ស្នងការខេត្ត​៖ សមត្ថកិច្ចមិនខ្លាចនឹងបង្កា្រប​ល្បែង​ស៊ី​សង​ខុសច្បាប់​នៅព្រះសីហនុឡើយ

//s5.kh1.co/88/884a0b6fc8b7304bb3f2c743ef04d2752461df2b.jpg
សង្គម

 ២២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សមត្ថកិច្ចមិនខ្លាចនឹងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តព្រះសីហនុឡើយ។ នេះជាអ្វីដែលលោក​ឧត្តមសេនីយ៍ទោ​ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុបានប្រាប់Khmerload នៅថ្ងៃទី២២មករានេះ។ ការឆ្លើយតបយ៉ាងមានសុទិដ្ឋិនិយមរបស់លោកស្នងការខេត្តព្រះសីហនុបែបនេះ ធ្វើឡើងក្រោយមានព័ត៌មានរិះគន់ ចំៗ ឥតសំចៃពីមជ្ឈដ្ឋានមួយចំនួនថាអាជ្ញាធរខេត្តព្រះសីហនុ ហាក់មានភាពស្ពឹកស្រពន់ រឿងបង្ក្រាបបញ្ហាល្បែង ស៊ីសងខុសច្បាប់ក្នុងខេត្តខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជួន ណារិន្ទបន្ថែមថា៖ «បទល្មើសជាក់ស្តែង យើងមិនខ្លាចនឹងអនុវត្តន៍ច្បាប់នោះទេ។ កន្លងមកអាជ្ញាធរបានប្រឹងប្រែងធ្វើការចុះបង្ក្រាបដោយមិនខ្វល់ពីពេលវេលាសម្រាកពេលយប់ឡើយ។ មូលហេតុត្រង់ថា ល្បែងខុសច្បាប់ទាំងនោះត្រូវបានគេបើកឲ្យលេងតែពេលយប់ប៉ុណ្ណោះ ហើយពេលថ្ងៃ មិនសូវជាមានអ្នកប្រព្រឹត្តប៉ុន្មានទេ។ អ៊ឹចឹងហើយ​ យើងក៏ត្រូវត្រៀមចាត់ការនាពេលយប់ដែរ។»

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុរូបនេះ បានបង្ហើបថា ការបង្កា្របស្បែងស៊ីសងខុសច្បាប់នាពេលនេះ នឹងមិនធ្វើដូចភ្លើងចំប៉ើងនោះឡើយ។​ លោកថា បើចង់ឲ្យការបង្ក្រាបមានប្រសិទ្ធភាពលុះត្រា​តែការបង្ក្រាប​នោះមានបន្តបន្ទាប់ជានិច្ច។​

ឧត្តមសេនីយ៍ទោខាងលើបានបញ្ជាក់ច្បាស់ៗថា មួយរយៈចុងក្រោយនេះ ល្បែងស៊ីសងខុសច្បាប់​ដែល​អាជ្ញាធរចាប់បានមានដូចជាល្បែងបាញ់ត្រី និងទូរល្បែងមួយចំនួនទៀតដែលរកស៊ីខុសច្បាប់ ​តែស្ថិតក្រោម​ស្លាកល្បែងកំសាន្ត។

ជាការកត់សម្គាល់ មានមតិមិនតិចទេបានចោទសួរពីឧបសគ្គរបស់អាជ្ញាធររឿង​បង្ក្រាបល្បែងខុសច្បាប់នៅ​ក្នុងខេត្តព្រះសីហនុ ថាតើមានបញ្ហាអ្វីដែលនាំឲ្យការបង្ក្រាបមានភាពយឺតយ៉ាវ។ ជាការឆ្លើយតប​ លោកជួន ណារិន្ទបញ្ជាក់ថា អាជ្ញាធរមិនមានឧបសគ្គរឿងបង្កា្របរឿងល្បែងស៊ីសងខុសច្បាប់នោះឡើយ ព្រោះមានការ​គាំទ្រច្រើនពីស្ថាប័នពាក់ព័ន្ធ តែក៏នៅមានចន្លោះខ្វះខាតផងដែរ។

គួររំឭកថា ខេត្តព្រះសីហនុជាខេត្តមួយដែលត្រូវបានមហាជនភាគច្រើនកត់ចំណាំ និងបញ្ចេញយោបល់ជាហូរ​ហែ​ពីបញ្ហាល្បែងស៊ីសង ហើយថាកំណើនជនជាតិចិនចូលមកក្នុងខេត្តនេះ ជាមូលហេតុដែលធ្វើឲ្យមានកំណើន​ល្បែង​ទាំងនោះ។ តែយ៉ាងណាអាជ្ញាធរ បានចេញមុខបដិសេធ ដោយសម្អាងថា វាមិនមែនពាក់ព័ន្ធរឿងលំហូរជនជាតិចិន តែវាពាក់ព័ន្ធនឹងច្បាប់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T