ប្រយ័ត្នប្រយែងផង ពិសេសស្រី ព្រោះថ្នាំអង់ទីប៊ីយូទិក យើងឧស្សាហ៍ប្រើបំបាត់ការឈឺចាប់ ការឆ្លងមេរោគ និងកម្ចាត់មុន ក៏ដូចជាអាការៈផ្សេងៗនោះ នៅពេលប្រើកាន់តែយូរ នាំឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយ ចេញផ្សាយលើគេហទំព័រវេជ្ជសាស្រ្ត WebMD បានពិនិត្យតាមដានសុខភាពស្រីៗ ៣៦.៥០០នាក់ ក្នុងរយៈពេល ៨ឆ្នាំ ដែលប្រើថ្នាំបំបាត់ការឈឺចាប់ អង់ទីប៊ីយូទិក គឺមានដល់ទៅជាង ១.០០០នាក់ បានវិវត្តឲ្យកើត ជំងឺបេះដូង។ ហើយបើតាមលទ្ធផលការសិក្សា បញ្ជាក់ថា ស្រីៗអាយុលើស ៦០ឆ្នាំ ប្រើថ្នាំអង់ទីប៊ីយូទិក រយៈពេល ២ខែ ឬយូរជាងនេះ មានអត្រា ៣២% កើតជំងឺបេះដូង ជាងអ្នកមិនប្រើថ្នាំ អាយុពី ៤០-៥៩ ឆ្នាំ មានអត្រា ២៨% និងអាយុពី ២០-៣៩ ឆ្នាំ ពុំប្រឈមកើតជំងឺបេះដូងទេ។
លោក Lu Qi ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជំងឺធាត់ នៅសាកលវិទ្យាល័យ Tulane រដ្ឋ New Orleans សហរដ្ឋអាមេរិកបញ្ជាក់ថា ថ្នាំអង់ទីប៊ីយូទិក ជាកត្ដាសំខាន់ធ្វើឲ្យប្រែប្រួលតុល្យភាពសរីរាង្គតូចៗនៅក្នុងពោះវៀន សម្លាប់បាក់តេរីល្អ ប៉ុន្តែវានឹងធ្វើការបង្កើនសមាមាត្រវីរុស បាក់តេរី និងសរីរាង្គតូចៗផ្សេងទៀត ដែលមូលហេតុបង្កជាជំងឺ។ លោកថា ការសិក្សាពីមុន បង្ហាញថា ថ្នាំនេះ មានជាប់ពាក់ព័ន្ធរវាងការប្រែប្រួលបាក់តេរីល្អក្នុងពោះវៀន និងបញ្ហាត្បៀតសរសៃឈាម ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺបេះដូង។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវដដែលបន្ថែមថា ថ្នាំអង់ទីប៊ីយូទិក គួរប្រើប្រាស់នៅពេលចាំបាច់ប៉ុណ្ណោះ ដោយសារមានផលវិបាកធ្ងន់ធ្ងរ ប្រើប្រាស់ថ្នាំនេះ ក្នុងរយៈពេលកាន់តែខ្លី គឺកាន់តែល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet