ភ្នំពេញ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនថ្មីមួយ ឈ្មោះ នូទ្រីឡាយហ្វ៍ ខេបភីថល ភីអិលស៊ី បានបើកសម្ភោធជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNutrilife Capital PLC គឺជាក្រុមហ៊ុនថ្មី ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិមខូអិលធីឌី និងក្រុមហ៊ុន ហ្វាលីន (Farlin) ដែល សុទ្ធតែជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារនាំចូលនិងចែកចាយផលិតផលទារក កុមារនិងក្រុមគ្រួសារ។
មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរ បានកាន់កាប់ទីផ្សារមួយផ្នែកធំ ក្នុងវិស័យ អាហាររូបត្ថម្ភ និងផលិតផលប្រើប្រាស់សម្រាប់ទារកនិងកុមារ នៅក្នុងទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានទទួលជោគជ័យ និងបានពង្រីកវិសាលភាពក្នុងការផ្គត់ផ្គង់ ទៅកាន់អតិថិជនមានកំណើនជារៀងរាល់ឆ្នាំ ទូទាំង២៥ខេត្តក្រុង។

នូទ្រីឡាយហ្វ៍ មានផលិតផលជាច្រើន ដែលមានទាំងផលិតផលម្សៅទឹកដោះគោសម្រាប់អ្នកម្តាយ នូទ្រីម៉ាម ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ នូទ្រីលេត, ដបទឹកដោះគោ Farlin, ក្រដាសសើម, រទេះរុញ, ទឹកបរិសុទ្ធ និងផលិតផលជាច្រើនមុខទៀត ដែលជាផលិតផលប្រើប្រាស់សម្រាប់ទារក និងកុមារ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស។
ថ្នាក់ដឹកនាំក្រុមហ៊ុន Nutrilife Capital PLC សុទ្ធសឹងតែជាសហគ្រិនយោគជ័យជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រង មានបទពិសោធន៍ ប្រកបដោយយុទ្ធសាស្រ្ត ភាពប៉ិនប្រសព្វ ការទទួលខុសត្រូវ និងមានសុច្ចរិតភាពខ្ពស់ក្នុងការអភិវឌ្ឍន៏ក្រុមហ៊ុន។
ផ្តោតលើភាពជោគជ័យ ទៅលើផលិតផលដែលមានស្រាប់ ក្រុមហ៊ុន នូទ្រីឡាយហ៏ មានគម្រោងជាច្រើន ក្នុងការអភិវឌ្ឍន៏ និង ផលិត ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីធ្វើការផ្គត់ផ្គង់ និងចែកចាយនៅលើទីផ្សារ មានដូចជា៖ ម្សៅទឹកដោះគោ Nutribebe ដែលនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ, មជ្ឈមណ្ឌលថែទាំទារក Day Care, ផលិតផលក្រដាសសើម ខោទឹកនោម និងផលិតផលជាច្រើនទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលកាន់តែរីកដុះដាលនាពេលអនាគត ហើយក្រុមហ៊ុនជឿជាក់ថាផលិតផលទាំងនោះ ប្រាកដជាទទួលបានភាពជោគជ័យថែមទៀត ផ្តោតទៅលើការពង្រីកយុទ្ធសាស្ត្រទីផ្សារចូលទៅក្នុងតំបន់អាស៊ាន។


លោកស្រី ខុន កែវកេសី ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិ ក៏បានប្រកាសស្វាគមន៍អ្នកវិនិយោគអ្នកទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុន។
យោងតាមប្រសាសន៍របស់លោកស្រី ខុន កែវកេសី បានឲ្យដឹងថា៖
“ក្នុងនាមជានាយិកាប្រតិបត្តិ នាងខ្ញុំសូមធ្វើការធានាអះអាងដល់ក្រុមប្រឹក្សាភិបាល និង អ្នកវិនិយោគទាំងអស់ ឲ្យបានជ្រាបថា ថ្នាក់ដឹកនាំនិងក្រុមការងារក្រុមហ៊ុន Nutrilife Capital PLC យើងខ្ញុំប្តេជ្ញាចិត្តប្រកបដោយ ក្រមសីលធ៌មវិជ្ជាជីវៈនិងសុឆន្ទៈខ្ពស់ ថាក្រុមហ៊ុននឹងសម្រេចឲ្យបាននូវលទ្ធផលជាផ្លែផ្កា ប្រកបដោយ ប្រសិទ្ធិភាព និង ផលិតភាពខ្ពស់ ស្របតាម គោលបំណង បេសកម្ម និងទស្សនៈវិស័យ របស់ក្រុមហ៊ុន Nutrilife ជាពិសេសគឺនាំយកនូវគុណប្រយោជន៍និងគុណតម្លៃជូនអ្នកវិនិយោគ និង ដៃគូអាជីវកម្មទាំងអស់”។
លោកស្រីបានបន្តថា៖
“ក្រៅពីទីផ្សារក្នុងស្រុក នូទ្រីឡាយហ្វ៍ ក៏បានត្រៀមបេសកកម្មរួចជាស្រេច ក្នុងការពង្រីកការវិនិយោគ ទៅបណ្តាទីផ្សារនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពី ប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ នាពេលអនាគត ក្រុមហ៊ុន នូទ្រីឡាយហ្វ៍ មានមហិច្ឆិតានឹងពង្រីកទីផ្សារ ទៅកាន់ទីផ្សារនៃបណ្តាប្រទេសក្នុងអាស៊ីយ៏ប៉ាស៊ីហ្វិកបន្ថែមទៀត ដូចជាទីផ្សារប្រទេសចិន ឥណ្ឌា កូរ៉េខាងត្យូង ជប៉ុនជាដើម”។


ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន នូទ្រីឡាហ្វ៍ មានទីតាំងនៅ អគារ Diamond Twin Tower ជាន់ទី១១ ទីក្រុងកោះពេជ្រ ខណ្ឌចំការមក រាជធានីភ្នំពេញ៕


