ចម្អិនម្ហូបអាហារម្តងៗ យើងតែងប្រើគ្រឿងផ្សំជាច្រើនមុខ ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ក្នុងនោះមានគ្រឿងផ្សំ ៣ មុខ ដែលគេប្រើញឹកញាប់ជាងគេ គឺ អំបិល ស្ករ និងប៊ីចេង។ ចំពោះគ្រឿងផ្សំទាំង៣នេះ អ្នកជំនាញអះអាងថា បើយើងប្រើច្រើនពេកប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អំបិល
អំបិលជាគ្រឿងផ្សំដ៏ពេញនិយម ដែលសឹងគ្រប់មុខម្ហូបមិនអាចខ្វះអំបិលបានឡើយទោះតិច ឬច្រើ។ តែទោះយ៉ាងណាយើងម្នាក់ៗត្រូវកំណត់បរិមាណវាតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ទើបមិនមានផលប៉ះពាល់ចំពោះសុខភាព បើតាមអង្គការសុខភាពពិភពលោក។ ញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ- ពោះវៀន ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត។
២. ស្ករ
អង្គការសុខភាពពិភពលោកណែនាំឱ្យមនុស្សពេញវ័យញ៉ាំជាតិស្ករសរុបតិចជាង ១០% ក្នុងចំណីអាហារសរុបប្រចាំថ្ងៃ ឯកុមារវិញតិចជាង ៥%។ “ស្ករ” ជាសារធាតុបន្ថែមក្នុងចំណីអាហារ ជួយឲ្យមានរសជាតិផ្អែម ឆ្ងាញ់ ទាក់ទាញ និងចង់ញ៉ាំ។ យ៉ាងណា បើយើងញ៉ាំជាតិស្ករច្រើនពេក នាំឲ្យមានបញ្ហាគ្រោះថ្នាក់ចំពោះសុខភាព ពិសេសទៅជាធាត់លើសទម្ងន់ ប្រឈមនឹងកើតជំងឺសរសៃឈាមបេះដូង លើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូងជាដើម។
៣. ប៊ីចេង
ប៊ីចេងជាម៉ូលេគុលគីមី ប្រើជាគ្រឿងបន្ថែមរសជាតិ និងរក្សាគុណភាពអាហារ។ ជាយូរមកហើយ យើងតែងឮពាក្យចចាមអារ៉ាមលើកឡើងថា ញ៉ាំប៊ីចេងធ្វើឲ្យពុកឆ្អឹង តែមកដល់ពេលនេះមិនទាន់មានភស្តុតាងណាបញ្ជាក់រឿងនេះជាការពិតនៅឡើយ។ ទោះមិនបង្កឲ្យពុកឆ្អឹង ប៊ីចេងអាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន។ ប៊ីចេង ដែលជាសារធាតុរំញោចរសជាតិ អាចបង្កឲ្យយើងឈឺក្បាល ដូច្នេះដើម្បីទទួលបានសុខភាពល្អ គួរតែប្រើប៊ីចេងនៅក្នុងកម្រិតតិចបំផុត ហើយបើគិតថាខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិលមុខ ស្ពឹកដៃជើង ឬកន្លែងផ្សេង ឈឺទ្រូង ក្អួត ចង្អោរ គួរចៀសវាងអាហារមានជាតិប៊ីចេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet