ទឹក​ជំងឺ​នោម​ផ្អែម ហើយជាតិសរសៃ​​ក៏​ជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​មួយ​ល្អ​ដែរ។ ម្យ៉ាង​វិញ​ទៀត​ជាតិសរសៃដែល​មិន​រលាយ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កកើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​​២​បាន​ថែម​ទៀត​ផង។

– ជួយរក្សាលំនឹងទម្ងន់

អាហារ​មាន​ជាតិ​សរសៃ (Fiber)​ច្រើន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ជាង​អាហារ​ប្រភេទ​ផ្សេង ដូច​នេះ​ជាតិសរសៃនឹង​កាត់​បន្ថយ​ចំនួន​កាឡូរី​ដែល​យើង​​ញ៉ាំ​ប្រចាំ​ថ្ងៃ​។

– ការពារជំងឺមហារីក

អ្នកស្រាវជ្រាវ​ខ្លះ​និយាយ​ថា​ជាតិ​សរសៃ (Fiber)​គឺ​អាច​ការពារ​ជំងឺ​មហារីក​ពោះ​វៀន​ធំ​បាន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​ណា​មួយ​រក​ភស្ដុ​តាង​បញ្ជាក់​អំពី​មូល​ហេតុ​មួយ​បាន​នៅ​ឡើយ​ទេ។​​

– ជួយបង្កើនបាក់តេរីល្អក្នុងខ្លួនរបស់អ្នក

អាហារ​ជាតិ​សរសៃ (Fiber)​មួយ​ចំនួន​គឺ​ជា Prebiotics គឺ​ជួយ​ដល់ Probiotics (បាក់​តេរី​ដែល​ជួយ​បង្កើន​សុខ​ភាព​ប្រព័ន្ធ​រំលាយ​អាហារ) កើន​ឡើង​ច្រើន​នៅ​តាម​ពោះ​វៀន។ Prebiotics អាច​មាន​​ក្នុង​យ៉ាអួ​ និង​អាហារ​ផ្អាប់​មួយ​ចំនួន​ផ្សេង​ទៀត។ អាហារ​ផ្សេង​ទៀត​ដែលមាន​ផ្ទុក​ជាតិ​ជាតិ​សរសៃ (Fiber)​ច្រើន​មាន​ដូច​ជា​ផ្លែ​ចេក ស្រូវ​សាឡី និង​ពោត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T