អេស្ប៉ាញ៖ ខ្សែបម្រើក្រុម Valencia កីឡាករ Santi Cazorla ជឿជាក់ថា លោក Mikel Arteta ដែលបច្ចុប្បន្នជាគ្រូបង្គោលក្រុម Arsenal អាចក្លាយជាអ្នកចាត់ការទូទៅដ៏អស្ចារ្យ១រូបបាន នៅពេលអនាគត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cazorla ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Arteta ដោយពួកគេទាំងពីរនាក់នេះ ធ្លាប់លេងឲ្យក្លិបកាំភ្លើងធំរជ្ជកាលលោក Arsen Wenger ដឹកនាំ។

Arteta បានលាលែងពីតំណែងជាជំនួយការគ្រូបង្វឹកក្រុម Manchester City មកដឹកនាំ Arsenal បន្តពីលោក Unai Emery ដែលត្រូវបានក្លិប បណ្ដេញចេញកាលពីចុងខែវិច្ឆិកាឆ្នាំមុន។ ក្រោមការដឹកនាំរបស់លោក ក្រុមកាំភ្លើងធំ ភ្លាត់ចាញ់តែ១លើកប៉ុណ្ណោះក្នុងចំណោម៧ប្រកួតកន្លងទៅ ពោលគឺឈ្នះ ២ដង ស្មើ៤ដង និងចាញ់១ដង។
យ៉ាងណាមិញ Cazola នៅតែមានទំនុកចិត្តលើអតីតមិត្តរួមក្រុមរបស់ខ្លួនរូបនេះ បើទោះបីជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដឹកនាំ Arsenal ស្វែងរកជ័យជម្នះទើបបាន២ដងក៏ដោយ ដោយបាននិយាយថា៖
ប្រាកដណាស់ ខ្ញុំជឿជាក់ថាគាត់នឹងក្លាយជាអ្នកចាត់ការទូទៅដ៏អស្ចារ្យ១រូប នាពេលអនាគត។ សូម្បីតែពេលខ្ញុំលេងជាមួយគាត់ គាត់តែងតែបង្ហាញភាពជាអ្នកដឹកនាំដ៏អស្ចារ្យនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

Cazola បានបន្ថែមទៀតថា៖
អ្នកខ្លះនិយាយថាវាជាការលេងល្បែងដ៏ប្រថុយប្រថានមួយ សម្រាប់ Arsenal ក្នុងការតែងតាំងគាត់ប៉ុន្តែខ្ញុំជឿជាក់ថាវាអាចនឹងមានហេតុផលនៅពីក្រោយណាមួយ ដែលពួកគេជ្រើសរើសគាត់។ គាត់ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Pep Guardiola ដែរ ត្រង់នេះហើយដែលខ្ញុំជឿជាក់ថាគាត់នឹងក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់នៅពេលអនាគត។
គួរបញ្ជាក់ផងដែរថា Arsenal បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ១០ ក្នុងក្របខណ្ឌ Premier League ក្រោយ២៤ប្រកួតកន្លងទៅពួកគេរកបាន៣០ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea រហូតដល់ទៅ១០ ពិន្ទុ៕
ប្រភព៖ caughtoffside