អង់គ្លេស៖ ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្នុងសប្ដាហ៍ទី២៤ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើគ្នា ២ទល់នឹង២ ជាមួយកាំភ្លើងធំ Arsenal។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង ៤ម៉ឹននាក់នៅកីឡដ្ឋាន Stamford Bridge ក្រុមរបស់លោក Frank Lampard ជាអ្នកបើកការនាំមុខមុនដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែបម្រើ Jorginho នៅនាទីទី២៨ បន្ទាប់ពីខ្សែការពាររបស់ Arsenal កីឡាករ David Luiz បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ និងទទួលបានកាតក្រហមបណ្ដេញចេញពីការប្រកួត។ ចប់វគ្គទី១ ៤៥នាទី បញ្ចប់ទៅដោយ Chelsea នាំមុខមុន ១-០។

ការប្រកួតអូសបន្លាយចូលដល់វគ្គទី២ នាទីទី៦៣ Arsenal បានវាយបកតាមស្មើវិញដោយការអូសបាល់ពីមុខទីខ្លួនឯងមកស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Gabirel Martinelli។ តាមស្មើមិនបានប៉ុន្មាន Chelsea បានបើកការនាំមុខម្ដងទៀតដោយគ្រាប់បាល់របស់ខ្សែការពារ Azpillicueta នៅនាទី៨៤។ យ៉ាងណាមិញ តោខៀវរំភើបបានត្រឹមតែ៣នាទី Arsenal បានបន្តតាមស្មើម្ដងទៀតដោយការស៊ុតជើងឆ្វេងកោងផុតចូលទីយ៉ាងល្អរបស់ Bellerin នៅនាទី៨៧។


អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះគឺ Arsenal មានឱកាសស៊ុតតែ២លើកប៉ុណ្ណោះ ចំគោលដៅទាំង២លើក និងសម្រេចទីបានទាំង២គ្រាប់តែម្ដង ខណៈ Chelsea មានឱកាសស៊ុត ១៥ដង ចំគោលដៅ៩លើក និងខុសគោលដៅ៦លើក។
ក្រោយចែកគ្នាម្នាក់មួយពិន្ទុ Chelsea បន្តឈរនៅចំណាត់ថ្នាកលេខ៤ដដែល ដោយមាន៤០ពិន្ទុ ចំណែកឯក្រុមរបស់លោក MIkel Arteta ឈរនៅចំណាត់ថ្នាក់លេខ១០ មានត្រឹមតែ ៣០ពិន្ទុ៕

ចង់ឃើញការប្រកួតរវាង Chelsea និង Arsenal យប់មិញ គ្រាប់បាល់ល្អៗយ៉ាងណានោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖