ពេលនរណាម្នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបាត់បង់ឈាមច្រើន ប្រាកដជាត្រូវបញ្ចូលឈាមអ្នកដទៃដែលយើងមិនស្គាល់មុខ និងប្រវត្តិហើយ។ ដូច្នេះហើយទើបយើងតែងតែលេចឮពាក្យដែលគេនិយាយតៗគ្នាថា អ្នកដែលបានបញ្ចូលឈាមអ្នកដទៃរួចហើយនោះ នឹងផ្លាស់ប្ដូរចរិតទៅតាមម្ចាស់ឈាមនោះ។ តើនេះជាការពិតដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហានេះត្រូវលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បដិសេធថាជារឿងមិនពិត និងគ្មានអ្វីមកសម្អាង។ លោកបន្តទៀតថា ការផ្លាស់ប្ដូរចរិតទៅជាឆេវឆាវ ព្រហើនកោងកាចមិនមែនទាក់ទងទៅនឹងឈាមទេ វាមកពីចរិតពីកំណើត បូករួមនឹងស្ថានភាពជំងឺ និងការរស់នៅប្រចាំថ្ងៃខាងក្រៅរបស់យើងប៉ុណ្ណោះ។
លោកបានបន្តទៀតថា ឈាមគ្មានឥទ្ធិពលអាចទៅកែប្រែអត្តចរិតរបស់ឡើយ មានតែខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកែ ព្រោះបើកែបានគ្រាន់តែបញ្ចូលឈាមមែន គេធ្វើការបញ្ចូលឈាមអ្នកមានចរិតល្អៗ ទៅឲ្យអ្នកចរិតអាក្រក់គ្រប់គ្នាអស់ហើយ។
លោកវេជ្ជបណ្ឌិតបន្តថា ដំណើរការបញ្ចូលឈាមមិនមែនធ្វើភ្លាមៗពីមនុស្សម្នាក់ទៅម្នាក់ទៀតឡើយ តែពេទ្យត្រូវយកឈាមពីអ្នកបរិច្ចាគម្នាក់ទៅផ្លាស់ប្ដូរជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងត្រូវធ្វើតេស្តរកមើលមេរោគផ្សេងៗជាមុនសិន ទើបអាចចាក់បញ្ចូលទៅអ្នកខ្វះឈាម។
វេជ្ជបណ្ឌិតក៏បានណែនាំឲ្យយើងទាំងអស់គ្នាដែលគ្រប់គីឡូ និងមានសុខភាពល្អគួរតែទៅចូលរួមបរិច្ចាគឈាមយ៉ាងហោចណាស់ឲ្យបាន ១/ឆ្នាំ ព្រោះវាមិនប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីសកម្មភាពស្ម័គ្រចិត្តមួយនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet