ហេតុអ្វីត្រូវមានថ្ងៃទី២៩ ខែកុម្ភៈ? និង តើគ្រប់ឆ្នាំដែលអាចចែកដាច់នឹង៤ សុទ្ធតែជាឆ្នាំបង្គ្រប់?

//s5.kh1.co/63/63f08c72c3a66b7223d93b73267ecd84daf9785a.jpg
យល់ដឹង

 ០៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឆ្នាំបង្គ្រប់ពិតជាមានប្រយោជន៍ខ្លាំងណាស់ នៅក្នុងប្រព័ន្ធប្រតិទិនរបស់យើង។

បរទេស៖ សព្វថ្ងៃនេះ ប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតនៅលើពិភពលោកបានកំពុងប្រើប្រាស់ប្រព័ន្ធប្រតិទិនសុរិយាគតិមួយដែលមានឈ្មោះថា The Gregorian Calendar។ យើងដឹងហើយថា​ ជាធម្មតា ក្នុងមួយឆ្នាំមាន៣៦៥ថ្ងៃ ប៉ុន្តែនៅរៀងរាល់៤ឆ្នាំម្ដង វាមានរហូតដល់៣៦៦ថ្ងៃ ដែលត្រូវបានគេហៅថា «ឆ្នាំបង្គ្រប់»។ ជាទូទៅខែកុម្ភៈមានត្រឹមតែ២៨ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែជារៀងរាល់៤ឆ្នាំម្ដង ខែកុម្ភៈត្រូវបានគេបន្ថែម១ថ្ងៃ លើសពេលធម្មតា។ នៅពេលគេនិយាយដល់ឆ្នាំបង្គ្រប់ គឺគេដឹងថា ក្នុងមួយឆ្នាំមាន៣៦៦ថ្ងៃ ហើយជាពេលដែលខែកុម្ភៈមានរហូតដល់២៩ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅពេលខែកុម្ភៈមានចំនួន២៩ថ្ងៃ នោះវាជាពេលរបស់ឆ្នាំបង្គ្រប់
នៅពេលខែកុម្ភៈមានចំនួន២៩ថ្ងៃ នោះវាជាពេលរបស់ឆ្នាំបង្គ្រប់

គួររម្លឹកផងដែរថា ឆ្នាំបង្គ្រប់កាលពីលើកមុនគឺចំឆ្នាំ២០១៦ ចំណែកឯឆ្នាំបង្គ្រប់បន្ទាប់គឺនៅឆ្នាំ២០២០នេះ។ ហេតុអ្វីបានជាគេត្រូវការឆ្នាំបង្គ្រប់? ដោយសារតែប្រតិទិនរបស់យើងគឺជាប្រភេទសុរិយាគតិ ដែលយកតាមដំណើរគោចររបស់ផែនដីជុំវិញព្រះអាទិត្យ។ ក្នុងរយៈពេល១ឆ្នាំ ផែនដីចំណាយពេល៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង៤៥វិនាទី ដើម្បីវិលជុំវិញព្រះអាទិត្យបានមួយជុំ។

ផែនដីចំណាយពេល៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង៤៥វិនាទី ដើម្បីវិលជុំវិញព្រះអាទិត្យបានមួយជុំ
ផែនដីចំណាយពេល៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង៤៥វិនាទី ដើម្បីវិលជុំវិញព្រះអាទិត្យបានមួយជុំ

ប៉ុន្តែនៅក្នុងប្រព័ន្ធប្រតិទិនសុរិយាគតិ The Gregorian Calendar គឺគេកំណត់ត្រឹម៣៦៥ឆ្នាំគត់ ក្នុងមួយឆ្នាំ ហើយប្រសិនជាយើងមិនបន្ថែមមួយថ្ងៃទៅកាន់ថ្ងៃទី២៩ខែកុម្ភៈជារៀងរាល់៤ឆ្នាំម្ដងទេ នោះយើងនឹងបាត់បង់រយៈពេលជិត៦ម៉ោងជារៀងរាល់ឆ្នាំ ចេញពីប្រតិទិនរបស់យើង។ បន្ទាប់ពី១០០ឆ្នាំក្រោយមក ប្រតិទិនរបស់យើងនឹងបាត់បង់រហូតដល់ចំនួន២៤ថ្ងៃ។ តើគេអាចគណនារកឆ្នាំបង្គ្រប់ដោយរបៀបណា? នៅក្នុងប្រព័ន្ធប្រតិទិនសុរិយាគតិ The Gregorian Calendar មានក្បួនច្បាប់ចំនួន៣ ដើម្បីរកឆ្នាំបង្គ្រប់៖

·  គឺជាឆ្នាំដែលអាចចែកដាច់នឹង ៤

·  បើសិនជាវាអាចចែកដាច់នឹង ១០០ ដែរ នោះវាមិនមែនជាឆ្នាំបង្គ្រប់ទេ លុះត្រាតែ

·  វាអាចចែកដាច់នឹង ៤០០ ដែរ ទើបវាក្លាយជាឆ្នាំបង្គ្រប់

The Gregorian Calendar មានក្បួនច្បាប់ចំនួន៣ ដើម្បីរកឆ្នាំបង្គ្រប់
The Gregorian Calendar មានក្បួនច្បាប់ចំនួន៣ ដើម្បីរកឆ្នាំបង្គ្រប់

បើតាមច្បាប់ ឆ្នាំ២០០០និងឆ្នាំ២៤០០គឺជាឆ្នាំបង្គ្រប់ ប៉ុន្តែឆ្នាំដូចជា ១៨០០ ១៩០០ ២១០០ ២២០០ ២៣០០ និង ២៥០០ មិនមែនជាឆ្នាំបង្គ្រប់នោះទេ។ ដូចនេះ គ្រប់ឆ្នាំដែលអាចចែកដាច់នឹង៤ មិនមែនសុទ្ធតែជាឆ្នាំបង្គ្រប់ទាំងអស់នោះទេ ឧទាហរណ៍ឆ្នាំ២១០០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T