ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំពិធីក្រុងពាលីដើម្បីប្រកាសរឿងថ្មីរបស់ខ្លួនចំណងជើង «រសជាតិអ្នកមាន» ក្រោមស្នាដៃនិពន្ធរបស់លោកស្រី ពាន់ ភួងបុប្ផា សហការជាមួយផលិតកម្ម អិមស៊ីអិនវី Picture ដោយសម្រិតសម្រាំងជាពិសេសនិងយកគុណភាពរឿងជាចម្បង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា ទូច បុប្ផា បានបញ្ជាក់អោយដឹងថា៖
“«រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែរ រសជាតិថ្មីមួយសម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបានវិនិយោគទឹកប្រាក់ប្រមាណសាមសិបម៉ឺនដូល្លារអាមេរិក (៣០០,០០០ដូល្លារ)។ ការបោះទុនច្រើនក៏ដោយសារតែយើងចង់អោយរឿងមួយនេះមានភាពរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំសំលៀកបំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំយ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនបន្តនូវការគាំទ្ររឿងភាគខ្មែរនៅភីអិនអិន»”។
កញ្ញាបន្តថា៖
“រឿង«រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរជំនាន់តាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូន។រឿងនេះបានឆ្លុះបញ្ចាំងពីធាតុពិតនៃសង្គម ថែមទាំងបង្កប់នូវអត្ថន័យអប់រំល្អៗជាច្រើនពាក់ព័ន្ធនឹងគម្លាតរវាងអ្នកមាននិងអ្នកក្រ និងការរស់នៅរបស់ពួកគាត់ផងដែរ”។


ក្នុងពិធីក្រុងពាលីរឿងនេះ ត្រូវបានចូលរួមពីសំណាក់ផលិតករអ្នកស្រីពាន់ ភួងបុប្ផា និងតារាសម្តែងល្បីៗទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមានដូចជា លោក ជា សំណាង អ្នកនាង កែវ យ៉ាវិញ កញ្ញា ខាត់ យ៉ាឡាង កញ្ញា ម៉ូនី វិជ្ជរ៉ា លោក អេតវីន កញ្ញា ទឹម រដ្ឋា លោក សម្បើម ស័ក្តិ រួមនឹងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត។
ភីអិនអិន រំពឹង និងសង្ឃឹមថាទស្សនិកជននឹងគាំទ្ររឿងភាគខ្មែរថ្មីមួយនេះបន្ទាប់ពីចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្ររបស់ទស្សនិកជនគឺជាកម្លាំងចិត្តដ៏សំខាន់មួយដែលធ្វើក្រុមកាងារភីអិនអិនទាំងមូលអាចបន្តផលិត និងបង្កើតអ្វីដែលថ្មីជាបន្តទៀត៕



