អេស្ប៉ាញ៖ អតីតគ្រូបង្គោលក្រុមអ្នកមានបុណ្យ FC Barcelona លោក Ernesto Valverde ជឿជាក់ថា ក្លិបអធិរាជស Real Madrid ជាក្លិបដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណៈពេលដែលលោក Valverde ចាកចេញកីឡដ្ឋាន Camp Nou ក្រុម Barcelona ស្ថិតនៅកំពូលតារាង ឈរពីលើក្រុម Real Madrid មានពិន្ទុស្មើគ្នា តែលើសគ្រាប់ចំនេញ។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Quique Setien ក្រុម Barca បានធ្លាក់ទៅឈរលេខ២វិញ ចាញ់ពិន្ទុក្រុមលោក Zidane ចំនួន៣ពិន្ទុ។
កំឡុងពេលកម្មវិធី World Football Submit (WFS) លោក Valverde ត្រូវបានគេឲ្យជ្រើសរើសថាតើក្រុមណានឹងឈ្នះពានលីគ ភ្លាមៗនោះលោកបានឆ្លើយទៅវិញយ៉ាងខ្លីថា៖

Real Madrid ព្រោះពួកគេជាក្រុមមួយខ្លាំង និងផ្ដោតអារម្មណ៍ខ្លាំងទៅលើ La Liga។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ទទួលតួនាទីមកដឹកនាំក្រុម Barcelona កាលពីឆ្នាំ២០១៧ ហើយលោកត្រូវបានក្លិបបណ្ដេញចេញកាលពីខែមុន បន្ទាប់ពីដឹកនាំក្រុមចាញ់ក្រោមថ្វីជើងក្រុម Atlectico Madrid ៣-២ ធ្លាក់ចេញពីពានរង្វាន់ Spanish Super Cup។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល២ឆ្នាំកន្លះ លោកធ្លាប់ជួយក្រុមនៅតំបន់កាតាឡាន់ឈ្នះពាន La Liga បានចំនួន២ដង។

យ៉ាងណាមិញកាលពីពេលថ្មីៗ Barca ក៏ទើបធ្លាក់ចេញពីពានរង្វាន់ Copa del Rey ផងដែរ ក្រោយប្រកួតចាញ់ Athletic Bilbao ១-០ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ខណៈចុងខែនេះ ពួកគេមានការប្រកួតសំខាន់មួយទៀត ដែលនឹងត្រូវជួបតតាំងជាមួយក្រុម Napoli ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុមជើងទី១ ៕
ប្រភព៖ football-espana