វីតាមីន D មិនត្រឹមល្អចំពោះឆ្អឹងទេ អាចការពារជំងឺទឹកនោមផ្អែមទៀត!

//s5.kh1.co/18/18afd43964805577211926fae8def55b20f5ad58.jpg
នារី

 ១៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

វីតាមីន D ​មាន​នាទីសំខាន់​ជួយ​​ថែ​រក្សា​សុខ​ភាព​ឆ្អឹង ខ្លាញ់​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម។

វីតាមីន D ​មាន​នាទីសំខាន់​ជួយ​​ថែ​រក្សា​សុខ​ភាព​ឆ្អឹង ខ្លាញ់​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម។ យើង​គួរ​ទទួល​យក​វីតាមីន​ប្រភេទ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់​ ខណៈ​​ក្រុម​អ្នក​វិទ្យាសាស្រ្តទើប​​រក​ឃើញ​​ឥទ្ធិពល​ដ៏​អស្ចារ្យផ្សេង​របស់​វីតាមីន D ទៅលើអ័រ​ម៉ូន​អាំង​ស៊ុយ​លីន គ្លុយ​កូស ដែល​​អាច​មានទំនាក់ទំនងនឹង​ជំងឺក្រពេញអង់ដូគ្រីន (Endocrine) ផ្សេង​ៗ​ទៀត ​ពិសេស ​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ ។ អត្ថបទ​នេះនឹង​លម្អិត​មូលហេតុ​វីតាមីន D មាន​ទំនាក់ទំនង​ជា​មួយ​ជំងឺ​ទឹក​នោម​ផ្អែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អ្វីជាវីតាមីន D?

វីតាមីន D ​ជា​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ យើង​អាច​ទទួលបាន​តាម​អាហារ ឬ​អាច​ផលិត​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់ ​នៅ​ពេល​ស្បែក​យើង​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ (ពន្លឺព្រះអាទិត្យ​នៅ​ពេល​ព្រឹក) ព្រោះ​នៅ​ពេល​ស្បែក​​ប៉ះ​នឹង​កាំ​រស្មី​អ៊ុលត្រាវីយូ​ឡេតនៃ​​ព្រះអាទិត្យ ​នោះ​រាង​កាយ​​នឹង​ប្រែ​ក្លាយ​កូលេស្តេរ៉ូល​ក្នុង​ខ្លួន ​ឲ្យ​ទៅ​ជា​វីតាមីន D ភ្លាម។

ថ្មី​ៗ​នេះ​ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា​ ភ្នាក់​ងារ​ទទួល​​ប្រូតេអ៊ីន​របស់វីតាមីន D មាន​ផ្ទុក​នៅ​ក្នុង​កោសិកា និង​ជាលិកា​ទាំង​អស់​ក្នុង​នៃ​រាងកាយ​យើង។ យ៉ាង​ណា ការ​ស្រូប​យក​វីតាមីន D ច្រើន​ពេក​ ក៏​អាច​បណ្តាល​ឲ្យ​សុខ​ភាពមិន​ល្អ​ដូច​គ្នា ប៉ុន្តែ​បើ​យើង​កង្វះ​វីតាមីន D អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន​។

វីតាមីន​ D មានទំនាក់​ទំនង​ពិសេស​នឹង​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ ដោយ​បណ្តា​ប្រទេស​លោក​ខាង​លិចមាន​ការ​កើន​ឡើង​ខ្ពស់​​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ ដោយ​សារ​ពលរដ្ឋ​នៅ​តំបន់ ​មាន​បញ្ហា​កង្វះ​វីតាមីន D បណ្តាល​មក​ពី​កត្តា​ជាច្រើន​ ដែល​មួយ​ក្នុង​ចំណោម​នោះ​ មក​ពី​ខ្វះ​ខាត​ពន្លឺ​ព្រះអាទិត្យតែ​ម្តង។

២- វិធី​សាស្ត្រ​ដើម្បី​ទទួលបានវីតាមីន D គ្រប់​គ្រាន់

យើង​អាច​ភ្ញោចរាង​កាយ​ផលិត​វីតាមីន D ដោយ​ខ្លួន​ឯង​បាន​ តាម​រយៈ​​ស្បែក​​ប៉ះ​ផ្ទាល់​ជា​មួយ​​ពន្លឺ​ថ្ងៃ​ប្រមាណ ១៥-២០ នាទី​/ថ្ងៃ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នកខ្លះ​ ទោះ​បាន​ប៉ះ​ពាល់​នឹង​ពន្លឺ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មិន​អាច​ផលិត​វីតាមីន D បាន ទាមទារ​ឲ្យ​​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​វីតាមីន D បន្ថែម។

របប​អាហារ​ ក៏​អាច​ជាជម្រើស និង​មានប្រយោជន៍​មួយ​ដែលមាន​ប្រសិទ្ធភាព​ជាង​ជម្រើស​ទាំង​ពីរ​ខាង​លើ។ អាហារ​សម្បូរ​​វីតាមីន D មាន​ដូច​ជា ​ស៊ុត ទឹក​ដោះ​គោ ត្រី​សម្បូរ​ខ្លាញ់ និង​តៅហ៊ូ។

៣- ឥទ្ធិពល​វីតាមីន D ទៅលើ​ជំងឺទឹកនោមផ្អែម

អាំង​ស៊ុយ​លីន​ ត្រូវ​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​មួយ​មាន​នាទី​កែតម្រូវកម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ក្រោម​ឥទិ្ធពល​ពី​វីតាមីន D រាង​កាយ​យើង​អាច​បង្កើន​នូវ​ការ​បញ្ចេញ​អ័រ​ម៉ូន​អាំងស៊ុយលីន​ក្នុង​ខ្លួន​ ជួយ​​កាត់​បន្ថយ​ហានិភ័យស៊ាំ​អាំង​ស៊ុយ​លីន​ ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ ២ ។ វីតាមីន​រលាយ​ក្នុង​ខ្លាញ់​នេះ ​ក៏​ត្រូវ​គេ​ជឿ​ថា​ បាន​រួម​ចំណែក​​គ្រប់គ្រង​ការ​ផលិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​លំពែង​ដូច​គ្នា។

កម្រិត​​វីតាមីន D ល្អ​បំផុត​ គឺ​ចាប់​ពី ២០-៥៦ ណាណូក្រាម/មិលី្លលីត្រ ហើយបើ​កម្រិត​​ទាប​ជាង ២០ ណាណូក្រាម/មិលី្លលីត្រ​ យើង​​អាច​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន D ។

អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ពី​បរិមាណ​វីតាមីន D នៅ​ក្នុង​ខ្លួន ​នៅ​ពេល​កើន​ឡើង​ដល់​ប្រមាណ ៦០-៨០ ណាណូក្រាម/មិលី្លលីត្រឈាម ​នោះ​កម្រិត​ជាតិ​ស្ករ​គ្លុយ​កូស​ក្នុង​ឈាម ​នឹង​អាច​គ្រប់​គ្រង​បាន ​ជា​លក្ខខណ្ឌ​ពិសេស​មួយ​សម្រាប់អ្នក​ទឹក​នោម​ផ្អែម។

៤- អត្ថប្រយោជន៍ផ្សេងទៀតរបស់​វីតាមីន D

– សម្រកទម្ងន់៖ មាន​ការ​សិក្សា​ជាច្រើនបង្ហាញ​ថា ​វីតាមីន D អាច​ជួយ​បន្ថយ​កម្រិត​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត ជួយ​ដល់​ការ​សម្រក​​ទម្ងន់​ក្នុង​រយៈពេល​វែង និង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ធាត់​ ដែល​ជា​កត្តាចម្បងបង្ក​ឲ្យ​មាន​​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ២ ។
– ឆ្អឹង​មាន​សុខ​ភាព​ល្អ៖ ឆ្អឹង​មាន​ភាព​រឹង​មាំ​បាន​ លុះ​ត្រា​តែ​មាន​វត្ត​មាន​វីតាមីន D ដើម្បី​ជា​ជំនួយ​រាង​កាយ​អាច​ស្រូប​ទាញ​យក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា ​ផូស្វ័រ កាល់ស្យូម និង​សារធាតុ​រ៉ែ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T