តៃវ៉ាន់ពិន័យ ១០០០០ដុល្លារ ចំពោះអ្នកជំងឺកូរ៉ូណាវីរុសណា​ដែលពួនឈឺ​ ហើយមិនប្រាប់ឲ្យគេដឹង

//s5.kh1.co/05/0545b9657d7c1800ceb27e3f7faa9ad04775c695.jpg
សង្គម

 ២៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីសុខាភិបាលតៃវ៉ាន់បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសម្នាក់ដែលឆ្លងវីរុសកូរ៉ូណានឹងត្រូវពិន័យ ៣០០០០០ ដុល្លារតៃវ៉ាន់ ឬ១០០០០ ដុល្លារអាមេរិក ពីបទលាក់បាំងជំងឺរបស់គាត់បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងវូហាន​ដែលជាទីតាំងផ្ទុះជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសនេះគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់គិតត្រឹមថ្ងៃសៅរ៍នៅតៃវ៉ាន់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ​ថាមានជំងឺឆ្លងដែលអាចបណ្តាលឱ្យមានជំងឺរលាកសួត។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់តៃវ៉ាន់បានអោយដឹងថា គាត់បានធ្វើតេស្តិ៍រកវីរុសនេះដោយមាន​លទ្ធផល​វិជ្ជមាន​នាថ្ងៃពុធ​ នៅមន្ទីរពេទ្យមួយនៅភាគខាងត្បូងទីក្រុង Kaohsiung ។

ការពិន័យនេះបង្ហាញថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី Tsai Ing-wen មានឆន្ទៈអនុវត្តន៍ច្បាប់ដាច់ដោយឡែក​ប្រឆាំងនឹងការរីករាលដាលនៃមេរោគដែលបានឆ្លងដល់មនុស្សជាង ១៣០០ នាក់ និងបានសម្លាប់មនុស្សជាង ៤០ នាក់នៅក្នុងប្រទេសចិនដីគោក។

ជាការកត់សម្គាល់ ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលកំពុងបន្តគឺជាពេលវេលាគ្រោះថ្នាក់​ ជាពិសេសសម្រាប់​ការឆ្លងមេរោគ​ ពីព្រោះប្រជាជនតៃវ៉ាន់ជាច្រើនបានត្រឡប់​មកផ្ទះវិញដើម្បីចំណាយពេលវេលា​ជាមួយគ្រួសារនាឱកាស​ថ្ងៃសម្រាក។

បុរសនោះត្រូវបានគេអះអាងថា មិនបានប្រាប់ថាគាត់មានរោគសញ្ញានៃការឆ្លងផ្លូវដង្ហើម​ខាងលើមុន​ពេលគាត់​ចូលក្នុងកោះតៃវ៉ាន់ ដោយរំលោភលើច្បាប់ត្រួតពិនិត្យនៃជំងឹឆ្លង។ គាត់ក៏ត្រូវបានគេនិយាយផងដែរថាបានទៅលេងក្លឹបរាំខៃស៊ីងដោយមិនពាក់ម៉ាស់ការពារ។

មនុស្សជាង៨០នាក់ដែលមានទំនាក់ទំនងជាមួយអ្នកធ្វើដំណើរដែលផ្ទុកមេរោគជាប់ខ្លួន ត្រូវបានគេស្គាល់​អត្តសញ្ញាណ ហើយត្រូវបានមន្ត្រីសុខាភិបាលតាមដាន។ បុគ្គលិកក្លឹប ម្នាក់ដែលមានគេរាយការណ៍​ពីរោគ​សញ្ញារួមទាំងក្អកផង ត្រូវបានគេទុកឱ្យធ្វើតេស្ត៍ដើម្បីតាមដានស្ថានភាព។

ក្រសួងដឹកជញ្ជូនតៃវ៉ាន់កាលពីថ្ងៃសុក្រ បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍​ឲ្យលុបចោលដំណើរកម្សាន្តជាក្រុម​ទៅកាន់ដីគោក និងបញ្ឈប់ការទទួលយកដំណើរទេសចរណ៍ក្នុងទិសដៅផ្សេងទៀតសិន។

គួររំឭកថា កាលពីអតីតកាលក្នុងកំឡុងពេលនៃការផ្ទុះជំងឺ SARS ឆ្នាំ ២០០៣ ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ មានប្រជាជនតៃវ៉ាន់ជាង ៧០ នាក់បានបាត់បង់ជីវិតផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T