មកស្គាល់​ប្រ​ភេទខ្លាញ់មាន​ក្នុង​អាហារទាំងនេះ ល្អ​សម្រាប់​សុខភាព​!

//s5.kh1.co/1d/1dd576817d9afb885a2b72bebf20164688c9d561.jpg
នារី

 ២១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្លាញ់​មិន​ល្អ គឺ​អាច​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ខ្លាញ់​ល្អ គឺ​ជា​ខ្លាញ់​ដែល​ខ្លួន​អ្នក​ចាំ​បាច់​ត្រូវ​ការ។

គ្នា​យើង​​ប្រហែលជាធ្លាប់​គិត​ថា​ខ្លាញ់​ទាំង​អស់ គឺ​សុទ្ធ​តែ​មិន​ល្អ​ដល់​សុខ​ភាព ខ្លាញ់​ទាំង​អស់​នោះ​នឹង​ធ្វើ​ឲ្យ​យើង​​ធាត់ ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​ជាមួយ​ជំងឺ​បេះ​ដូង។ យើង​​ប្រហែល​ជា​ចង់​កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ទាំង​អស់​នោះ​តាម​ដែលយើង​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ខ្លាញ់​គឺ​មាន​ប្រភេទ​ខ្លាញ់​ល្អ និង​ខ្លាញ់​មិន​ល្អ។ ខ្លាញ់​មិន​ល្អ គឺ​អាច​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ខ្លាញ់​ល្អ គឺ​ជា​ខ្លាញ់​ដែល​ខ្លួន​អ្នក​ចាំ​បាច់​ត្រូវ​ការ។ ដើម្បី​ញ៉ាំ​ខ្លាញ់​ឲ្យ​បាន​ត្រឹម​ត្រូវ តោះ​មក​ស្ដាប់​ការ​ណែ​នាំ​រ​បស់ Hello គ្រូពេទ្យ ទាំង​អស់​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ខ្លាញ់ Monounsaturated

ខ្លាញ់​មិន​ឆ្អែត គឺ​ជា​ប្រភេទ​ខ្លាញ់​រាវ​ស្ថិត​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​គ្រប់​គ្រាន់។ នៅ​ពេល​អ្នក​ប្ដូរ​ពី​ការ​ទទួល​ទាន​ខ្លាញ់​ឆ្អែត មក​ប្រើ​ខ្លាញ់​មិន​ឆ្អែត​វិញ នោះ​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ជួយ​កាត់​បន្ថយ​ពី​ការ​កើត​ជំងឺ​បេះ​ដូង​បាន​ថែម​ទៀត​ផង។ ខ្លាញ់​មិន​ឆ្អែត​អាច​ឃើញ​មាន​នៅ​ក្នុង​ត្រី គ្រាប់​សណ្ដែក គ្រាប់​រុក្ខជាតិ និង​បន្លែ។

ខ្លាញ់ Monounsaturated គឺ​មាន​ចំណង​កាបូន​ចំនួន​មួយ​នៅ​ក្នុង​ម៉ូលេគុល​រ​បស់​វា។ ចំណង​មួយ​នេះ​នឹង​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្លាញ់​កក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា។ ប៉ុន្តែ​នៅ​ពេល​វា​ត្រជាក់​ វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​កក​រឹង។ អាហារ​​សម្បូរ​​ដោយ​ខ្លាញ់ Monounsaturated មាន​ដូច​ជា​​ប្រេង​អូលីវ ប្រេង​រុក្ខជាតិ ប្រេង​សណ្ដែក ផ្លែ​ប៊័រ ប្រេង​ផ្កា​ឈូក​រ័ត្ន ប្រេង​ល្ង គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែ​ឈើ (គ្រាប់​ល្ពៅ និង​គ្រាប់​ល្ង​ជា​ដើម)។

ខ្លាញ់ Monounsaturated គឺ​ល្អ​សម្រាប់​សុខភាព​របស់​យើង​ ប្រសិន​បើ​អ្នកទទួល​ទាន​វា​ក្នុង​កម្រិត​ល្មម។ វា​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល LDL (ជា​កូឡេស្តេរ៉ុល​មិន​ល្អ) ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះ​ដូង ដោយសារ​វា​ការ​ពារ​មិន​ឲ្យ​កើត​មាន​ដុំ​កក​ក្នុង​សរសៃ​ឈាម ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម។ ខ្លាញ់ Monounsaturated ក៏​អាច​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ថែម​ទៀត​ផង។

២- ខ្លាញ់ Polyunsaturated

ខ្លាញ់ Polyunsaturated គឺ​ជា​ខ្លាញ់​ល្អ​យើង​ហូប​ក្នុង​អាហារ ហើយ​វា​មាន​ផ្ទុក​ចំណង​កាបូន​ច្រើន​ជាង​ខ្លាញ់ unsaturated។ ខ្លាញ់ Polyunsaturated គឺ​ជា​ខ្លាញ់​រាវ ពេល​ទុក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​គ្រប់​គ្រាន់។ ខ្លួន​របស់​យើង​ត្រូវ​ការ​ខ្លាញ់​ប្រភេទ​នេះ ប៉ុន្តែ​យើង​មិន​អាច​ផលិត​វា​បាន​ឡើយ។ ដូច​នេះ​យើង​អាច​នាំ​ចូល​វា​បាន​តាម​រយៈ​អាហារ​ដែល​យើង​ញ៉ាំ​ចូល។

ខ្លាញ់ Polyunsaturated គឺ​ត្រូវ​ការ​សម្រាប់​សំបក​កោសិកា និង​ស្រទាប់​សរសៃ​ប្រសាទ​សម្រាប់​លូត​លាស់ សម្រាប់​ចលនា​សាច់​ដុំ និង​កំណក​ឈាម។ ខ្លាញ់Polyunsaturated មាន​ពីរ​ប្រភេទ គឺអាស៊ីត​​ខ្លាញ់​អូម៉េហ្កា៣ និង​អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៦។ អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៣ ឃើញ​មាន​នៅ​ក្នុង​ត្រី​សមុទ្រ ត្រី​សាល់ម៉ុន ត្រី​សាឌីន ប្រេង​សណ្ដែក ប្រេងផ្កា Canola គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្កា Flax។

អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៣ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ទ្រី​គ្លីសេរីដ បង្កើន​កូលេស្តេរ៉ូល HDL (កូលេស្តេរ៉ូល​ល្អ) និង​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​មិន​ទៀង។ លើស​ពី​នេះ​ថែម​ទៀត​អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៣ ក៏​អាច​ការ​ពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះ​ដូង។ អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៣ ក៏​អាច​ដើរ​តួ​ជា​អ្នក​ប្រឆាំង​ជា​មួយ​ការ​រលាក​បាន​ផង​ដែរ។
គេ​ឃើញ​អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៦​មា​ន​នៅ​ក្នុង​ប្រេង​ពោត ប្រេង​ផ្កា​ សណ្ដែក​ដី ផ្កា​ឈូក​រ័ត្ន និង​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ។ អាស៊ីត​ខ្លាញ់​អូម៉េហ្កា​៦ អាច​ជួយ​ការ​ពារយើង​​ពី​ជំងឺ​បេះ​ដូង គ្រប់​គ្រង​ជាតិ​ស្ករ បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ខ្លាញ់​ផ្ដល់​ថាម​ពល​ដល់​ខ្លួន​របស់​អ្នក ជួយ​ឲ្យ​ខ្លួន​អ្នក​ស្រូប​វីតាមីន​បាន​កាន់​តែ​ច្រើន គ្រប់​គ្រង​ការ​លូត​លាស់​រាង​កាយ និង​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ។ ប៉ុន្តែ​សម្រាប់​ពពួក​ខ្លាញ់​មិន​ល្អ​វិញ វា​នឹង​ធ្វើ​ឲ្យ​យើង​​ធាត់​លើស​គីឡូ លើស​សម្ពាធ​ឈាម ឬ​កើត​ជំងឺ​បេះ​ដូង។ ដើម្បី​រស់​នៅ​មាន​សុខភាព​ល្អ យើង​​ត្រូវ​កាត់​បន្ថយ​ខ្លាញ់សប្បនិម្មិត និង​ពពួក​ខ្លាញ់​ឆ្អែត ហើយ​ទទួល​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត​ជំនួស​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T