ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញហ្វូស៊ីលក្បាលត្រីឆ្លាម ដែលមានអាយុកាល៣៣០លានឆ្នាំ

//s5.kh1.co/b7/b7f9739d9840147deb803f67e15b8e8b640385d4.jpg
បច្ចេកវិទ្យា

 ៣១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដំបូងឡើយគេច្រឡំថា វាអាចជាគ្រោងឆ្អឹងធំមួយ តែតាមពិត វាគ្រាន់តែជាផ្នែកមួយនៃក្បាលត្រីឆ្លាមតែប៉ុណ្ណោះ។

អាមេរិក៖ ល្អាងឧទ្យានជាតិ Mammoth ក្នុងរដ្ឋ Kentucky គឺស្ថិតនៅឆ្ងាយពីមហាសមុទ្រ ប៉ុន្តែរបកគំហើញនៃហ្វូស៊ីលជាច្រើន បានបង្ហាញថាកន្លែងនេះកាលពីមុន ធ្លាប់មានត្រីឆ្លាមយ៉ាងច្រើន។ អ្នកវិទ្យាសាស្ត្របានកំណត់ថា មានត្រីឆ្លាមប្រមាណជា១៥ទៅ២០ប្រភេទផ្សេងៗគ្នា ធ្លាប់បានរស់នៅក្នុងល្អាងនេះ រួមទាំងត្រីឆ្លាមដែលមានក្បាលពណ៌សផងដែរ នេះបើយោងតាមលោក John-Paul Hodnett ដែលជាអ្នកជំនាញខាងផ្នែកសត្វពីបុរាណ ឆ្លើយប្រាប់ CNN។ ពួកត្រីឆ្លាមទាំងនេះបានរស់នៅប្រហែល៣៣០លានឆ្នាំមុន នៅចុងសម័យកាល Mississippian នៅពេលដែលអាមេរិកខាងជើងត្រូវបានគ្របដណ្ដប់ដោយមហាសមុទ្រ។ នៅពេលដែលពួកវាងាប់ សាកសពរបស់វាត្រូវបានកប់នៅក្នុងដីល្បាប់ ដែលនៅទីបំផុតបានក្លាយជាថ្មកំបោរ ហើយល្អាងក៏ត្រូវបានបង្កើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្វូស៊ីលដែលគេរកឃើញក្នុងល្អាង Mammoth
ហ្វូស៊ីលដែលគេរកឃើញក្នុងល្អាង Mammoth

បើយោងតាមលោក Vincent Santucci ដែលជាអ្នកជំនាញជាន់ខ្ពស់ខាងផ្នែកសត្វពីបុរាណរបស់សេវាកម្មឧទ្យានជាតិបានឲ្យដឹងថា អ្នកដែលរកឃើញហ្វូស៊ីលត្រីឆ្លាមទាំងនេះគឺជាលោក Rick Olson និង Rick Toomey ដែលជាអ្នកវិទ្យាសាស្ត្រប្រចាំល្អាង Mammoth ហើយការរកឃើញនេះ នៅពេលដែលពួកគេកំពុងកំណត់ទីតាំងកន្លែងឆ្ងាយៗក្នុងល្អាង។ ពួកគេបានផ្ញើរូបថតនៃការរកឃើញរបស់ពួកគេទៅកាន់លោក Hodnett ពីព្រោះគាត់គឺជាអ្នកជំនាញខាងត្រីឆ្លាមក្នុងសម័យកាល Paleozoic។ លោក Hodnett បាននិយាយថា មានធ្មេញត្រីឆ្លាមពីរបីនៅក្នុងរូបថត ប៉ុន្តែគាត់បានឃើញឆ្អឹងខ្ចី ដែលគាត់គិតថា ប្រហែលជាគ្រោងឆ្អឹងរបស់ត្រីឆ្លាមដែរ។ វាជារឿងមួយដ៏កម្រណាស់ ព្រោះឆ្អឹងខ្ចីមានសភាពទន់ជាងឆ្អឹងធម្មតា។

ហ្វូស៊ីលមួយនេះគ្រាន់តែផ្នែកមួយនៃក្បាលត្រីឆ្លាមតែប៉ុណ្ណោះ

នៅពេលដែលអ្នកវិទ្យាសាស្ត្របានចូលក្នុងល្អាងនេះក្នុងខែវិច្ឆិកា គាត់បានឃើញអ្វីមួយយ៉ាងធំ។ ការពិតទៅ វាមិនមែនជាគ្រោងឆ្អឹងទេ វាគឺជាផ្នែកមួយនៃក្បាល។ ហើយគ្រាន់តែក្បាលសោះ មានទំហំធំទៅហើយ នេះបើតាមសម្ដីរបស់លោក Hodnett។ លោកបានបន្តទៀតថា អ្នកអាចឃើញផ្នែកមួយនៃថ្គាមរបស់ត្រីឆ្លាម ដែលជាកន្លែងត្រូវបានភ្ជាប់ទៅនឹងលលាដ៍ក្បាលនិងផ្នែកខាងចុង ដែលជាចង្ការបស់វា។ នៅពាក់កណ្ដាលថ្គាមគឺមិនអាចមើលឃើញទេ ប៉ុន្តែគាត់បានប៉ាន់ស្មានថា វាអាចមានប្រវែង៧៦.២សង់ទីម៉ែត្រ។ តាមរយៈការសិក្សាធ្មេញរបស់វា លោក Hodnett អាចកំណត់បានថាហ្វូស៊ីលនេះគឺស្ថិតក្នុងប្រភេទ Saivodus striatus ដែលមានទំហំប៉ុនត្រីឆ្លាមពណ៌សក្នុងពេលបច្ចុប្បន្ន ដែលមានប្រវែងពី៤ទៅ៦ម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T