បើនិយាយពីបញ្ហាក្បាលមូល ឬសំប៉ែតម៉ាក់ៗប្រាកដជាយកចិត្តទុកដាក់ខ្លាំង ពិសេសអ្នកមានកូនស្រីតែម្ដង ព្រោះកូនណាមានទម្រង់ក្បាលមូលមើលទៅស្អាត។ ដូចនេះហើយម៉ាក់ៗមានបទពិសោធន៍ថែទាំកូនបានក្បាលមូលស្អាតល្អនឹងចូលខ្លួនមកចែករំលែកវិធីជួយឲ្យក្បាលមូលស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ដេកផ្អៀង
ម៉ាក់ៗ ចេន ចានី អ្នករស់នៅទីក្រុងភ្នំពេញបានឲ្យដឹងថា អ្នកនាងមិនដែលឲ្យកូនគេងផ្ងារឡើយ គឺគេងផ្អៀង ឬផ្កាប់មុខរហូត ដើម្បីមិនឲ្យផ្នែកខាងក្រោយរងសម្ពាធ ឬដេកផ្ទាល់ទៅនឹងគ្រែ។ អ្នកម៉ាក់កូន ២ បានបន្តទៀតថា ពេលបៅគឺខ្លួនអង្គុយ ហើយកម្របំបៅដេកណាស់ ហើយបើបែងចែកពេលវេលាគេងរបស់កូនឲ្យបានត្រឹមត្រូវ ក្រោយកូនភ្ញាក់ពីគេង ក៏មិនទម្លាប់ឲ្យដេកលេងរហូតដែរ គឺលើកមកបីលេង កុំឲ្យក្បាលប៉ះជាប់ទៅនឹងផ្ទៃរាបស្មើច្រើនពេក បើទោះជាមានខ្នើយកើយក៏ដោយ។ មួយវិញទៀត ការគេងរបស់កូនត្រូវតែផ្អៀងតាំងពីកើតភ្លាម ដោយឆ្លាស់គ្នាមួយថ្ងៃផ្អៀងឆ្វេង ស្អែកឡើងផ្អៀងស្ដាំ រហូតដល់កូនអាយុ ៣ ឆ្នាំឡើង ឆ្អឹងក្បាលចាប់ផ្ដើមរឹងមាំ លែងក្រពិតទៀតហើយ។
២- កំណត់របៀបគេងរបស់កូន
ស លីដា ដែលទៅរស់នៅប្រទេសបារាំងបានឲ្យដឹងថា កូនទាំង ៤ នាក់របស់អ្នកនាងមានតែម្នាក់ប៉ុណ្ណោះក្បាលសំប៉ែត ព្រោះជាកូនដំបូងមិនបានដឹងពីរបៀបដាក់ឲ្យកូនដេកត្រឹមត្រូវ ទើបកូនទៅជាបែបនោះ។ កូនក្រោយៗទៀតអ្នកម៉ាក់វ័យ ៣៤ ឆ្នាំរូបនេះ បានទៅប្រឹក្សាជាមួយអ្នកជំនាញ គេក៏ប្រាប់ឲ្យដាក់កូនគេងផ្អៀង បើកូនមិនចេះ ត្រូវយកខ្នើយតូចៗមកកល់ ដើម្បីឲ្យគេទម្លាប់គេងបែបនោះ ហើយត្រូវយកកូនខ្នើយមួយទៀតមកដាក់ឲ្យកូនឱប ដើម្បីទល់លំនឹងខ្លួន ហើយអាចគេងលក់ស្កប់ស្កល់។ អ្នកជំនាញផ្នែកកុមារនៅបារាំងបានណែនាំ លីដា ឲ្យកូនគេងទាល់តែធំ ចាំបណ្ដោយឲ្យគេងតាមបែបចិត្តចង់របស់គេ។ មួយវិញទៀតយើងអាចទិញខ្នើយសម្រាប់ទារក ដែលមានប្រហោងក្នុងអាចឲ្យក្បាលផ្នែកខាងក្រោយធ្លាក់ចុះទៅក្រោម នាំឲ្យទម្រង់ក្បាលមូលល្អបានដូចគ្នា ប្រសិនបើយើងគ្មានពេលតំរែតម្រង់ក្បាលកូនពេលគេង។
៣- ត្រូវគេងឆ្លាស់ខាងគ្នា
អ្នកនាង តែន មករា បានឲ្យដឹងថា បើចង់កូនគេងផ្អៀងឆ្លាស់គ្នាសងខាង យើងត្រូវគេងឆ្លាស់ខាងគ្នាទៅវិញទៅមកដែរ។ មានន័យថា ម្ដងគេងខាងឆ្វេងដៃកូន ស្អែកឡើងទៅគេងខាងស្ដាំវិញ ព្រោះកូនភាគច្រើនគេងបែរមុខរកមកម៉ាក់ បើយើងគេងនៅតែមួយកន្លែងកូនផ្អៀងតែមួយចំហៀង បែបនេះក្បាល និងមុខប្រាកដជាវៀចមិនខាន។ មួយវិញទៀតកន្លែងកូនគេងត្រូវតែមានកម្រាលទន់ៗ ព្រោះពេលក្បាលកូនធ្លាក់ពីខ្នើយក៏មិនប៉ះទង្គិច នាំឲ្យមានការឈឺចាប់ ហើយរឿងសំខាន់មួយទៀតបើចង់ឲ្យកូនគេងផ្កាប់មុខ មិនត្រូវមានភួយ ឬខ្នើយនៅក្បែរឡើយ ដើម្បីចៀសវាងថប់ដង្ហើមកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet