អឺរ៉ុប៖ ខ្សែបម្រើរបស់ Barcelona កីឡាករ Ivan Rakitic បានសារភាពថាគេចង់លេងជាមួយកំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ស្របពេលដែលអនាគតរបស់គេនៅកីឡដ្ឋាន Camp Nou កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើជម្រើសជាតិក្រូអាតត្រូវបានក្លិបយក្សនៅអ៊ីតាលីពីរគឺ Juventus និង Inter Milan បានដាក់ការចាប់អារម្មណ៍តាំងពីមុនទីផ្សារដោះដូរកីឡាករខែមករាបិទ ខណៈដែលបិសាចក្រហម Manchester United ក៏ជាបេក្ខភាពមួយដែលចង់បាន Rakitic និងគេដែរ។
មកទល់នឹងពេលនេះ Rakitic នៅតែបន្តព៏័ត៌មានថាអាចផ្លាស់ទៅក្លិបជើងឯកអ៊ីតាលី Juventus ហើយនៅពេលដែលសួរថាចង់លេងជាមួយ Ronaldo ដែរឬអត់ កីឡាករវ័យ៣១ឆ្នាំ Rakitic បានឆ្លើយថា៖
ពិតណាស់គឺខ្ញុំចង់។ គាត់ (Ronaldo) គឺជាកីឡាករមួយរូបដែលល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ អ្នកទាំងអស់គ្នាតែងតែតាមដានគាត់ ហើយគាត់ធ្វើបានយ៉ាងល្អជាមួយ Juventus។

យ៉ាងណាមិញ Rakitic ក៏បានសរសើរទៅដល់មិត្តរួមក្រុមរបស់គេ កីឡាករ Lionel Messi ផងដែរ ដោយគេបាននិយាយថា៖
វាគឺជារឿងដ៏អស្ចារ្យដែលបានលេងជាមួយគាត់ (Messi) គាត់ពិតជាពិសេស។ មានកីឡាករល្អជាច្រើននៅក្នុងបាល់ទាត់ ប៉ុន្តែខ្ញុំច្បាស់ថាគាត់គឺជាកីឡាករឆ្នើមបំផុតក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ឡើងវិញដែរថា Rakitic បានផ្លាស់ពី Sevilla មកចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ១៨លានអឺរ៉ូ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ដំណឹងនៃការចាកចេញរបស់គេលេចឭជាបន្តបន្ទាប់ ក្រោយមិនសូវមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន៕
ប្រភព៖ GOAL