អ៉ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែត Sky Sport Italia បានឲ្យដឹងថាក្លិប Inter Milan បានបើកកិច្ចពិភាក្សាជាផ្លូវការជាមួយក្លិបតោខៀវ Chelsea ចរចាដាក់សំណើសុំខ្ចីជើងយកខ្សែការពារស្លាបកីឡាករ Victor Moses។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពខាងលើបាបន្ថែមទៀតថា ការទាក់ទងគ្នាជាផ្លូវការរវាងក្លិបទាំងពីរ បានធ្វើឡើងកាលពីរយៈពេលប៉ុន្មានម៉ោងមុននេះ ខណៈ Chelsea បានជូនដំណឹងប្រាប់ក្រុម Inter ថាពួកគេយល់ព្រមទទួលការចរចា ជុំវិញរឿងផ្ទេរកីឡាករ Moses ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ ជាមួយនឹងជម្រើសទិញផ្ដាច់។
Moses បច្ចុប្បន្នកំពុងលេងឲ្យក្លិប Fernabache ដែលជាក្លិបនៅលីគកំពូលប្រទេសតួកគីក្នុងលក្ខខណ្ឌខ្ចីជើង។បើយោងតាមរបាយការណ៍បានឲ្យដឹងថាក្លិបនៅក្របខណ្ឌ SüperLig មួយនេះ នឹងមិនរារាំងខ្សែការពារសញ្ជាតិនីហ្សេរីយ៉ាផ្ទេរទៅកាន់ក្លិបអ៉ីតាលីនោះទេ។

Moses និងអ្នកចាត់ការទូទៅក្រុម Inter លោក Antonio Conte ធ្លាប់ធ្វើការជាមួយគ្នាម្ដងរួចទៅហើយកំឡុងពេលដែល គ្រូបង្វឹករូបនេះទទួលបន្ទុកដឹកនាំក្រុម Chelsea ក្នុងឆ្នាំ២០១៦។

យ៉ាងណា ខ្សែការពារស្លាបវ័យ ២៩ឆ្នាំត្រូវបានគេមើលឃើញថា អាចមានភាគរយខ្ពស់ក្នុងការទៅចូលរួមជាមួយអតីតគ្រូបង្វឹកលោក Conte ក្រោមមូលហេតុមិនសូវមានឱកាសបានបង្ហាញខ្លួនឲ្យក្រុម Fenerbache ជាក់ស្ដែងក្នុងរដូវកាលនេះ រូបគេចូលលេងទើបបាន៦ប្រកួតប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ក្នុងថ្ងៃនេះក្រុម Inter Milan ទើបទិញបានកីឡាករ Premier League ១រូបទៅចូលរួមក្រុម ដោយពួកគេបានសម្រចកិច្ចព្រមព្រៀងទិញយកខ្សែការពារស្លាបវ័យ៣៤ឆ្នាំរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Ashley Young ក្នុងតម្លៃ ១,៥លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៦ខែ៕
ប្រភព៖ allfootballapp