ភ្នំពេញ៖ ក្រោយផ្ទុះករណីវីរុសកូរ៉ូណា(Coronavirus)បានឆ្លង និងបានសម្លាប់មនុស្សអស់ជាច្រើនរួចមក ធ្វើឲ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពសុខភាពរបស់ខ្លួន។ ដើម្បីបង្ការខ្លួនកុំឲ្យឆ្លងជំងឺនេះក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាជនកាពារខ្លួនដោយពាក់ម៉ាស់ពេលចេញក្រៅ ដូចនេះហើយទើបតម្រូវការម៉ាសមានការហក់ឡើងខ្ពស់ ហើយអាជីវករមួយចំនួនធំឆ្លៀតឱកាសដំឡើងថ្លៃខ្លាំងនាពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក បាន វិបុល ជាអ្នកគ្រប់គ្រងនៅ ឃីងសឹរ៉ូដអង្គរ King’s Road Angkor សៀមរាប បានឲ្យដឹងថា៖
“ដើម្បីចូលរួមចំនែកជួយឲ្យប្រជាជនខ្មែរបង្ការខ្លួនពី វីរុសកូរ៉ូណាថ្មី បុគ្គលិកអាជីវករ និងភ្ញៀវដែលបានមកលេងក្នុងក្រុងសៀមរាបជាពិសេសនៅក្នុងបរិវេណ ឃីងសឹរ៉ូដអង្គរ ទាំងអស់ក្រុមហ៊ុននឹងផ្តល់ជូនម៉ាសដល់ បុគ្គលិក និងអាជីវកររបស់ខ្លួន រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមិនសូវមានលទ្ធភាពទិញ ម៉ាស អាចទៅទទួលយកម៉ាសបាននៅ ឃីងសឹរ៉ូដអង្គរ King’s Road Angkor ដែលមានទីតាំង ចុះពីស្ពានផ្សារចាស់ ដល់រង្វង់មូលវត្តដំណាក់ កាច់មកផ្លូវអាចារ្យស្វា ទល់មុខរហាត់ទឹកសៀមរាប។
លោកក៏បានបន្ថែមទៀតថា៖
ក្រុមហ៊ុនធ្វើដូច្នេះដោយមើលឃើញថា ម៉ាស់កំពុងតែជាតម្រូវការចម្បង នាខណៈនេះ ដោយឡែកអាជីករនៅលើបណ្តាញសង្គមនិងកន្លែងលក់ម៉ាស់មួយចំនួន ឆ្លៀតឱកាសឡើងថ្លៃទៅវិញ”។
ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវអ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) សូមកុំតម្លើងថ្លៃម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលមានតម្រូវការប្រើម៉ាស់អាចទិញប្រើបាន៕





