លើកមុនខុសគោលដៅ ប៉ុន្តែលើកនេះគ្រាប់រ៉ុក្កែតមួយបានធ្លាក់ចំកន្លែងទទួលទានអាហារក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់

//s5.kh1.co/7f/7f4cac289c1b4bea19216317320680a8b02cc096.jpg
សង្គម

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ថានភាពសន្តិសុខក្នុងប្រទេសអ៉ីរ៉ាក់ នៅតែមានភាពតានតឹងដដែល ហើយការគំរាមកំហែងផ្សេងៗនៅតែបន្តកើតមាន។

អ៉ីរ៉ាក់៖ មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា យ៉ាងហោចណាស់មានគ្រាប់រ៉ុកក្កែតមួយ បានវាយប្រហារកន្លែងទទួលទានអាហារ កាលពីថ្ងៃអាទិត្យ នៅបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដ។ មន្ត្រីរូបនេះបាននិយាយថា នៅដំណាក់កាលដំបូងនេះ មានរបាយការណ៍នៃការខូចខាតបន្តិចបន្តួច។ អ្នកនាំពាក្យនាយកដ្ឋានរដ្ឋរបស់អាមេរិកបាននិយាយនៅល្ងាចថ្ងៃអាទិត្យថា៖ «យើងបានទទួលការរាយការណ៍នៃការធ្លាក់គ្រាប់រ៉ុក្កែតនៅក្នុងតំបន់ International Zone» ប៉ុន្តែមិនបានបញ្ជាក់ឲ្យលម្អិតអំពីស្ថានទូតនោះទេ។ ខណៈដែលនាយកដ្ឋានរដ្ឋមិនស្ដីបន្ទោសដោយផ្ទាល់ ទៅលើក្រុមជីវពលដែលគាំទ្រដោយអ៉ីរ៉ង់ ចំពោះការវាយប្រហារនេះ ក៏អ្នកនាំពាក្យរូបនេះ បានសំដៅទៅលើការគំរាមកំហែងរបស់អ៉ីរ៉ង់នៅក្នុងតំបន់ និងការវាយប្រហារកន្លងមកដោយកងជីវពល បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ថតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០
រូបភាពស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ថតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ «ស្ថានភាពសន្តិសុខនៅតែតានតឹង ហើយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៉ីរ៉ង់ នៅតែជាការគំរាមកំហែងមួយដដែល។ ដូចនេះ យើងនៅតែប្រុងប្រយ័ត្ន»។ សហរដ្ឋអាមេរិកកំពុងអំពាវនាវ ទៅដល់រដ្ឋាភិបាលអ៉ីរ៉ាក់ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារទីតាំងការទូតរបស់អាមេរិក។

យោងតាមនាយកដ្ឋានរដ្ឋបានឲ្យដឹងថា ចាប់តាំងពីខែកញ្ញាមក មានការវាយប្រហារ ១៤លើក ដោយរដ្ឋាភិបាលអ៉ីរ៉ង់ឬកងជីវពលដែលគាំទ្រដោយក្រុង Tehran មកលើបុគ្គលិកអាមេរិកដែលមានមូលដ្ឋាននៅអ៉ីរ៉ាក់។ លោក Adil Abdul Mahdi នាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីរ៉ាក់ បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា កងកម្លាំងអ៉ីរ៉ាក់ត្រូវបានពង្រាយ ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃការវាយប្រហារបែបនេះ ហើយដើម្បីចាប់ខ្លួនអ្នកដែលបាញ់រ៉ុក្កែតទាំងនោះ និងឲ្យជនទាំងនោះទទួលទោស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T