៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប!

//s5.kh1.co/61/615cdf8efceb6cb30ffc2993253f807a2c5bc896.jpg
នារី

 ២២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាក់ប៉ា​ទាំងអស់​តែងតែ​ព្រួយបារម្ភ គិតគូរ​ពី​កូន​គ្រប់​ពេល​វេលា​មិន​ថា​កូន​តូច ឬ​ធំ​ឡើយ តែ​សម្រាប់​កូន​នៅ​តូច​ចិត្ត​ខ្វាយខ្វល់​ខ្លាំង​ជាង​កូន​ធំ ព្រោះ​វ័យ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ឡើយ។

ម៉ាក់ប៉ា​ទាំងអស់​តែងតែ​ព្រួយបារម្ភ គិតគូរ​ពី​កូន​គ្រប់​ពេល​វេលា​មិន​ថា​កូន​តូច ឬ​ធំ​ឡើយ តែ​សម្រាប់​កូន​នៅ​តូច​ចិត្ត​ខ្វាយខ្វល់​ខ្លាំង​ជាង​កូន​ធំ ព្រោះ​វ័យ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ឡើយ។ ជាពិសេស​ពេល​កូន​ចូល​រៀន តែង​មាន​កូន​ចិត្ត​ខ្លាច​មិត្ត​រួម​ថ្នាក់​វាយ​ធ្វើបាប​កូន។ ដូចនេះ​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​បង្រៀន​កូន ៦ ក្បាច់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ធ្វើបាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- បង្រៀន​កូន​ឲ្យ​ចេះ​ស្រុះស្រួល​ជាមួយ​មិត្ត​រួម​ថ្នាក់

រឿង​ដំបូង​ពេល​ចូលរៀន ​គឺ​ត្រូវ​បង្រៀន​កូនឲ្យ​ចេះ​ស្រលាញ់​មិត្ត​រួម​ថ្នាក់ និង​មាន​ចំណី​អាហារ ឬ​របស់​លេង​ចេះ​ចែករំលែក​គ្នា។ នៅ​ពេល​ក្មេង​មាន​អ្វី​ចែក​ទៅ​​ដល់​ក្មេង​ដទៃ​ ក្មេង​ដទៃ​ពេល​មាន​អ្វី​ក៏​ចេះ​ចែក​រំលែក​មក​ឲ្យ​កូន​យើង​វិញ​ដែរ​។ ​កាលណា​តែ​ក្មេង​ស្រលាញ់​គ្នា ពួកគេ​គ្មាន​រឿង​​​​ដែល​​ត្រូវ​ទាស់ទែង ឬ​គុំកួន​គ្នា​ដែរ។ ក្មេង​ប្រៀប​ដូចជា​ក្រដាស​ស​ស្អាត ប្រសិនបើ​យើង​បង្រៀនយ៉ាង​ម៉េច​ គេ​ក៏​ធ្វើ​តាម​ទាំងអស់។

២- បង្រៀន​ឲ្យ​ចេះ​អភ័យ និងសុំ​ទោស

សម្រាប់​កូន​តូច​ៗ​ដែល​រៀន​នៅ​កម្រិត​ទាប​ៗ ពេល​ឈ្លោះ ឬ​វ៉ៃ​គ្នា​ជាមួយ​មិត្ត​ មិន​ថា​នៅ​សាលា​រៀន ឬ​អ្នក​ជិត​ផ្ទះ​ទេ ប្រាកដជា​មក​ប្រាប់​យើង​អាណាព្យាបាល​មិន​ខាន។ ក្រោយ​ស្ដាប់​កូន​រួច​ហើយ យើង​ត្រូវតែ​ដេញដោល​ថា មូលហេតុ​អ្វី​បាន​កូន​វ៉ៃ​គ្នា ទោះ​ដឹង​ថា​កូន​យើង​មិន​បាន​ខុស​ក៏​ដោយ ក៏​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​អធ្យាស្រ័យ​ដល់​មិត្ត ព្រោះ​ថា​បើ​ខឹង​គ្នា កូន​ៗ​នឹង​បាត់បង់​មិត្ត​ គ្មាន​រណាលេងជាមួយជាក់ជា​មិន​ខាន។ បន្ទាប់ពី​នោះ យើង​ក៏​ត្រូវ​ឆ្លៀត​ពេល​ជួប​ជាមួយ​អាណាព្យាបាល​ម្ខាង​ទៀត ដើម្បី​ប្រាប់​គេ​ពី​រឿង​នេះ ហើយ​យើង​ជា​មនុស្ស​ធំ​ត្រូវ​នាំគ្នា​ផ្សះផ្សា​ចំណង​មិត្តភាព​ពួកគេ​ឡើង​វិញ។

៣- ប្រាប់​កូន​ពេល​មាន​បញ្ហា​រាយការណ៍​ទៅ​គ្រូ

ប្រសិនបើ​ក្មេង​ៗ​ឈ្លោះ​គ្នា​នៅ​ម៉ោង​បង្រៀន គ្រូ​ទទួល​បន្ទុក​ថ្នាក់​ប្រាកដជា​ដឹង តែ​បើ​គ្រូ​មិន​ដឹង​ ត្រូវ​ប្រាប់​កូន​ថា បើ​មាន​មិត្ត​រួម​ថ្នាក់​តែងតែ​ធ្វើ​បាប​ត្រូវ​រាយការណ៍​ទៅ​គ្រូ​ជា​បន្ទាន់។ នៅ​ពេល​គ្រូ​ដឹង​ថា មាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​កូន​យើង គាត់​ប្រាកដជា​ដាក់​ពិន័យ និង​រាយការណ៍​បន្ត​ទៅ​នាយក និង​អាណាព្យាបាល​ទាំង​សងខាង ដើម្បី​ឲ្យ​ដឹង​ថា​កូន​មាន​បញ្ហា​អ្វី​មួយ។ សម្រាប់​ភាគី​ខុស​គ្រូ​នឹង​សំណូមពរ​ឲ្យ​ម៉ាក់ប៉ា​ជួយ​ធ្វើ​ការ​អប់រំ​បន្ថែម និង​ហាត់​ពត់​លត់ដំ​អត្តចរិត​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ ប្រសិនបើ​ក្មេង​ទាំង​នោះ​នៅតែ​បន្ត​ធ្វើ​ទៀត ខាង​សាលា​នឹង​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​កូន​យើង។

៤- កុំ​ធ្វើ​បាប​អ្នក​ដទៃ

បើ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​វ៉ៃ ឬ​ឈ្លោះ​ទាស់ទែង​ជាមួយ យើង​ត្រូវ​បង្រៀន​កូន​កុំ​ឲ្យ​ទៅ​ធ្វើ​បាប និង​រំខាន​អ្នក​ដទៃ​មុន។ ពេល​ខ្លះ​អាច​មក​ពី​កូន​យើង​ទៅ​ធ្វើ​បាប​កូន​គេ​មុន ទើប​មាន​ការ​គុំកួន​រហូត​ដល់​គេ​វាយ និង​តាម​ធ្វើ​បាប​រហូត។ មិន​ត្រឹម​តែ​ទង្វើ​នោះ​ទេ សូម្បី​តែ​កាយវិការ​ក៏​មិន​គួរ​បញ្ចេញធ្វើឲ្យ​អ្នក​ដទៃ​ថ្នាំថ្នាក់​ចិត្ត​ដែរ នេះ​ជា​របៀប​សន្សំ​សុខ​ឲ្យ​កូន​របស់​យើង។

៥- ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ

ត្រូវ​ប្រាប់​កូន​ថា ប្រសិន​បើ​ឃើញ​មិត្ត​រួម​ថ្នាក់​ណា​ត្រូវ​គេ​ធ្វើ​បាប យើង​មិន​គួរ​នៅ​ស្ងៀម​ឡើយ​ត្រូវ​រត់​ទៅ​រក​ជំនួយ​ពី​គ្រូ ឬ​ពី​សន្តិសុខ​ដែល​មាន​សមត្ថភាព​អាច​សង្គ្រោះ​ពួកគេ​បាន។ បន្ថែម​ពី​លើ​នេះ យើង​ត្រូវ​ផ្ដល់​យោបល់​ថា ការ​ជួយ​អ្នក​ដទៃ​ពេល​មាន​បញ្ហា ថ្ងៃក្រោយ​ពេល​យើង​មាន​បញ្ហា​ក៏​នឹង​មាន​មនុស្ស​មក​ជួយ​បែប​នេះ​ដែរ។

៦- កុំ​ឲ្យ​កូន​ទៅ​កន្លែង​ស្ងាត់​ជាមួយ​អ្នក​ដទៃ

ដើម្បី​បញ្ច្រាស​ការ​ធ្វើ​បាប​ពី​សំណាក់​មនុស្ស​គ្រប់​វ័យ ត្រូវ​ប្រាប់​កូន​កុំឲ្យ​ទៅ​ណា​មក​ណា​ដោយ​គ្មាន​ម៉ាក់ប៉ា ឬ​គ្រូ​ទៅ​ជាមួយ ព្រោះ​ពេល​មាន​រឿង​អាច​មាន​មនុស្ស​ធំ​ជួយ​សម្របសម្រួល។ ជាពិសេស​កូន​ស្រី​ត្រូវ​ហាម​ដាច់ខាត ដោយសារ​ខ្លាច​មាន​ការ​បៀតបៀន និង​ធ្វើបាប​ផ្លូវ​ភេទ​ណា​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T