អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រជែងជាមួយក្លិបធំៗ៤នៅអឺរ៉ុប ស្រវាយកខ្សែការពារកណ្ដាលរបស់ក្រុម RB Leipzig កីឡាករ Dayot Upamecano។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិបារាំងត្រូវបានគេចាត់ទុកថា ជាខ្សែការពារលេចធ្លោមួយរូបក្នុងក្របខណ្ឌ Bundesliga នាពេលបច្ចុប្បន្ន។ ជាការពិតណាស់ គិតត្រឹមសប្ដាហ៍ទី២៣នេះ គេរួមចំណែកជួយក្រុម Leipzig ឈរចំណាត់ថ្នាក់លេខ២ ក្នុងលីគ ចាញ់ពិន្ទុក្រុមកំពូលតារាង Bayern Munich តែ១ពិន្ទុប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់កាសែត The Mirror ក្លិប Man City បានចូលខ្លួនប្រជែងយកខ្សែការពារវ័យ២១ឆ្នាំ ដែលមានតម្លៃទិញផ្ដាច់កុងត្រា៥០លានផោន (ឬប្រមាណ ៦៥លានដុល្លារ)។ សារព័ត៌មានកីឡាដ៏ធំក្នុងប្រទេសអង់គ្លេសនេះបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំ Arsenal, Tottenham, Barcelona និង Real Madrid ក៏មានចំណាប់អារម្មណ៍ទៅលើកីឡាករ Upamecano ផងដែរ។
យ៉ាងណាមិញកាសែត Manchester Evening News បានបញ្ជាក់ថា Upamecano ជាគោលដៅចំបងមួយរូបរបស់លោក Pep នៅរដូវក្ដៅខាងមុខ ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កំពុងស្វះស្វែងរកខ្សែការពារមកបំពេញចន្លោះខ្វះខាតក្នុងក្រុម។

ក្នុងរដូវកាលនេះ ក្រុម Man City ហាក់មានបញ្ហានៅតំបន់ខាងក្រោម បន្ទាប់ពីខ្សែការពារសំខាន់ៗមួយចំនួន ជួបបញ្ហារបួស អវត្តមានមិនអាចជួយក្រុមបាន ដែលជាហេតុធ្វើឲ្យលោក Pep ហាក់មានការលំបាកប្រជែងពាន Premier League ជាមួយ Liverpool ។
គួរឲ្យដឹងដែរថា Man City បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Premier League ក្រោយ២៥ប្រកួតកន្លងទៅពួកគេរកបាន៥១ពិន្ទុ តាមពីក្រោយក្រុមលេខ១ Liverpool រហូតដល់ទៅ២២ពិន្ទុឯណោះ៕
ប្រភព៖ caughtoffside