អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បាននិយាយថាក្លិបរបស់លោកគឺខុសគ្នាជាមួយ Liverpool និង Manchester City។ លោក Jose Mourinho បានប្រាប់ថាលោកមិនបានច្រណែនចំពោះកីឡាកររបស់ Liverpool និង Manchester City នោះឡើយ ព្រោះ Spurs គឺជាការងារផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្ន Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែព្យាយាមប្រជែងពាន Premier League ជាថ្មី ខណៈ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp កំពុងតែឈរនៅកំពូលតារាង ដោយដាច់ពីក្រុមលេខ២ ចំនួន ១៤ពិន្ទុ និងចំណេញមួយប្រកួតនៅក្នុងដៃ។
ងាកមកមើល Spurs ដែលស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho តាំងពីខែវិច្ឆិកាមក គិតត្រឹមសប្ដាហ៍ទី២២នេះ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ៨។ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានឲ្យដឹងថាក្រុមរបស់លោកមិនអាចទៅប្រៀបធៀបជាមួយ Liverpool និង Man City នោះទេ។
“ពួកយើងមិនអាចមានកីឡាករដូចក្រុមដទៃនោះទេ។ ខ្ញុំបានមើលការប្រកួតរបស់ Man City ទល់នឹង Aston Villa ហើយខ្ញុំបានមើលពីកីឡាករសំខាន់ៗរបស់ពួកគេដូចជា Sterling, Bernardo Silva, Gundogan និង Otamendi។ Liverpool ក៏ដូចគ្នា ក្រុមរបស់គេសុទ្ធតែមានកីឡាករឆ្នើមៗ។”

អ្នកចាត់ការទូទៅរហស្សនាម Special One បានបន្តទៀតថា៖
“ខ្ញុំមិនច្រណែននោះទេ ខ្ញុំមានការងារដ៏អស្ចារ្យរបស់ខ្ញុំ ហើយពួកគេមានការងាររបស់ពួកគេផ្សេង៕”
ប្រភព៖ FoxSportsAsia